ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នេរសមុទ្រ ជាកន្លែងលំហែកាយ មិនមែនសម្រាប់បង្អួតឡានទេ!

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបង្ហោះតាម​ហ្វេសប៊ុកនូវ​រូបថត ២សន្លឹក ដែល​មាន​ឡានទំនើប ២គ្រឿង ត្រូវបាន​ម្ចាស់បើកទៅចត​នៅឆ្នេរសមុទ្រ…

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបង្ហោះតាម​ហ្វេសប៊ុកនូវ​រូបថត ២សន្លឹក ដែល​មាន​ឡានទំនើប ២គ្រឿង ត្រូវបាន​ម្ចាស់បើកទៅចត​នៅឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ​។ លោកអភិបាលខេត្ត បាន​លើកជាសំណួរយ៉ាងខ្លី​ថា តើ​នេះជាទង្វើឡូយឆាយ ឬអួតអាង ថោកទាប ប្រិយមិត្ត?

Status ប្រចាំថ្ងៃរបស់អភិបាល​ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ដូច្នេះ ត្រូវបាន​មហាជន​យ៉ាងច្រើន ​បញ្ចេញទស្សនៈចម្រុះគ្នា។​ មានការលើកឡើងថា ​១/ ប្រហែលពួកគាត់មកពីខេត្តផ្សេង មិនបានដឹង ទើបបើកឡាន មកចតដល់​មាត់ឆ្នេរ ២/ ប្រហែលមកពីមិនមានដាក់ស្លាកពាក្យ «ហាមចតយាន្តយន្ត/បើកបរលើមាត់ឆ្នេរ»  និង៣/គួរតែចុះអប់រំផាកពិន័យជាប្រាក់… ដើម្បីជាគំរូរដល់អ្នកផ្សេងទៀត… ជាជាងថតបង្ហោះ facebook  ទាំងសាមីខ្លួន មិនបានដឹងកំហុស។

ចំណែកអ្នកខ្លះទៀត លើកឡើងថា តាមស្តង់ដារ ទីកន្លែងកំសាន្តសាធារណៈ គឺត្រូវមានចំណតរថយន្តសាធារណៈ ឬចំណតឯកជន ឬចំណតរដ្ឋឯកជន សម្រាប់ភ្ញៀវទេសចរ ចតយានយន្ត ហើយកន្លែង ដែលមិនត្រូវបានអនុញ្ញាត​អោយយានយន្តគ្រប់ប្រភេទចត គឺត្រូវតែមានកំណត់ដោយ​ស្លាកសញ្ញាហាមឃាត់របស់ស្តាប័ន​ ឬអង្គភាព ដែលពាក់ព័ន្ធ ថែមទាំងផ្តល់ភាពជាក់លាក់​អំពីរងការផាកពិន័យ នៃការចតយានយន្ត ដោយល្មើសទៅនឹងស្លាកសញ្ញា ក្នុងចំនួនទឹកប្រាក់យ៉ា​ងជាក់ច្បាស់។​

ជាមួយគ្នានេះ ក៏មានអ្នក ដែលរស់​នៅខេត្តព្រះសីហនុ លើកឡើងថា តាមបណ្តោយ​ផ្លូវធ្វើថ្មីតាមឆ្នេរទាំងអស់ សុទ្ធតែមានចំណតសម្រាប់ចតរថយន្ត តែគ្រាន់តែអត់​ទាន់មានផ្លាកសញ្ញាសំគាល់ចំណត សំរាប់ចតរថយន្ត។​ តែទីតាំងចំណតមួយចំនួនធំ ត្រូវបានចត ដោយរម៉កលក់ដូរ ដែលធ្វើអោយមិនមានចំណតគ្រប់គ្រាន់ សំរាប់ចត​រថយន្ត ហើយទីតាំងចតរថយន្ត មានចំនួនតិច ពេលមានពិធីបុណ្យម្តងៗ មានការកក​ស្ទះច្រើន ដោយសារខ្វះចំណត សំរាប់ចតរថយន្ត ដែលបណ្តាលអោយ​មានការចត​លើផ្លូវ។ អាជ្ញាធរគួរតែរៀបចំណត អោយបានច្រើនជាងនេះ និងធំជាងនេះ ដោយមាន​ការសហការពីរដ្ឋ និងឯកជន ទើបបញ្ហាចំណត នឹងអាចដោះស្រាយបាន។

