ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ជាង​៧០​តូប​ក្នុង​ចំណោម​១៧០​តូប​តវ៉ា​ប្រឆាំង​ម្ចាស់​ផ្សារ​ប៉ា​ង​រលឹម​ថា​​បំពាន​លើ​កិច្ចសន្យា​ថ្លៃ​ជួល​តូប

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បញ្ហា​ចម្រូងចម្រាស់​បាន​កើតឡើង​សារ​ជា​ថ្មី​ម្តងទៀត​រវាង​ក្រុម​អាជីវករ​​​​ចំនួន​ជាង​៧០​តូប​ក្នុង​ចំណោម​១៧០​តូប​បាន​នាំ​គ្នា​ប្រឆាំង​តវ៉ា​ប្រឆាំង​ជាមួយនឹង​ម្ចាស់​ផ្សារ​ប៉ា​ង​រលឹម​ម្នាក់ ខណៈ​ម្ចាស់​ផ្សារ​រូប​នេះ​បាន​បំពាន​ទៅ​លើ​កិច្ចសន្យា​ថ្លៃ​ជួល​តូប​កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ

ខេត្ត​ប៉ៃលិន ៖ បញ្ហា​ចម្រូងចម្រាស់​បាន​កើតឡើង​សារ​ជា​ថ្មី​ម្តងទៀត​រវាង​ក្រុម​អាជីវករ​​​​ចំនួន​ជាង​៧០​តូប​ក្នុង​ចំណោម​១៧០​តូប​បាន​នាំ​គ្នា​ប្រឆាំង​តវ៉ា​ប្រឆាំង​ជាមួយនឹង​ម្ចាស់​ផ្សារ​ប៉ា​ង​រលឹម​ម្នាក់ ខណៈ​ម្ចាស់​ផ្សារ​រូប​នេះ​បាន​បំពាន​ទៅ​លើ​កិច្ចសន្យា​ថ្លៃ​ជួល​តូប​កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ ដោយ​មិន​ទាន់​ផុតកំណត់​ផង ស្រាប់តែ​ដំឡើង​ថ្លៃ​តូប​ខ្ពស់កប់ពពក មិន​អាច​ទទួលយក​បាន ។ ហេតុការណ៍​ផ្ទុះ​ការ​ប្រឆាំង​តវ៉ា​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ ស្ថិត​នៅ​មុខ​បរិវេណ​ផ្សារ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។    

ប្រភព​ព័ត៌មាន​ពី​អាជីវករ​បានឱ្យ​ដឹង​ថា ម្ចាស់​ផ្សារ​ប៉ា​ង​រលឹម​ឈ្មោះ​លោកស្រី ឃុ​ត សុធា​វី ហៅ​ចែ​ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ពិតជា​បាន​បំពាន​ទៅ​លើ​កិច្ចសន្យាជួល​តូប​លក់ដូរ ដែល​អាជ្ញាធរ​សង្កាត់​អូរ​តា​វ៉ៅ​បាន​ដោះស្រាយ​រួចរាល់​អស់ហើយ​កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ​មែន ខណៈ​សម្របសម្រួល​សុំ​មិន​ឱ្យ​ម្ចាស់​ផ្សារ​រុះរើ​តូប ឬ​ដំឡើង​ថ្លៃ​តូប​រហូត​ដល់​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ ទើប​អាច​ពិភាក្សា​កែប្រែ​ច្បាប់​សារ​ជា​ថ្មី​ឡើ​ង​វិញ ពោល​គឺ​គ្រាន់តែ​ដំឡើង​ថ្លៃ​តូប​បន្តិចបន្តួច​ប៉ុណ្ណោះ បើ​ពី​មុន​ធ្លាប់​បង់​ឱ្យ​គាត់​(​ចែ​ស្រី​) ១​តូប​ក្នុង​១​ខែ៣​ម៉ឺន​៥​ពាន់​រៀល ក្រោយមក​បង់​៤​ម៉ឺន​រៀល បើ​ធ្លាប់​បង់​៤​ម៉ឺន​រៀល ត្រូវ​បង់​៤​ម៉ឺន​៥​ពាន់​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ទាន់​ផុត​កាលកំណត់​ផង ស្រាប់តែ​គាត់​ប្រែ​ក្រឡាស់ ដោយ​ទារ​ឱ្យ​អាជីវករ​ម្នាក់​ៗ​បង់ប្រាក់​ក្នុង​១​តូប​រយៈពេល​១​ឆ្នាំ​១​លាន​រៀល ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៥​នេះ​តទៅ ។ ដូច្នេះ​ពួក​គាត់​បាន​តវ៉ា និង​បាន​ធ្វើ​លិខិត​ឡើង​ទៅ​សាលាខេត្ត​រួចរាល់​អស់ហើយ ។ 

