ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេះដូង​នៃ​ក្តីស្រឡាញ់ និងចែក​រំលែក​ ផុស​ឡើង ​​ប្រឆាំង​​កូវីដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ​១៩ ក្នុងឆ្នាំកន្លងមក សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ប្រាក់បៀវត្សទាំងអស់ ក្រោយការបង់ពន្ធលើបៀវត្ស​ជូនរដ្ឋ រយៈពេល…

ភ្នំពេញ៖ ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ​១៩ ក្នុងឆ្នាំកន្លងមក សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ប្រាក់បៀវត្សទាំងអស់ ក្រោយការបង់ពន្ធលើបៀវត្ស​ជូនរដ្ឋ រយៈពេល ៧ខែ ជូនទៅក្រសួងសុខាភិបាល។ នោះគឺ​បៀវត្សរបស់សម្តេចតេជោ ហ៊ុន សែន ១០លានរៀល/ខែ ត្រូវបង់ពន្ធ ៩១០.០០០រៀល/ខែ និងប្រគល់ជូនក្រសួងសុខាភិបាល ៩.០៩០០.០០០រៀល​/ខែ ​សរុប ៧​ខែ ចំនួន​ ៦៣.៦៣៩.០០០ ​រៀល។

នៅ​ថ្ងៃ​ទី​២៦ ​ខែមករា​នេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា អាស្រ័យ ដោយ​កូវីដ១៩ បាន និងកំពុងកើតមានបន្តនៅទូទាំងពិភពលោក រាប់ទាំងកម្ពុជាយើងផង សម្តេច ​សូមប្រកាសបន្តកាត់បៀវត្សទាំងអស់ ក្រោយការបង់ពន្ធរយៈពេល ៧ខែទៀត ជូនទៅក្រសួង សុខាភិបាលដោយចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដល់​ខែសីហា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន ​ឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណចំពោះ​សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងស្ថាបន័ស៊ីវិល និងកម្លាំងប្រដាប់​អាវុធគ្រប់​ប្រភេទ ដែលបាន បរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែង តាមការស្ម័គ្រចិត្ត ជួយដល់ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបង្ហាញឱ្យ​ឃើញនូវសាមគ្គីភាព ក្នុងខឿន​ការពារសុខភាពរបស់ប្រជាជនយើង។​

​គេនៅចាំបានថា ​កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ២០២០​ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ស្ម័គ្រចិត្ត បរិច្ចាគ​ប្រាក់ខែ​របស់​សម្តេច ចំនួន ៧​ខែ គិត​ចាប់ពី​ខែមីនា ឆ្នាំ២០២០​ ដើម្បី​ចូលរួម​ជា​វិភាគទាន សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។ ប្រាក់ខែ​នាយករដ្ឋមន្ត្រី មាន​ចំនួន ១០​លាន​រៀល ក្នុង ១​ខែ ខណៈដែល​រដ្ឋមន្ត្រី ទទួលបាន​ប្រាក់ខែ ៥​លាន​រៀល ក្នុង ១​ខែ​​។​

​ជា​បន្តបន្ទាប់ កាលណោះ  ចលនា​សាមគ្គីភាព ក្នុងខឿនការពារសុខភាពរបស់ប្រជាជន បាន កើតឡើង ដោយ​មាន​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋ លេខាធិការ និង​​មន្ត្រី​នានា នៅ​​​តាម​ក្រសួង​​ស្ថាប័នរដ្ឋ ព្រមទាំង​អភិបាល អភិបាល​រង រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ ប្រធានរដ្ឋសភា តំណាងរាស្ត្រ​ ​ជាដើម បានប្រកាស​បរិច្ចាគ​ប្រាក់ខែ ដើម្បី​​ចូលរួម​ប្រើប្រាស់​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។​

នៅពេលនេះទៀត ក្នុងរលកថ្មី​ ​នៃ​​ចលនា​សាមគ្គីភាព ក្នុងខឿនការពារសុខភាពរបស់ ប្រជាជនកម្ពុជាយើង ក៏បានកើតឡើងម្តងទៀត​ គឺ​បន្ទាប់ពី​សម្តេចតេជោ ហ៊ុន សែន បានប្រកាស​​​បន្តកាត់បៀវត្សទាំងអស់ ក្រោយការបង់ពន្ធរយៈពេល ៧ខែទៀត ជូនទៅ ក្រសួងសុខាភិបាល ដោយចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដល់​ខែសីហា ឆ្នាំ២០២១ ដើម្បី​ចូល​រួ​មប្រើប្រាស់​ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏មានឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងរាស្ត្រ​ និងមន្ត្រីរាជការ​ជាបន្ត​បន្ទាប់ បានប្រកាស ពីការបរិច្ចាគប្រាក់ខែ​ ជូនក្រសួងសុខាភិបាល ជាហូរហែ។​