ក៏មានអ្នកខមមិនលើរូបថត និងstatus របស់អភិបាលខេត្តថា ធ្វើចឹងមិនសមសោះ ឡានគួរតែចតនៅកន្លែងចតឡានត្រឹមត្រូវ ជិះរហូតដល់ឆ្នេរបណ្តោយ ធ្វើចឹងគំរូ​មិនល្អដល់អ្នកដទៃ។

ចំពោះរូបថត ២សន្លឹកនេះ ក៏មានអ្នកបញ្ចេញមតិយោបល់ ដោយសម្តែង​អារម្មណ៍ និង​ការមិនពេញចិត្ត ចំពោះទង្វើមិនល្អ ចំពោះម្ចាស់រថយន្តមួយគ្រឿងនេះ ហើយសូម​សំណូមពរ ទៅដល់ប្រជាពលរដ្ឋទាំងអស់ថា ទីកន្លែងមាត់ឆ្នេរ គឺជាកន្លែង សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិអង្គុយ ឬដេកលំហែកាយ មិនមែនជាកន្លែង​សម្ញែងរថយន្តឡើយ។

លេខឡានឃើញច្បាស់ណាស់ ហៅគាត់ទៅសួរនាំ អប់រំទៅ ដើម្បីកុំ​អោយអ្នកដទៃ​ទៀត យកគំរូតាម​។ បើមើលទៅវាទាស់ភ្នែក កន្លែងខ្លះយើង ក៏គួរយល់ដែរថា តើសមគួរ ឬមិនសម ជាពិសេស ដូចជាម្ចាស់រថយន្ដម្នាក់នេះ មកពីគាត់ មិនបានយក​ការគិតមកដាក់ក្នុងចិត្ត តែសម័យបច្ចុប្បន្ននេះ មានមនុស្សខុសប្លែក​ជាងនេះច្រើន​ណាស់ ជាពិសេសអ្នកលក់ដូរតាមចិញ្ចើមផ្លូវ គឺជាអចិន្រ្ដៃតែម្ដង មិនដែលឃើញ​អាជ្ញាធណា យកភ្នែកមើលទេ និយាយរួមកន្លែងណា ក៏ដូចកន្លែងណា ជាពិសេស​ផ្លូវក្បែរផ្សារ ឬក៏អ្នកដែលមានផ្ទះត្រឹមត្រូវក៏ដោយ បើមានដាក់លក់អីវ៉ាន់ ដឹងតែលយ​ចេញផុតមកលើចិញ្ចើមផ្លូវ រកតែដើរមិនរួច។ ដូច្នេះអាជ្ញាធរសមត្ថកិច្ច ក៏គួរតែរៀបចំ​សណ្តាប់​ធ្នាប់តាមដង​ផ្លូវ​ឲ្យប្រសើរផង​។ នេះបើតាមការយល់ឃើញ​របស់អ្នកមួយ​ចំនួនទៀត​។

ជាការពិតហើយ អ្នកបើកបរឡាន យកទៅចត​លើឆ្នេរខ្សាច់ ដែលទើបតែ​រៀបចំថ្មី គឺពិតជាមិនសម ហើយ​មហាជន​ដោយច្រើន មិនគាំទ្រ និង​បានរិះគន់ ហើយ​ស្នើដល់អាជ្ញាធរសមត្ថកិច្ច ណែនាំអប់រំ ឈប់​ឲ្យគាត់ធ្វើដូច្នេះទៀត​។

ទន្ទឹមនឹង​ទង្វើ​មិនដឹងកំហុស​នេះ អាជ្ញាធរសមត្ថកិច្ច ក៏គួរតែ​លើកស្លាក​សញ្ញា ហាម​បើកបរ​យានយន្តគ្រប់ប្រភេទ លើឆ្នេរខ្សាច់ ហើយនៅច្រកចេញចូលឆ្នេរខ្សាច់ ក៏គួរតែ​មានរបា​ខណ្ឌ ដោយសូម្បីតែម៉ូតូ ឬរ៉ឺម៉ងម៉ូតូ ក៏មិនអាច​ជិះចូលទៅឆ្នេរសមុទ្រ​បានឡើយ​។

