ដាំដើមធ្នង់ ៧៥ដើម លំអរ​សួនរង្វង់មូលទូកមា​ស តំបន់​អភិវឌ្ឍន៍ថ្មី ទឹកដីខេត្ត​កំពង់ឆ្នាំង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ដាំដើមធ្នង់ ៧៥ដើម លំអរ​សួនរង្វង់មូលទូកមា​ស តំបន់​អភិវឌ្ឍន៍ថ្មី ទឹកដីខេត្ត​កំពង់ឆ្នាំង

1 ខែ មុន
  • Kampong Chhnang

ខេត្តកំពង់ឆ្នាំង៖ ដើមធ្នង់ ដែលជាប្រភេទឈើប្រណិត ចំនួន ៧៥ដើម ត្រូវបាន​មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង៖ ដើមធ្នង់ ដែលជាប្រភេទឈើប្រណិត ចំនួន ៧៥ដើម ត្រូវបាន​មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង យកទៅ​ដាំ​ ដើម្បីលំអរសួនច្បាររង្វង់មូលទូកមាស ដែល​ជាតំបន់អភិវឌ្ឍន៍ថ្មី របស់សាលាក្រុងកំពង់ឆ្នាំង​។

ការដាំកូនឈើប្រភេទធ្នង់នេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលទូកមាស​ ស្ថិតក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង​។

នៅក្នុងឱកាសនោះ​ លោក ជុំ យ៉ន ជាប្រជាពលរដ្ឋ រស់នៅភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដែលបានមកចូលរួម​ដាំដើមឈើនេះ​ បានលើកឡើងថា​ ចាប់តាំង​ពីលោក ឈួរ ច័ន្ទឌឿន ឡើងកាន់តំណែងជាអភិបាលខេត្តកំពង់ឆ្នាំង គឺមានការកសាង រីកចំរើនច្រើន ណាស់ ពិសេសក្នុងសង្កាត់ខ្សាមនេះ ដូចជា មានការកសាងផ្លូវបេតុង ផ្លូវកៅស៊ូ ផ្លូវគ្រួស​ក្រហម តំបន់អភិវឌ្ឍន៍ថ្មី ភូមិចុងកោះ និងការកសាង​សួនថ្មីរង្វង់មូលទូក​នេះជាដើម​។

លោក សង្ឃឹមថា​ ក្រោយពីមានការកសាង និងអភិវឌ្ឃន៍តំបន់ថ្មី និងរង្វង់មូលទូកមាស ដែលពុំធ្លាប់មានពីមុនមកនេះរួច តំបន់នេះ នឹងប្រែ​ក្លាយជាតំបន់ទេសចរណ៍ ទាក់ទាញភ្ញៀវមកលេងកំសាន្តយ៉ាងច្រើនកុះករ ដូចសួនច្បារ​សម្តេចចៅហ្វាវាំង គង់ សំអុល ដែលកំពុងមានប្រជាប្រិយភាព មានភ្ញៀវទៅលេងកំសាន្ត មានអ្នកហាត់ប្រាណ និងមានអាជីវក​រលក់ដូរ ពេលល្ងាច និងយប់ជាពុំខានឡើយ។

ក្នុងនាម​ជាប្រជាពលរដ្ឋម្នាក់ លោក ជុំ យ៉ន ​រីករាយ និងសូមចូលរួមអប​អរសាទរ ចំពោះសមិទ្ធផលនានា ដែលអាជ្ញាធរខេត្ត បានកសាង​។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា​ ដើមឈើ​ប្រភេទធ្នង់ ចំនួន ៧៥ដើម ដែលមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ យកទៅដាំនៅវង្វង់មូលទូកថ្មីនេះ គឺជាការឧបត្ថម​របស់មន្ទីរ ដែលបានចំណាយថវិកា​ទិញពីឯកជន យកមកដាំ ដើម្បី​ជួយអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ឱ្យកាន់តែមាន​សោភ័ណ្ឌភាព និងជាប្រយោជន៍​សម្រាប់ប្រជាពលរដ្ឋទូ​ទៅផងដែរ​។

គួរបញ្ជាក់ថា​ រង្វង់មូលទូកមាស ដែលអាជ្ញាធរខេត្ត កំពុងសាងសង់ មកកដល់ពេលនេះ បានរួចរាល់ជាង ៩០%ហើយ​។ រង្វង់មូលទូកមាសនេះ ក៏ជាយុទ្ធ​សាស្ត្រ​សម្រួលចរាចរណ៍ផងដែរ ព្រោះបានប្រសប់ផ្លូវចំនួន ៦ខ្សែ​ ​ហើយនឹងក្លាយជាតំបន់ទេសចរណ៍ ​សម្រាប់​អ្នកស្រុកអ្នកភូមិ​នៅតំបន់នោះ​ផងដែរ​។

ជាងនេះទៀត រង្វង់មូលទូកមាសនេះ បានបង្ហាញពីសក្តានុពល ក្នុងខេត្តកំពង់ឆ្នាំង ដូចជានិមិត្តសញ្ញាទូក បង្ហាញពីការរស់នៅរបស់ប្រជាពលរដ្ឋភាគច្រើន ធ្វើដំណើរតាមផ្លូវទឹក, នៅលើទូកមានក្អម មានបន្លែ និងមានរូបត្រី ដែលបង្ហាញថា​ ប្រជាពលរដ្ឋ ខេត្តកំពង់ឆ្នាំងរស់អាស្រ័យផល លើផ្នែកកសិកម្ម ដាំបន្លែបង្ការ នេសាទ និងស្មូនឆ្នាំង ជាដើម​៕ ដោយ៖  ពៅ សុខហ៊ាន