ខេត្តកណ្តាល ៖ ជនពាក់ព័ន្ធគ្រឿងញៀនពីរនាក់ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍ឃុំដំណាក់អំពិល និងប៉ូលិសព្រហ្មទណ្ឌស្រុកអង្គស្នួល សហការគ្នាចាប់ខ្លួនបានធ្វើការសាកសួរ ហើយបានដឹងថា ក្នុងចំណោមពួកគេទាំងពីរនាក់នោះ ម្នាក់ជាអ្នកចែកចាយ និងម្នាក់ទៀតជាអ្នកប្រើប្រាស់ថ្នាំញៀន ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី២៧ មីនា ឆ្នាំ២០១១ នៅតាមផ្លូវលំភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនដែលត្រូវចាប់ខ្លួននោះម្នាក់ឈ្មោះតុង ឈីនហាវ ហៅម៉ាប់ អាយុ១៩ឆ្នាំ មុខរបរលក់ត្រី មានទីលំនៅភូមិកើតហេតុ ជាមុខសញ្ញាចែកចាយថ្នាំញៀន និងម្នាក់ទៀតឈ្មោះដាំ លីន អាយុ៣១ឆ្នាំ មុខរបរសន្តិសុខឯកជន CS រស់នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ។
មន្ត្រីប៉ូលិសនិយាយថា នៅមុនពេលកើតហេតុកម្លាំងប៉ូលិសខាងលើបានចេញដើរល្បាតហើយបានប្រទះឃើញជនសង្ស័យពីរនាក់នោះជិះម៉ូតូ១គ្រឿងចេញពីផ្ទះរបស់ស្ត្រីម្នាក់ឈ្មោះហូ ប៊ុនស្រី អាយុ៤៨ឆ្នាំ នៅក្នុងភូមិកើតហេតុនោះដែរ ។ ពេលនោះដោយមានការសង្ស័យក៏បានឃាត់ឆែកឆេរខ្លួនប្រាណរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក១កញ្ចប់តូច និងយ៉ាម៉ា១ចំហៀងគ្រាប់ ។ ពួកគេបានសារភាពថា ម្នាក់ជាអ្នកប្រើប្រាស់ និងម្នាក់ទៀតជាអ្នកចែកចាយ ហើយបានទិញថ្នាំញៀននេះពីស្ត្រីឈ្មោះហូ ប៊ុនស្រី ។
ប្រភពដដែលបានបន្តថា ពួកគេបានសារភាពប្រាប់ប៉ូលិសទៀតថា ស្ត្រីឈ្មោះហូ ប៊ុនស្រី គឺជាឈ្មួញធំដែលតែងតែរកស៊ីលក់ចែកចាយថ្នាំញៀននេះរាល់ថ្ងៃ ហើយអ្នកប្រើប្រាស់តែងតែទៅទិញពីស្ត្រីរូបនោះទៀតផង ។ ដោយឡែកពួកគេទាំងពីរនាក់វិញ ឈ្មោះតុង ឈីនហាវ ហៅម៉ាប់ គឺជាឈ្មួញកណ្តាលទិញពីស្ត្រីរូបនោះយកទៅលក់ឱ្យឈ្មោះដាំ លីន និងអ្នកផ្សេងទៀតយកចំណេញក្នុង១កញ្ចប់ ឬ១គ្រាប់១ម៉ឺនរៀល ។
ប្រភពដដែលបានបន្តថា ក្រោយពេលទទួលបានចម្លើយសារភាពពីជនសង្ស័យទាំងពីរនាក់នោះហើយ ប៉ូលិសបានចុះទៅចាប់ខ្លួនស្ត្រីឈ្មោះហូ ប៊ុនស្រី ទៀត ប៉ុន្តែពេលទៅដល់ស្ត្រីនោះបានរត់គេចខ្លួនបាត់ទៅហើយ ។ ប៉ូលិសបានកសាងសំណុំរឿងបញ្ជូនជននោះរួមជាមួយវត្ថុតាង គឺថ្នាំញៀនដែលដកហូតបានទៅកាន់តុលាការដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ និងបន្តស្វែងរកចាប់ខ្លួនស្ត្រីដែលកំពុងគេចខ្លួននោះទៀត ៕
ចែករំលែកព័តមាននេះ