ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរានឹងរៀបចំធ្វើបាឋកថា ស្តីពី«ទំនាក់ទំនងសិល្បៈខ្មែរ និងចាម» នៅសាលសិក្សានៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ របស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ។ បាឋកថានេះនឹងធ្វើឡើងដោយលោកសាស្ត្រាចារ្យ Tran Ky Phoung អ្នកជំនាញខាងប្រវត្តិសាស្ត្រ និងសិល្បៈចាម និងជាសមាជិកក្រុមស្រាវជ្រាវ «ផ្លូវបុរាណសម័យអង្គរ» ខាងភាគីវៀតណាម ។
នេះបើតាមសេចក្តីជូនដំណឹងរបស់មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា ។
លោកសាស្ត្រាចារ្យ Tran Ky Phoung ធ្លាប់មានតួនាទីជាអ្នកអភិរក្សសិល្បៈចាមនៅសារមន្ទីរសិល្បៈចាមក្នុងខេត្តដាណាងប្រទេស វៀតណាម ។ លោកសាស្ត្រាចារ្យរូបនេះធ្លាប់សរសេរសៀវភៅ និងបោះពុម្ពតាមទស្សនាវដ្តីជាច្រើនអំពីប្រវត្តិសាស្ត្រ និងសិល្បៈចាមបុរាណជាភាសាអង់គ្លេស ភាសាបារាំង និងភាសាវៀតណាម ។ សព្វថ្ងៃលោកមានតួនាទីជាអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកប្រវត្តិសាស្ត្រចាម និងជនជាតិភាគតិចនៅវៀតណាមកណ្តាល។ ជាមួយគ្នានេះ លោកជាសមាជិកមួយរូបក្នុងចំណោមក្រុមស្រាវជ្រាវ «ផ្លូវបុរាណសម័យអង្គរ» ខាងភាគីវៀតណាម ដែលកំពុងដំណើរការស្រាវជ្រាវលើគម្រោង «ទំនាក់ទំនងវប្បធម៌នៅអាស៊ីអាគ្នេយ៍ដីគោក» ។
លោកអឹុម សុខរិទ្ធី អ្នកជំនាញបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា ដែលជាប្រធានក្រុមស្រាវជ្រាវ «ផ្លូវបុរាណសម័យអង្គរ» ខាងភាគីកម្ពុជា និងជាអ្នកសម្របសម្រួលបាឋកថានោះបានពន្យល់ថា បាឋកថានោះគឺធ្វើឡើងដោយផ្តោតសំខាន់ទៅលើប្រធានបទ៣៖ ទី១-ទិដ្ឋភាពទូទៅនៃប្រវត្តិសាស្ត្រចាម វប្បធម៌ និងសិល្បៈចាម ។ ទី២-ទំនាក់ទំនងរវាងសិល្បៈចាម និងខ្មែរសម័យអង្គរ ។ ទី៣-ទំនាក់ទំនងសិល្បៈចាម និងប្រាសាទភិម៉ាយប្រទេសថៃសព្វថ្ងៃនេះ ។
ចំណែកលោកទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ជារៀងរាល់ខែមជ្ឈមណ្ឌលតែងតែរៀបចំកម្មវិធីបាឋកថា ម្តង ឬពីរដង ។ បាឋកថាធ្វើឡើងដោយក្រុមអ្នកស្រាវក្នុងក្របខណ្ឌអាជ្ញាធរជាតិអប្សរា និងដៃគូស្រាវជ្រាវអន្តរជាតិនានា ដែលស្រាវជ្រាវក្នុងតំបន់អង្គរសព្វថ្ងៃ ។
បទបង្ហាញនេះធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ ស្រាវជ្រាវ និងបន្ថែមចំណេះដឹងថ្មីដែលអ្នកស្រាវជ្រាវជាតិ និង អន្តរជាតិបានសិក្សា ។
ក្នុងការស្រាវជ្រាវក្នុងតំបន់អង្គរសព្វថ្ងៃនេះជាមួយដៃគូស្រាវជ្រាវអន្តរជាតិនានា ដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីឱ្យសិស្ស និស្សិត មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកសារព័ត៌មាន និងសាធារណជនបានឈ្វេងយល់ ក៏ដូចជាការទទួលយកនូវចំណេះដឹង ថ្មីៗបន្ថែមទៀតពីអ្នកស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ សិល្បៈខ្មែរ និងចាម តាំងពីបុរាណជាភាសាអង់គ្លេស ភាសាបារាំង និងភាសាវៀតណាម នៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលរបស់អាជ្ញាធរជាតិអប្សរានោះផងដែរ ៕
ចែករំលែកព័តមាននេះ