ខេត្តព្រះសីហនុ ៖ រូបសំណាកតោ២ដែលតំណាងឱ្យក្រុងមាត់សមុទ្រ ដែលមានកំពង់ផែខ្នាតអន្តរជាតិនោះគឺក្រុងព្រះសីហនុ ហើយតោក៏ជាតំណាងសត្វសិង្ហដ៏មានអំណាចផងដែរ ។ ជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច មានកំពង់ផែស្វយ័ត តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិកងកេងនិងឆ្នេរសមុទ្រដ៍ស្រស់ស្អាត ពេញទៅដោយកោះតូចធំដ៏ ត្រកុំត្រកាល ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ជាប់នឹងតំបន់ឆ្នេរមានចម្ងាយ២៣០គីឡូតិ៍ម៉ែត្រពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ និងចម្ងាយ២៦០គីឡូតិ៍ម៉ែត្រតាមបណ្តោយផ្លូវជាតិលេខ៣ ព្រមទាំងមានផ្លូវដែកឆ្លងកាត់តាមខេត្តកណ្តាល ខេត្តតាកែវ និងកំពត ។
តាមការឲ្យដឹងនៃក្រុមការងារសិក្សាស្រាវជ្រាវ ដោយចងក្រងប្រវត្តិ និងការវិវត្តនៃការគ្រប់គ្រងដឹកនាំខេត្តព្រះសីហនុ សម័យពីលោក យន្ត មីន ជាអភិបាលខេត្ត បានសិក្សាចងក្រងទុកបានបញ្ជាក់ឲ្យដឹងថា ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំងបី ក្នុងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទីបីរបស់រាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានកំណត់គោលដៅជាតំបន់សេដ្ឋកិច្ចពិសេស ពហុបំណង នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ។ ពីព្រោះដោយសារខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម ។
ក្នុងឯកសារបានបញ្ជាក់ឲ្យដឹងផងដែរថា នៅក្នុងសមុទ្រមានប្រជុំកោះ ឆ្នេរខ្សាច់ ឆ្នេរថ្ម ឆ្នេរភក់ និងជីវចម្រុះបាតសមុទ្រ បានក្លាយទៅជាគោលដៅមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិអន្តរជាតិដ៍ពេញនិយមសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ។ ព្រមទាំងជាប់ជាសមាជិកក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក ដែលប្រសិទ្ធនាមថា(ឆ្នេរសមុទ្រកម្ពុជាតារារះទិសនិរតី) ដែលមានរូបសំណាកតោឈ្មោល-ញីមួយគូ ឈរបង្អួតខ្លួន ហាក់ពោរពេញដោយមហិទ្ទិឫទ្ធិរឹងមាំ និងខ្លាំងពូកែដ៍អស្ចារ្យ ។
លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៏ និងវិចិត្រសិល្បៈខេត្តព្រះសីហនុបានឲ្យដឹងថា រូបសំណាកតោឈ្មោល-ញីមួយគូតំណាងឲ្យខេត្តព្រះសីហនុ យោងតាមឯកសារប្រវត្តិសាស្ត្របានឲ្យដឹងថា បានកសាងឡើងនៅឆ្នាំ១៩៦២ ដោយលោក ហួត សំអាត ជាអភិបាលក្រុង ជំនាន់ទី៣ បន្ទាប់ពីលោកអភិបាលក្រុងបានទទួលព្រះរាជានុញ្ញាតិពីព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ឲ្យកសាងឡើងជារូបសំណាកសីហៈតោឈ្មោល-ញីមួយគូ ដែលជាស្តេចសត្វនៅក្នុងចំណោមសត្វដទៃទៀត និងជាតំណាងឲ្យឈ្មោះរបស់ព្រះបាទនរោត្តម សីហនុ ផងដែរ ។
លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុបានបន្តឲ្យដឹងបន្ថែមទៀតថា ក្រោយមកទៀត ក៍មានការរៀបចំ កែលម្អសោភ័ណភាពតៗគ្នា តាមលំដាប់ថ្នាក់ដឹកនាំក្រុងដូចជាលោក ធម្ម ប៊ុនស្រ៊ុន លោក ស្បោង សារ៉ាត ជាអភិបាលខេត្ត បានកែលម្អសោភណ្ឌ័ភាពជុំវិញរង្វង់មូលរូបសំណាក តោឈ្មោល-ញី និងបានបន្ថែមដុំគ្រាប់ឃ្លីមួយគ្រាប់ ចូលទៅក្នុងមាត់តោឈ្មោល តាមបែបអបីយ៍ជំនឿរបស់ថ្នាក់ដឹកនាំ កុំឱ្យតោឈ្មោលកាចពេក ដើម្បីចង់ទទួលបាននូវសេចក្តីសុខចម្រើន ដល់មន្ត្រីរាជការនៅក្នុងខេត្ត ។
លុះមកដល់សម័យលោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ លោកក៍បានធ្វើការកែលម្អសោភ័ណភាពបន្តទៀត ដោយបានដាក់តាំងបង្គោលដងគោមភ្លើងជុំវិញរង្វង់មូលតោឈ្មោល-ញី ឱ្យមានពន្លឺត្រចះត្រចង់ពេលរាត្រី ។ និងបានដាក់តាំងបន្ថែមរូបសំណាកកូនតោចំនួនបួនបន្ថែមទៀតផ្នែកខាងមុខ និងខាងក្រោយរូបសំណាកមេតោឈ្មោល-ញី ដោយមានប្រារព្ធជាពិធីក្រុងពាលីបញ្ចុះបឋមសិលាដើម្បីសុំសេចក្តីសុខចម្រើន ដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ក៍ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលធ្វើដំណើរមកកម្សាន្តនៅក្នុងខេត្តព្រះសីហនុ ។
រហូតដល់ភ្ញៀវទេសចរជាតិ អន្តរជាតិមានអារម្មណ៍ថា តោឈ្មោល-ញីយូរហើយ ស្រាប់តែបង្កើតកូនបានបួនបន្ថែមទៀត ស្របពេលដែលការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ពន្ធ័ផ្លូវ ជិតបញ្ចប់ជាស្ថាពរនៅក្នុងរយៈពេលដ៍ខ្លីខាងមុខនេះ ដែលមានលោក គួច ចំរើន ជាអភិបាលនៃគណៈអភិបាលខេត្ត នាសម័យកាលថ្មីនេះ ។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឲ្យដឹងថា តាមគម្រោងផែនការរបស់រដ្ឋបាលខេត្តនៅចំណុចរង្វង់មូលតោឈ្មោល-ញី ក៍ដូចជាចំណុចរង្វង់មូលផ្សេងៗជាច្រើនកន្លែងទៀតនៅក្នុងខេត្ត គឺរដ្ឋបាលខេត្តមានគម្រោងកែលម្អសោភ័ណភាព រៀបចំជាសួនច្បារ ដើម្បីបង្កើនសោភ័ណ្ឌភាពឲ្យកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ។ព្រោះពេលនេះ អ្នកដំណើរទាំងឡាយដែលបានទៅលេងក្រុងព្រះសីហនុ បាននិយាយលេងជាទូទៅថា តោឈ្មោល-ញីពីរ ដែលឈរយ៉ាងសង្ហារនៅរង្វង់មូលនោះ បង្កើតកូនបាន៤ហើយ ឈរនៅអមទាំង៤ទិសការពារមេបា ។
ទោះបីជាអភិបាលខេត្តថ្មីៗទៅកាន់អំណាច និងកំពុងអភិវឌ្ឍន៍ក៏ដោយ ពុំគួរលុបបំបាត់ទេ… សង្ឃឹមទុកជាមុនទៅចុះ ។ម្យ៉ាងទៀត មានមតិជាច្រើនក្នុងខេត្តនិយាយថា តោពីរជាមេបាមានមហិទ្ធិឫទ្ធិណាស់ ។ នេះជាពាក្យលេចឮតៗគ្នា ។ ប្រហែលជាមានជំនឿបែបនេះទេដឹង បានជាសណ្ឋាគារធំមួយ ដែលសង់នៅចំពីមុខតោពីរ បានសង់រូបដំរី៥មាឌធំៗអស្ចារ្យ ឈរយ៉ាងរឹងមាំចំពីមុខសណ្ឋាគារ ទល់មុខស្ដេចតោ២ ។ ទំនងដំរីស្ដរទាំង៥នេះ ទប់ទល់ទៅនឹងមហិទ្ធិឫទ្ធិតោពីរនេះហើយមើលទៅ ៕
ចែករំលែកព័តមាននេះ