ហៀបនឹងបរិនិព្វាន ព្រះធម្មសេនាបតី សារីបុត្របានរលឹកដល់ញោមស្រីរបស់លោកដែលនៅជាមិច្ឆាទិដ្ឋិនៅឡើយ ។ លោកក៏មើលឧបនិស្ស័យរបស់ញោមដឹងថា ញោមស្រីមានឧបនិស្ស័យអាចនឹងសម្រេចធម៌ដោយគ្រាន់បានស្តាប់ធម៌របស់លោកមុនពេលបរិនិព្វានតែបន្តិចប៉ុណ្ណោះ ។
បន្ទាប់ពីពិចារណារួចព្រះសារីបុត្របានធ្វើដំណើរចេញទៅកាន់លំនៅឋានរបស់ញោមស្រីជាមួយនឹងភិក្ខុ៥០០រូប ដោយមានមហាជនជាច្រើនជូនដំណើរលោករហូតដល់ទ្វារនគរ ។ ក្នុងថ្ងៃដែលទៅដល់ផ្ទះញោមនាយប់នោះ ព្រះធម្មសេនាបតីមានអាពាធយ៉ាងខ្លាំងគឺរោគធ្លាក់ឈាម ។ ទេវតាទាំងឡាយបានមកសុំមើលព្យាបាលជំងឺឱ្យលោក តែលោកបានបដិសេធន៍ដាច់ខាត ។
គ្រានោះ ញោមរបស់លោកបានឃើញទេវតាទាំងឡាយ លុះទេវតាទៅវិញអស់ ទើបញោមស្រីចូលទៅសួរលោកអំពីអ្នកដែលមកមុននេះ ។ ព្រះសារីបុត្រក៏ប្រាប់ថា ហ្នឹងគឺព្រះឥសូរ ព្រះព្រហ្ម មហារាជទាំង៤ ។ នាងព្រាហ្មណីក៏គិតក្នុងចិត្តថា យើងធ្លាប់តែគោរពបូជាព្រះព្រហ្ម តែពេលនេះបែរជាព្រះព្រហ្មមកថ្វាយបង្គំបុត្ររបស់យើងទៅវិញ ។ បើដូច្នេះ ព្រះសាស្តារបស់បុត្រយើងនឹងធំជាងនេះទៅទៀត ។ គិតរួច នាងព្រាហ្មណីក៏សួរអំពីគុណរបស់ព្រះពុទ្ធជាម្ចាស់ ។
ព្រះសារីបុត្របានរៀបរាប់គុណទាំងឡាយរបស់ព្រះអង្គ ក៏បានធ្វើឱ្យនាងព្រាហ្មណីមានចិត្តជ្រះថ្លាប្រាកដឡើង ហើយសោតាបត្តិមគ្គក៏បានកើតឡើងដល់ញោមស្រីរបស់លោកក្នុងពេលនោះឯង គឺមុនពេលព្រះសារីបុត្របរិនិព្វានតែបន្តិចប៉ុណ្ណោះ ៕ សាន សារិន
ចែករំលែកព័តមាននេះ