អង់គ្លេស ៖ លោក Frank Lampard បានបង្ហោះសារមួយនៅប៉ុន្មានម៉ោងក្រោយត្រូវក្លិបតោខៀវ Chelsea បណ្តេញចេញពីតំណែងជាអ្នកចាត់ការទូទៅកាលពីម្សិលមិញ ដោយគាត់មានការខកចិត្តដែលគ្មានឱកាសដឹកនាំក្រុមនេះឆ្ពោះទៅមុខបន្តទៀត។
សូមរំលឹកថា Chelsea បានសម្រេចចែកផ្លូវជាមួយ Lampard ជាផ្លូវការ បន្ទាប់ពីអតីតខ្សែបម្រើឆ្នើមធ្លាប់ជួយឱ្យ Chelsea ឈ្នះពានរង្វាន់ជាច្រើនក្នុងនាមជាកីឡាករ ដឹកនាំបានរយៈពេល១៨ខែ នៅពេលទទួលបានសេចក្តីទុកចិត្តឱ្យឡើងជំនួសលោក Maurizio Sarri កាលពីខែកក្កដាកន្លងទៅ។
អតីតអ្នកចាត់ការក្រុម Derby County រូបនេះ បានបង្ហោះសារលើបណ្តាញ Instagram កាលពីម្សិលមិញដូច្នេះថា «វាគឺជាកិត្តិយសដ៏ធំធេងដែលបានដឹកនាំ Chelsea ដែលជាផ្នែកមួយនៃជីវិតរបស់ខ្ញុំ។ ដំបូងខ្ញុំសូមថ្លែងអំណរគុណដល់លោក Roman Abramovich អ្នកគ្រប់គ្នា និងជាពិសេសអ្នកគាំទ្រ ចំពោះការគាំទ្ររយៈពេល១៨ខែកន្លងមកនេះ»។
បុរសវ័យ៤២ឆ្នាំរូបនេះបន្តទៀតថា «ខ្ញុំពិតជាមានមោទនភាពចំពោះសមិទ្ធផលកន្លងមក និងចំពោះកីឡាករទាំងអស់។ ខ្ញុំមានការខកចិត្តដែលមិនអាចនាំក្លិបឆ្ពោះទៅមុខបន្តទៀត។ ប៉ុន្តែខ្ញុំសូមជូនពរពួកគេទទួលជោគជ័យនាពេលអនាគត»៕ (ដកស្រង់ចេញពី Goal.com)
ចែករំលែកព័តមាននេះ