ដើម្បីចូលរួមវិភាគទាន​ ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ គឺកាលពី​ថ្ងៃទី​១៩ ​មីនា ឆ្នាំ២០២០ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្តេចម៉ែ សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ បាន​ព្រះរាជទាន ព្រះរាជ​ទ្រព្យ​​ សរុប​ចំនួន ៣០​ម៉ឺន​ដុល្លារ​អាមេរិក ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​រ៉ូ​ណា ឬ​កូ​វីដ​១៩​។

ចលនា​សាមគ្គីភាព ក្នុងខឿនការពារសុខភាពរបស់ប្រជាជន បានកើតឡើង​ជា​បន្ត​បន្ទាប់ ដោយ​មាន​​សប្បុរសជន បាន​ចូលរួម​វិភាគទាន​​រាប់ម៉ឺន​សែន និងចូលដល់ខ្ទង់​លាន​​​ដុល្លារ​អាមេរិក ជូន​រាជរដ្ឋាភិបាល សម្រាប់​ចូលរួម​ទប់ស្កាត់​ការ​រាលដាល​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​។ ជា​សរុប កាលណោះ រាជរដ្ឋាភិបាល ទទួលបាន​ថវិកា​ជំនួយ​ពី​សប្បុរសជន​ប្រមាណ ២០​លាន​ដុល្លារ ដោយ​មិន​ទាន់​គិតពី​ការបរិច្ចាគ​ប្រាក់ខែ​របស់​មន្ត្រីរាជកា​រ​ជាច្រើន​ផ្សេងទៀត​ទេ​។​

កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ពីគម្រោង​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ចាក់​ជូន​ប្រជាជន​កម្ពុជា​ ដោយ​ឥតគិតថ្លៃ​​ ឱ្យបានយ៉ាងហោចណាស់ ១០​លាន​នាក់ ដែល​ត្រូវការ​វ៉ាក់សាំង ​រហូត ២០​លាន​ដូ​ស ( ម្នាក់ ចាក់ ២ដូស​ )​។ តែ​តម្រូវការ​ចំពោះមុខ នា​ដំណាក់កាល​ទីមួយ​នេះ កម្ពុជា​នឹង​ទិញ​វ៉ា​ក់សាង ចំនួន ១​លាន​ដូ​ស សម្រាប់​ចាក់​ជូន​ប្រជាជន ៥០​ម៉ឺន​នាក់ ដែល​កំពុង​បំពេញការងារ​នៅ​កន្លែង ដែល​មាន​​ហានិភ័យ និង​កំពុងមាន​ហានិភ័យ ដែល​អាទិភាព ផ្តល់ជូន​គ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ នគរបាល​យុត្តិធម៌​គ្រប់​ប្រភេទ រហូតដល់​កម្មករ​បោស​សំរាម​សំអាត​ទីក្រុង​ទីប្រជុំជន​។​ល​។ ដែល​ត្រូវ​ទទួលបាន​នៅ​ដំណាក់កាល​ទីមួយ​នេះ​។​

​ចាប់តាំងពី​យប់​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ២០២០ សប្បុរសជន រួមមាន ឧកញ៉ា ប្រជាពលរដ្ឋ មន្ត្រីរាជការ អ្នកតំណាងរាស្ត្រ ជាដើម បាន​ចូលរួម​បរិច្ចាគ​ថវិកា​តាមតិច តាមច្រើន​ជា​បន្តបន្ទាប់​។ ព្រះកុរណា ព្រះមហាក្សត្រ និងសម្តេចម៉ែ ក៏បានចូលរួម​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​ រហូតដល់ ១លានដុល្លារ ជូនរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំង​កូវីដ១៩​។ លើកនេះ រាជរដ្ឋាភិបាល ទទួលបានជាង ៥៧លានដុល្លារអាមេរិ។

ចលនា​ផុសផុល​របស់​មហាជន​នេះ ត្រូវបាន​សម្តេច​តេ​ជោ ចាត់ទុកថា ជា​ខឿន​ការពារ​សុខភាព​ប្រជាជន​កម្ពុជា បន្ទាប់ពី​ចលនា​ចូលរួម​ដូចគ្នា បានកើត​ឡើងជា​ខឿន​ការពារ​ជាតិ កាលពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១១ ក្នុងពេល​កម្ពុជា មាន​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​។​

