នយោបាយ ខ្វះភាពបត់បែន នៅកម្ពុជា – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

នយោបាយ ខ្វះភាពបត់បែន នៅកម្ពុជា

1 ខែ មុន
  • Phnom Penh

ភ្នំពេញ៖ កើតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៤៩ លោក សម រង្ស៊ី មាន​សញ្ជាតិ​ខ្មែរ-បារាំង បានចូល​មក​ប្រឡូកក្នុងនយោបាយកម្ពុជា ក្នុងគណក្សហ៊្វុនស៊ិនប៉ិច​…

ភ្នំពេញ៖ កើតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៤៩ លោក សម រង្ស៊ី មាន​សញ្ជាតិ​ខ្មែរ-បារាំង បានចូល​មក​ប្រឡូកក្នុងនយោបាយកម្ពុជា ក្នុងគណក្សហ៊្វុនស៊ិនប៉ិច​ អំឡុងមុនការ​បោះឆ្នោត ឆ្នាំ១៩៩៣​។

បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅប្រទេសបារាំង លោក សម រង្ស៊ី ក្រោយការបោះឆ្នោត រៀបចំដោយអ៊ុនតាក់នៅកម្ពុជា លោកបានក្លាយជារដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៤​។

ក្រោយ​អស់តំណែង​ពីរដ្ឋមន្ត្រីសេដ្ឋកិច្ច​ លោក សម រង្ស៊ី បានចេញពីហ៊្វុនស៊ិនប៉ិច បង្កើត គណបក្ស​ ដែលដំបូងឡើយ ដាក់ឈ្មោះថា គណបក្សជាតិខ្មែរ នៅឆ្នាំ១៩៩៥ ហើយ ក្រោយមក បានប្តូរឈ្មោះ ជាគណបក្សដាក់ឈ្មោះលោកតែម្តង គឺគណបក្ស​​ សម រង្ស៊ី។

ដោយមានអ្នកនយោបាយ​មកពីគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស​ប្រជាធិបតេយ្យសេរី​របស់​លោកតាសឺនសាន ចូលរួមផង លោកសមរង្ស៊ី បានក្លាយជាមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។

ការបោះឆ្នោត​ អាណត្តិ២ នៅក្នុង១៩៩៨ ​ដែលមាន​គណបក្ស​ចូលរួម ​ចំនួន ៣៦ គណបក្ស គឺជាលទ្ធ​ផល​នៃ​ការបោះឆ្នោត​នេះ គណបក្ស​ប្រជាជន​កម្ពុជា ​ទទួលបាន ៦៤កៅអី ហ្វ៊ុនស៊ិន ប៉ិច ៤៣កៅអី និង​គណបក្ស​ សម រង្ស៊ី ទទួលបាន ១៥កៅអី។

គណក្សសមរង្ស៊ីរបស់លោកសមរង្ស៊ី កើនសំឡេង​ជាបន្តបន្ទាប់ នៅក្នុងការបោះ​ឆ្នោត​ជាតិ ក្នុងនាមជាគណបក្សប្រឆាំង គឺនៅឆ្នាំ២០០៣ ២៤កៅអី​ និង​នៅ​ឆ្នាំ២០០៨ ចំនួន ២៦កៅអី នៅរដ្ឋសភា។

អំឡុងនិទ្ទេសដោយខ្លួនឯង នៅក្រៅប្រទេស ដោយសារតែរឿងក្តីនៅតុលាការ​កម្ពុជា គឺមក ដល់ខែតុលា ឆ្នាំ២០១២ លោក សម រង្ស៊ី បានចាប់ដៃជាមួយលោក កឹម សុខា រួមបញ្ចូល​គ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស​របស់​លោកកឹមសុខា បង្កើតជាគណបក្ស​សង្គ្រោះជាតិ​ ដើម្បីចូលរួមការបោះឆ្នោត​ជាតិ ឆ្នាំ២០១៣​។​

ជា​លទ្ធផល​​នៃ​ការ​បោះ​ឆ្នោត ឆ្នាំ​២០១៣ គឺគណបក្សសង្គ្រោះជាតិរបស់លោកសមរង្ស៊ី និងលោកកឹមសុខា ទទួលបានអាសនៈ​រដ្ឋសភា ៥៥ ទល់នឹង ៦៨អាសនៈរបស់​គណបក្ស​ប្រជាជន​កម្ពុជា​​។