លោក ឡោ ធន ចៅសង្កាត់​រង​អូរ​តា​វ៉ៅ​បានឱ្យ​ដឹង​ថា កាលពីមុន លោក​បាន​ធ្វើការ​ដោះស្រាយ​វិវាទ​រវាង​អាជីវករ និង​ម្ចាស់​ផ្សារ​រួចរាល់​ហើយ ដោយ​មាន​២​ចំណុច​ដែល​ម្ចាស់​ផ្សារ​បាន​លើក​ឡើង​ដាក់​ឱ្យ​អាជីវករ​ជ្រើសរើស ទី​១-​ម្ចាស់​ផ្សារ​សុំ​ឱ្យ​អាជីវករ​បង់ថ្លៃ​តូប​ឱ្យ​គាត់​ក្នុង​រយៈពេល​៥​ឆ្នាំ តម្លៃ​១​ពាន់​ដុល្លារ ទី​២- សុំ​ឱ្យ​បង់ថ្លៃ​ជួល​តូប​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ​បន្តិច ដោយ​កុងត្រា​រយៈពេល​១​ឆ្នាំ​ម្តង​ៗ ។

លោក​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ធ្វើការ​សម្របសម្រួល​គ្នា​ជា​ច្រើន​ម៉ោង​រួច​មក អាជីវករ​បាន​ឯកភាព​គ្នា​ជាមួយ​ម្ចាស់​ផ្សារ គឺ​ពួក​គេ​ព្រម​ទទួលយក​ត្រង់​ចំណុច​ទី​២ ហើយ​ម្ចាស់​ផ្សារ​ក៏​បាន​សន្យា​ថា នឹង​មិន​រុះរើ​តូប​ចាស់​របស់​អាជីវករ​ឆាប់​ៗ​នោះ​ទេ ដោយ​ឱ្យ​លក់ដូរ​រហូត​ដល់​ចប់​កិច្ចសន្យា​នៅ​ឆ្នាំ​២០១៥​ខាង​មុខ​នេះ លុះ​បន្ទាប់​ពី​គាត់​សាងសង់​តូប​ថ្មី​នៅ​ខាង​មុខ និង​ខាងក្រោយ​រួចរាល់ គាត់​ត្រូវ​ឱ្យ​អាជីវករ​ទៅ​លក់​នៅ​ក្នុង​តូប​នោះ​បណ្តោះអាសន្ន​សិន ដើម្បី​រុះរើ​តូប​ចាស់​ធើ្វ​សារ​ជា​ថ្មី​តាម​លក្ខណៈ​ស្តង់ដារ ហើយ​គាត់​នឹង​ត្រូវ​ឱ្យ​ចូល​មក​លក់ដូរ​បន្ត​ដូច​មុន តែ​ត្រូវ​និយាយ​ថ្លៃ​គ្នា​បន្ត​ទៀត ។ 

លោក​បាន​បញ្ជាក់​ទៀត​ថា មិន​ទាន់​ផុត​កាលកំណត់​ផង ស្រាប់តែ​ម្ចាស់​ផ្សារ​ឱ្យ​អាជីវករ​បង់ប្រាក់​ថ្លៃ​ជួល​តូប​គិត​ចាប់ពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៥​នេះ ដោយ​ម្នាក់​ៗ​ត្រូវ​បង់​១​ឆ្នាំ​តម្លៃ​១​លាន​រៀល ទើប​អាជីវករ​មិន​សុខចិត្ត ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លង​ទៅ អាជីវករ​ចំនួន​៧៦​នាក់​ក្នុង​ចំណោម​១៧០​នាក់ ដែល​ប្រកប​អាជីវកម្ម​នៅ​ផ្សារ​ប៉ា​ង​រលឹម បាន​នាំ​គ្នា​ផ្តិត​មេដៃ​សុំ​ឱ្យ​អាជ្ញាធរ​ភូមិ និង​សង្កាត់​ជួយ​អន្តរាគមន៍ ដើម្បី​កុំឱ្យ​លោកស្រី ឃុ​ត សុធា​វី ហៅ​ចែ​ស្រី ជា​ម្ចាស់​ផ្សារ​ធ្វើការ​រុះរើ​តូប​ដែល​ជួល​ឱ្យ​ពួក​គាត់​ធ្វើ​សារ​ជា​ថ្មី​ឡើង​វិញ ព្រោះ​ពួ​កគាត់​ម្នាក់​ៗ​បាន​ចងការ​ប្រាក់​អង្គការ និង​ធនាគារ​អស់​ជា​ច្រើន​យក​មក​ធ្វើ​តូប​ដោយ​ខ្លួនឯង មិន​ទាន់​សង​ថ្លៃ​ជំពាក់​គេ​រួច​នៅឡើយ​ទេ ៕