នៅពេលនេះទៀត ក្នុងនាមជាអ្នកដឹកនាំ​ ជាគំរូ សម្តេចតេជោ ហ៊ុន សែន បានប្រកាស​បន្តកាត់បៀវត្សទាំងអស់ ជូនក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់​ក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំង​នឹងកូវីដ​១៩​។ កូវីដ១៩ ដែល​បន្តអូសបន្លាយ​ មិនទាន់ដឹង​ទីបញ្ចប់​ បើទោះបីជា​ ដំណឹងនៃការ​មកដល់​វ៉ាក់សាំងរបស់ចិន ក្នុងជំហ៊ានដំបូង ៣០ម៉ឺនដូស នឹងមកដល់​ភ្នំពេញ នៅដើមខែកុម្ភៈខាងមុខនេះក៏ដោយ​។

សម្រាប់ការចំណាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល នៅពេលនេះ គឺ​ការពិនិត្យ​សុខភាព និងការធ្វើតេស្តអ្នកដំណើរ ចូលមកកម្ពុជាតាមយន្តហោះ និងតាម​ផ្លូវ​គោក នៅព្រំដែន​ថៃ​ ព្រមទាំង​ការធ្វើចត្តាឡីស័ក។ ក្រៅពីនោះ ក៏មានការចំណាយ​លើការផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​អ្នកធ្វើចត្តាឡីស័ក ដែលមានជីវភាពក្រីក្រ។

ការពិនិត្យព្យាបាល​អ្នកជំងឺកូវីដ១៩ ក៏ជា​បន្ទុក​របស់រាជរដ្ឋាភិបាល តាមរយៈក្រសួង សុខាភិបាល​ បន្ថែមលើ​ការចំណាយលើឧបករណ៍សម្ភារៈ​ និងបរិក្ខារពេទ្យ​ ក្នុងការ​ពិនិត្យ និងព្យាបាល​អ្នកជំងឺកូវីដ។ ក្រៅពីនេះ ក៏នៅមាន​ការចំណាយ​លើ​ប្រាក់ឧបត្ថម្ភ​ក្រុមគ្រូពេទ្យ​ជួរមុខ និងកងកម្លាំង​ការពារ​ដទៃទៀត​។

យ៉ាងណាក៏ដោយ រាល់ការចំណាយទាំងអស់ ដែល​រាជរដ្ឋាភិបាល បានផ្តល់​ការគ្រប់​គ្រង​​ដោយផ្ទាល់ដល់​គណៈកម្មការ​ ដឹកនាំដោយ​រដ្ឋមន្ត្រីក្រសួងសុខាភិបាល គួរតែ​ជាការចំណាយ​ចំគោលដៅ និងដោយតម្លាភាព​ ត្រឹមត្រូវ​ ព្រោះថា ថវិកាជំនួយ​​​រាប់លានដុល្លារកន្លងមក ជាប្រាក់ឧបត្ថម្ភពីសប្បុរសជន ប្រជាពលរដ្ឋ រួមទាំង​​ជា​​ប្រាក់ខែ​របស់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ​ អនុរដ្ឋលេខា​ធិការ តំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា និងមន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ជាដើម​។​

ដូច្នេះ​ដើម្បី​ឲ្យ​ការបរិច្ចាគធនធាន ជាលុយសុទ្ធ និងជាប្រាក់ខែ ​ទាំងពេលមុន និង​បន្ត​ដល់ពេលនេះ ​​បង្កើត​បាន​ជាចលនា​​សាមគ្គីភាព ក្នុងខឿនការពារសុខភាពរបស់ ប្រជាជន​​កម្ពុជា​​ គួរតែ​បន្ត​ស្ថិតនៅក្នុងស្មារតី​ប្រជាជាតិ​ខ្មែរយើង ចាប់តាំងពីប្រជាជន រហូតដល់​ថ្នាក់ដឹកនាំ។ តែសំខាន់ជាងនេះទៀត ការប្រើប្រាស់ធនធានទាំងនោះ ក៏គួរតែ​ចំគោលដៅ និងដោយតម្លាភាព ​​ដើម្បី​ឲ្យស័ក្តិសម​នឹង​ការខិតខំប្រឹងប្រែង​គៀងគរ​ជំនួយ​របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ៕ ដោយ៖ មុត ស្រីពៅ