ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩៖ ពលរដ្ឋខ្លះលក់ទ្រព្យ សន្សំបានចាយសិន

3 ឆ្នាំ មុន
  • ភ្នំពេញ

ដោយសារវិបត្តិជំងឺកូវីដ១៩ ពលរដ្ឋជាច្រើនបានថ្ងូរពីការលំបាកនៅក្នុងជីវភាព។ ជីវភាពដែលរកចំណូលមិនបានតែចំណាយនៅតែមាន ហើយអាចប្រឈមនឹងទំនិញជាច្រើនឡើងថ្លៃទៅទៀត។ លោកសុផា ជាអ្នកនាំភ្ញៀវទេសចរម្នាក់នៅក្នុងខេត្តសៀមរាប លោកថារយៈពេល១ឆ្នាំហើយដែលអាជីពមគ្គទេសក៍ទេសចរណ៍របស់លោកមិនអាចរកចំណូលបាន ដោយសារគ្មានភ្ញៀវបរទេសមកទស្សនាប្រាសាទបុរាណខ្មែរដូចមុន។ សព្វថ្ងៃលោករស់អាស្រ័យនឹងប្រាក់ចំណូលបន្តិចបន្តូចរបស់ប្រពន្ធដែលលក់ដូរចំណីអាហារក្មេងៗនៅមុខផ្ទៃះ។ បុរសមានកូនពីររូបនេះ…

ដោយសារវិបត្តិជំងឺកូវីដ១៩ ពលរដ្ឋជាច្រើនបានថ្ងូរពីការលំបាកនៅក្នុងជីវភាព។ ជីវភាពដែលរកចំណូលមិនបានតែចំណាយនៅតែមាន ហើយអាចប្រឈមនឹងទំនិញជាច្រើនឡើងថ្លៃទៅទៀត។

លោកសុផា ជាអ្នកនាំភ្ញៀវទេសចរម្នាក់នៅក្នុងខេត្តសៀមរាប លោកថារយៈពេល១ឆ្នាំហើយដែលអាជីពមគ្គទេសក៍ទេសចរណ៍របស់លោកមិនអាចរកចំណូលបាន ដោយសារគ្មានភ្ញៀវបរទេសមកទស្សនាប្រាសាទបុរាណខ្មែរដូចមុន។ សព្វថ្ងៃលោករស់អាស្រ័យនឹងប្រាក់ចំណូលបន្តិចបន្តូចរបស់ប្រពន្ធដែលលក់ដូរចំណីអាហារក្មេងៗនៅមុខផ្ទៃះ។ បុរសមានកូនពីររូបនេះ ត្ងូញត្អែរដូច្នេះ “កាលពីមុនខ្ញុំរកចំណូលបានពី២០ទៅ៣០ដុល្លារក្នុងមួយថ្ងៃប៉ុន្តែបចុប្បន្ននេះ ខ្ញុំរកចំណូលមិនបានតែម្តង។ ប្រពន្ធខ្ញុំគាត់លក់ទឹកសុទ្ធ លក់នំក្មេងៗនៅផ្ទះ បានមួយថ្ងៃពីរម៉ឺន មួយថ្ងៃមួយម៉ឺនរៀល គ្រាន់ទិញម្ហូបអាហារប្រចំាថ្ងៃ”។

អង្គុយនៅមុខប្រាសាទអង្គរ រងចំាក្រែងមានអ្នកទេសចរជាតិ ជួលឲ្យណែនាំពីប្រាសាទបុរាណ គ្រាន់បានកម្រៃខ្លះផ្គត់ផ្គង់គ្រួសារ លោក សុផា ​និយាយបន្ថែមទំាងទឹកមុនស្ងួតថា ដោយសារតែរកចំណូលមិនការចាយវាយរបស់លោកបានប្រឹតប្រៀងមែនទែនអ្វីដែលមិនចំាបាច់គឺមិនទិញឡើយ។ “រាល់នេះសូមកុំឲ្យតែកូន ព្រពន្ធឈីទៅ ជាសំណាងហើយ បើឈឺទៀតមិនជាបានលុយឯណាទៅពេទ្យទេ។ ម្យ៉ាងទៀតមួយឆ្នាំមកនេះ យើងមិនបានចេញដើរកម្សាន្តទៅណាទេ។ពីមុខយើងមានដំណើរកម្សាន្តជួបជុំក្រុមគ្រួសារ យើងអាចចាយមួយថ្ងៃ២០ដុល្លារ ៥០ដុល្លារ តែពេលនេះមួយម៉ឺនរៀលមានតម្លៃណាស់”។