ការរៀបចំចំណត​ឲ្យបានគ្រប់គ្រាន់​ នៅតាមតំបន់ទេសចរណ៍ ពិសេសនៅតាម​ឆ្នេរសមុទ្រនេះ ក៏ត្រូវតែអាជ្ញាធរសមត្ថកិច្ច រៀបចំ​ សម្រាប់​ឲ្យ​អ្នកទៅលេង​ យកយានយន្តរបស់ខ្លួន​ ទៅចត​។ អាជ្ញាធរសមត្ថកិច្ច ក៏អាច​រៀបចំកម្លាំង​ នៅយាមឡានម៉ូតូ យានយន្តរបស់អ្នកទៅលេងទាំងនោះ ដែលអាច​ធានាបាន​ទាំងសុវត្ថិភាពផង និងបានទាំង​ចំណូល​មួយផ្នែកណានោះ អាចដោះស្រាយ​បាយទឹកដល់កងកម្លាំង អ្នកយាម​ សម្រួលចរាចរណ៍ សណ្តាប់ធ្នាប់ ថែរក្សាអនាម័យ​នៅតំបន់ទាំងនោះថែមទៀត​។

ម្យ៉ាងទៀត នៅតំបន់ឆ្នេរ ឬក៏នៅតំបន់ទេសចរណ៍ផ្សេងទៀត ក៏ត្រូវតែមានរៀបចំ​កងកម្លាំង​អាជ្ញាធរសមត្ថកិច្ច ឬប្រជាសហគមន៍ ដើម្បី​ការពារសុខសុវត្ថិភាព​ ការពារយានយន្តផង និងដើម្បីសម្រួល​ចរាចរណ៍ សណ្តាប់ធ្នាប់ នៃការធ្វើដំណើរ ក៏ដូចជាការចត​យានយន្ត ផងដែរ​។

នៅពេលមានអ្នក​ចត​ខុសចំណត ឬក៏កកស្ទះ​ចរាចរណ៍ ឬក៏មាន​ការចតមិន​មានរបៀបរៀបរយ ក៏ក្រុម​អាជ្ញាធរសមត្ថកិច្ច កងកម្លាំង ឬក៏ប្រជាសហគមន៍នោះ អាច​សម្រួល និងជម្រាប​ឲ្យម្ចាស់យានយន្ត យកយានយន្តរបស់ខ្លួន ទៅចត និងបើកបរ​មាន​សណ្តាប់ធ្នាប់ដែរ​។

ម្ចាស់យានយន្តខ្លួនឯង ក៏គួរតែ​យល់ដឹង​ និងចេះខ្មាស់ខ្លួនឯង ដោយមិនត្រូវបើកបរ​នៅកន្លែង​ហាមឃាត់ ដូចជា លើសួនច្បារ ឬលើឆ្នេរដូច្នេះឡើយ។ ផ្លូវគេមានរៀបចំ​ត្រឹមត្រូវ ហើយចំណត​ក៏មានទៀត។ បើចង់​បើកផ្លូវ off road​ សម្រាប់សាកឡានខ្ពស់ៗ​របស់ខ្លួន ក៏គួរតែ​រកផ្លូវ​ដី ព្រៃភ្នំ ដែលមិនខ្វះឯណា នៅស្រុកយើងនោះ មិនចាំបាច់អី​ដល់ទៅឆ្នេរសមុទ្រឡើយ​។

ពេលនេះ ត្រូវគេថត​បង្ហោះហ្វេសប៊ុក ហើយត្រូវគេហៅទៅអប់រំណែនាំ ធ្វើកិច្ចសន្យា​ទៀត តើ​សមមុខទេ ដែលមានលុយទិញឡានទំនើប ថ្លៃរាប់ម៉ឺនដុល្លារហើយ បែរជាត្រូវ​គេលើកឡើងថា ចរិត​មិនថ្លៃដូចឡានដូច្នេះនោះ?

ដូច្នេះ​មានតែការចូលរួមទាំងអស់គ្នាទេ។ ទាំងអាជ្ញាធរសមត្ថកិច្ចផង ទាំង​ប្រជាពលរដ្ឋ ជាម្ចាស់យានយន្តផង ដើម្បីសង្គមយើង មានរបៀបរៀបរយ និងជាគំរូល្អដល់កូនចៅ​ ក្មេងជំនាន់​ក្រោយ ហើយក៏ដើម្បីឲ្យ​ប្រទេសយើង​ មានសណ្តាប់ធ្នាប់ល្អនឹងគេ៕ ដោយ៖ មុត ស្រីពៅ