ក្នុងជីវិត​នយោបាយរបស់លោកសមរង្ស៊ី គឺលោក​ជាអ្នកនយោបាយ ដែលគេ​ប្រសិទ្ធនាមថា អ្នកនយោបាយជើងមិនជាប់ដី។ នោះមកពីលោកសមរង្ស៊ី ជាខ្មែរ មានសញ្ជាតិបារាំង ហើយ​លោកក៏មានផ្ទះ និងមុខរបរ​រកស៊ីនៅទីក្រុងប៉ារីស ប្រទេសបារាំង​ផង ដូច្នេះ​លោក​​សមរង្ស៊ី ឲ្យ​តែមាន​បញ្ហានយោបាយនៅកម្ពុជា គឺលោកត្រូវ​រត់ចេញក្រៅ​ស្រុក ​ ពិសេសនៅពេលមាន​បណ្តឹង​នៅតុលាការកម្ពុជា កាត់ទោសលើរូបលោកម្តងៗ​។

គេនៅចាំបានថា ក្រោយ​ការបោះឆ្នោត ឆ្នាំ២០០៣ លោក សម រង្ស៊ី បានត្រូវបាន​តុលាការ​ក្រុងភ្នំពេញ ចោទប្រកាន់ និងកាត់ទោស ដោយសារតែលោក បានចោទ​ប្រកាន់ ដោយ​គ្មានការពិត​លើសម្តេច ហ៊ុន សែន និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ រឿងសូកប៉ាន់​ ដើម្បីបង្កើត​រាជរដ្ឋាភិបាលចម្រុះ​ ក្រោយការបោះឆ្នោត​ បន្ទាប់ពីជាប់គាំង​នយោបាយ​អស់​ពេល ១ឆ្នាំ​​។

ក្រោយ​សម្រប​សម្រួល​​នយោ​បាយ​រួចរាល់ លោកសមរង្ស៊ី បានវិលចូលស្រុកវិញ។ ប៉ុន្តែមិនយូរប៉ុន្មាន គឺ​នៅឆ្នាំ២០០៨ ក្រោយការបោះឆ្នោតជាតិ លោក សម រង្ស៊ី បាន​រត់ចោល​ស្រុក​ម្តង​ទៀត ដោយសារតែ​លោក បាន​ដក​តម្រុយ​បង្គោល​ព្រំ​ដែន​កម្ពុជា-វៀតណាម ​លេខ​១៨៥ ​នៅស្រុក​ចន្ទា្រ ​ខេត្ត​ស្វាយរៀង។ ពេលនោះ លោកសមរង្ស៊ី ត្រូវរស់នៅក្រៅប្រទេស​យ៉ាងយូរ រហូតដល់ជិតដល់ថ្ងៃបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០១៣ ហើយ ទើប​លោកសមរង្ស៊ី អាចវិលត្រឡប់ ចូល​ស្រុកវិញ ក្រោយ​ការសម្របសម្រួល​ជាថ្មីទៀត ជាមួយ​សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន​។

យ៉ាង​ណា​ក៏​ដោយ​ ការ​ស្រុះ​ស្រួល​​នយោ​បាយ​រវាង​លោកសមរង្ស៊ី និងសម្តេចតេជោ ហ៊ុន សែន មិនបាន​​រយៈពេលយូរទេ។ គឺនៅខែសីហា ឆ្នាំ២០១៥ លោកសមរង្ស៊ី ក៏មាន​បញ្ហាជាថ្មីនៅតុលាការភ្នំពេញ។ តុលាការ ដែលបានសើរើ​រឿងក្តីចាស់របស់​លោក​ឡើងវិញ​។ ចាប់តាំងពីពេលនោះមក លោក សម រង្ស៊ី ត្រូវបន្តរស់នៅក្រៅប្រទេស​កម្ពុជា​ជាថ្មី រហូតដល់​សព្វថ្ងៃ​។

ក្រោយពី​មានរឿងក្តីក្តាំនៅតុលាការ កាលពីឆ្នាំ២០១៦ ក៏មានការកែសម្រួល​ច្បាប់​គណបក្ស​នយោបាយនៅកម្ពុជា ដែលបាន​​ហាមមិន​ឲ្យ​អ្នកមានទោស​ ពាក់ព័ន្ធនឹង​គណបក្សនយោបាយ​។ បញ្ហាផ្លូវច្បាប់ថ្មី​នេះ បានតម្រូវ​​ឲ្យលោក សម រង្ស៊ី ដែលរស់នៅ​ក្រៅប្រទេស ត្រូវលាលែង​ចេញ​ពីប្រធានគណបក្ស​សង្គ្រោះជាតិ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧​ ហើយលោក កឹម សុខា ដែលជាអនុប្រធាន បានឡើងកាន់តំណែង​ជំនួស​លោក សម រង្ស៊ី។