បើតាមអ្នកបម្រើសេវាទេសចរនៅលើទឹកដីអង្គរថា សៀមរាបបានទទួលភ្ញៀវខ្មែរជាហូរហែរទៅទស្សនា ដោយសារទឹកដីអង្គរ អាជ្ញាធរបានរៀបចំសោភណ្ឌភាពគួរឲ្យទាក់ទាញ ប៉ុន្តែដោយសារជួបវិស័យសេដ្ឋកិច្ចដូចៗគ្នា ពលរដ្ឋដែលដើរកម្សាន្តក៍មិនសូវសម្បូរប្រាក់ចាយវាយ ដែរ។ លោកសុផាថា “អ្នកទេសចរជាច្រើនគាត់បានវេចចំណីអាហារមកហូប។ អ្នកលក់ដូរនៅទីនេះគ្រប់គ្នា លក់មិនដាច់ទេ។ មិនអាហារ វត្ថុអនុស្សាវរីយ៍គឺចំណូលបានធ្លាក់ចុះគ្រប់គ្នា”។

កញ្ញា ថាវី ជាបុគ្គលិកសណ្ឋគារមួយដែលបានបិទទ្វា។ គាត់បានមកជួយលក់ការហ្វេឲ្យបងប្អូន នៅតាមដងផ្លូវមួយនាក្រុងសៀមរាប ក្រោយពីបានបាត់បង់ការងារមក។ កញ្ញានិយាយថា ជិតមួយឆ្នាំហើយ ដែលកញ្ញាបានជួបវិបត្តិសេដ្ឋកិច្ចជាខ្លំាង ពិសេសប្រាក់បំណុលធនាគារ ដែលគាត់ត្រូវបង់ប្រចំាខែ ជាង៣០០ដុល្លារ។ “កាលនៅមានការងារធ្វើ ខ្ញុំបានទិញដីមួយកន្លែង ដោយបានខ្ចីប្រាក់ពីធនាគារ។ ដោយសារអត់មានចំណូល ខ្ញុំបានដាក់លក់ដីនោះវិញ តែគ្មានអ្នកទិញទេ”។

រៀងរាល់ខែគាត់ ទទួលបានចំណួល ១០០ដុល្លារ រួមនឹងការហូបចុកប្រចំាថ្ងៃ ពីការជួយលក់កាហ្វេឲ្យបងប្អូននេះ។ កញ្ញាបានសន្សំប្រាក់តិចតូចដែលរកបាន បញ្ចូលនឹងការខ្ចីប្រាក់ពីបងប្អូនបន្ថែម សម្រាប់បង់ទៅឲ្យធនាគារជាប្រចំាដោយរងចំាការលក់ដី ដែលបានដាក់លក់ច្រើនខែនោះដាច់។ “បើសិនជាវិបត្តិកូវីដ១៩ នៅតែអូសបន្លាយទៀត ប្រាកដជាពលរដ្ឋជាច្រើនយ៉ាប់ហើយ មិនមែនតែខ្ញុំទេ ជាទូទៅពលរដ្ឋត្អូញគ្រប់គ្នា។ អ្នកខ្លះបានមាស លក់របស់ដែលបានសន្សំពីមុនចាយ បណ្តោះអាសន្ននាពេលនេះ”។

និយាយដូច្នេះ កញ្ញាសំអាងថា “មិត្តភក្តិដែលធ្លាប់ធ្វើការសណ្គាគារជាមួយខ្ញុំ គេបានវិលទៅស្រុកវិញ រងចំាសណ្ឋាគារបើកឡើងវិញ នៅក្នុងពេលនេះ គេបានចាយប្រាក់បន្តិចបន្តូចដែលបានសន្សំពីមុន។ អ្នកខ្លះលក់ខ្សែករ លក់ខ្សែដៃដែលបានធ្វើចាយសិសន”។

មកដល់ថ្ងៃទី ១៨ មករា​ ២០២១​នេះកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៤៣៩នាក់ អ្នកដែលបានជាសះស្បើយចំនួន៣៨៦នាក់។ ក្រោយពីបានបិទបញ្ចប់ការឆ្លងសហគមន៍២៨វិច្ឆិកា កម្ពុជាបានកំពុងប្រឈមការឆ្លងកូវីដ១៩ពីពលខ្មែរដែលចេញពីប្រទេសថៃចូលកមកម្ពុជា។ មិនថាតែកម្ពុជានោះទេគឺជាសកលតែម្តង នៅតែបន្តគម្រាមកំហែងដោយសារកូវីដ១៩ជាដដែល តម្រូវឲ្យពលរដ្ឋបន្តប្រុងប្រយ័ត្នអនុវត្តវិធានការការពារដោយមិនត្រូវធ្វេសប្រហែសឡើយ ដូចជាគម្លាត ពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ ដរាបណាកូវីដ១៩នៅតែគំរាមកំហែងដូច្នេះ អ្នកសេដ្ឋកិច្ចមើលឃើញថាបញ្ហាជីវភាពពលរដ្ឋនៅតែប្រឈម ហើយការប្រឈមដល់ពេលណានោះ គឺអាស្រ័យលើស្ថានភាពកូវីដ១៩នេះតែម្តង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