រាជធានីភ្នំពេញ ៖ ចំណេះជិះកឯង ធ្លាប់បោកបន្លំគេបានតែមិនមែនមានន័យថា ជួបថ្ងៃហេងរហូតនោះទេ និងត្រូវអស់លក្ខណ៍ដូចជាជាងទងម្នាក់ត្រូវបានប្រជាពលរដ្ឋរកស៊ីបញ្ចាំនៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ចាប់ខ្លួនប្រគល់ទៅឱ្យសមត្ថកិច្ចកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៩ មីនា នៅពេលប្រើល្បិចឆបោកដោយយកគ្រឿងអលង្ការក្លែងក្លាយទៅបញ្ចាំ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺមិនមែនជាលើកទី១ ទេ ដែលជាងទងរូបនេះយកគ្រឿងអលង្ការទៅបញ្ចាំ គឺចំនួន១០ដងមកហើយ តែលើកចុងក្រោយនេះក៏បែកការណ៍ និងត្រូវអស់លក្ខណ៍។ ជាងទងកំហូចដែលត្រូវចាប់ខ្លួនឈ្មោះថា វុទ្ធី ហៅតី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយនៅពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតគ្រឿងអលង្ការក្លែងក្លាយមួយចំនួនផងដែរ ។
តាមមន្ត្រីប៉ូលិសខណ្ឌទួលគោក បានឱ្យដឹងថា ជនសង្ស័យត្រូវបានម្ចាស់ទទួលបញ្ចាំចាប់ខ្លួនប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍ទឹកល្អក់ទី៣ នៅពេលជននោះយកគ្រឿងអលង្ការក្លែងក្លាយទៅបញ្ចាំ ហើយត្រូវម្ចាស់ពិនិត្យដឹង។ នៅវេលាម៉ោង៣រសៀលថ្ងៃទី២៨ មីនា ជននេះបានយកកងដៃចំនួន៣ទៅបញ្ចាំឱ្យឈ្មោះអាន សំអាត អាយុ៤៩ឆ្នាំ មានទីលំនៅផ្ទះលេខ២A ផ្លូវលេខ២៤៧ ក្រុមទី៨ ភូមិទី២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដោយបញ្ចាំតម្លៃ៣២០ដុល្លារ ហើយក៏ចេញទៅបាត់ទៅ។ ក្រោយមក ម្ចាស់កុងសីុពិនិត្យមើលទើបដឹងថា ក្លែងក្លាយ លុះនៅថ្ងៃទី២៩ មីនា វេលាម៉ោង៣និង៣០នាទីរសៀល ស្រាប់តែជននោះរួមជាមួយបក្សពួកម្នាក់បានជិះម៉ូតូមួយគ្រឿងយកកងដៃចំនួន២មកបញ្ចាំឱ្យឈ្មោះអាន សំអាត ទៀត ហើយដោយពិនិត្យឃើញក្លែងក្លាយក៏ចាប់ខ្លួនប្រគល់ឱ្យប៉ូលិសតែម្តង ។
បន្ទាប់ពីការចាប់ខ្លួន ក៏បានបែកធ្លាយពីរឿងជននេះយកគ្រឿងអលង្ការក្លែងក្លាយមកបញ្ចាំជាច្រើនលើក ដូចជាឈ្មោះម៉ៅ ចិន្តា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរទទួលបញ្ចាំ មានទីលំនៅផ្ទះលេខ៦B ផ្លូវលេខ២៤៧ សង្កាត់ទឹកល្អក់ទី៣ ត្រូវជននោះយកមកបញ្ចាំចំនួន៨លើកមកហើយ គិតជាប្រាក់ចំនួន១.៣១០ដុល្លារ ៕
ចែករំលែកព័តមាននេះ