ចាប់តាំងពី​លោកសមរង្ស៊ី មានរឿងក្តីនៅតុលាការ ហើយត្រូវចេញក្រៅប្រទេសកម្ពុជា ចាប់តាំង​ពីក្រោយការបោះឆ្នោត ឆ្នាំ២០០៣ និងជាបន្តបន្ទាប់ ហើយទោះបីជា​លោក​ លាលែង​ពីប្រធានអតីតគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ ប៉ុន្តែ​លោកសមរង្ស៊ី នៅតែ​ដើរតួ​យ៉ាងសំខាន់ នៅពីក្រោយគណបក្ស​ប្រឆាំង​ដដែល​។

នៅក្រៅប្រទេស ​លោក​នៅតែមានឥទ្ធិពលនយោបាយ លើគណបក្ស​ប្រឆាំង​ ដែលនៅក្នុងស្រុក​កាលណោះ ដឹកនាំដោយលោកកឹមសុខា​ ទើប​នៅក្នុងការ​បោះឆ្នោតឃុំសង្កាត់ នៅខែមិថុនា ឆ្នាំ២០១៧​ គណបក្សសង្គ្រោះជាតិ ទទួលបាន​អាសនៈនៅឃុំសង្កាត់ លំដាប់ទី២ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា។ នោះគឺគណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈ ឃុំសង្កាត់ ចំនួន ៥០០៧ ក្នុង​ចំណោម ១១៥៧២ អាសនៈ។ គណបក្សសង្គ្រោះជាតិ ទទួលបានតំណែង​ជាមេឃុំចៅ​សង្កាត់ ចំនួន ៤៨៩ឃុំសង្កាត់​។

ទីបំផុត នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការ​កំពូល សម្រេច​​រំលាយ​​ជាផ្លូវការ ក្រោយលោក កឹម សុខា ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​យប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ​។ ថ្នាក់ដឹកនាំអតីតគណបក្ស​សង្គ្រោះជាតិ ១១៨នាក់ ត្រូវបានតុលាការ ហាមឃាត់មិន​ឲ្យធ្វើនយោបាយ ៥ឆ្នាំ គិតពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧​។

ចាប់តាំងពីពេលនោះមក លោក សម រង្ស៊ី និង​ក្រុមជំនិតរបស់លោក នៅតែ​ទាមទារ អោយ​គណបក្សសង្គ្រោះជាតិរស់ឡើងវិញ ហើយលោក សមរង្ស៊ី និងលោក កឹម សុខា អាច​ធ្វើនយោបាយដូចដើម។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ អ្នកវិភាគ​ជាច្រើនគិតថា វាជារឿងមួយ ដែលពិបាកនឹង​កើតឡើង ដោយធ្វើការប្រៀបធៀប​ថា ខ្មោច ដែលស្លាប់ហើយ មិនអាចរស់ឡើងវិញបានទេ។

ដូច្នេះ គេក៏គិតថា វាជាការខ្វះភាពបត់បែនខាងនយោបាយ ហើយការខ្វះភាព​បត់បែននេះ អាច​ជះឥទ្ធិ​ពលអាក្រក់ដល់ក្រុមរបស់លោក។ ពេលវេលាចេះតែទៅមុខ ការបោះឆ្នោត ឃុំសង្កាត់ ឆ្នាំ២០២២ ក៏ខិតជីតមកដល់ ហើយបន្តពីនោះ គឺការបោះឆ្នោត​ជ្រើសរើសតំណាងរាស្ត្រ នឹងធ្វើឡើង នៅឆ្នាំ២០២៣។

ការបន្តអួសបន្លាយស្ថានភាពនេះតទៅទៀត នឹងជាខាតពេលវេលា ដែលមិនអាចរកវិញ​បានឡើយ។ វានឹងជាជម្រើសដ៏ឆ្លាតជាង និងមានភាពបត់បែនតាមសភាពការណ៍ជាង បើសិនជា​ក្រុមប្រឆាំង អាចរៀបចំគ្នាឡើងវិញ ទោះបីជាគ្មានលោក សម រង្ស៊ី និងលោក កឹមសុខា ដើម្បីត្រៀមខ្លួនអោយបានល្អ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

បើសិនជាលោកសមរង្ស៊ី និងក្រុមរបស់គាត់ នៅតែសង្ឃឹមការរស់ឡើងវិញនៃគណបក្ស​សង្គ្រោះ​ជាតិនោះ វាគឺជាការគណនាខុសផ្នែកនយោបាយ ហើយក៏ជាការធ្វើអត្តឃាត​នយោបាយ សម្រាប់ក្រុមរបស់គាត់ផងដែរ៕ ដោយ៖ មុត ស្រីពៅ