លោក ស ថេ​ត ៖ លុប​បំបាត់​យានយន្ត​គ្រប់​ប្រភេទ​ដែល​បង្ក​សំឡេង​រំខាន​ខ្លាំង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក ស ថេ​ត ៖ លុប​បំបាត់​យានយន្ត​គ្រប់​ប្រភេទ​ដែល​បង្ក​សំឡេង​រំខាន​ខ្លាំង

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២១ ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២១ ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ផ្សព្វផ្សាយ​សេចក្តីណែនាំ របស់​ក្រសួងមហាផ្ទៃ ស្តី​ពី ការ​លុប​បំបាត់​ការ​បង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ត​គ្រប់​ប្រភេទ ។

ក្នុង​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​លោក លោកស្រី​ស្នងការ​រង លោក​អធិការ​នគរបាល​ខណ្ឌ​ទាំង​១៤ និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ ហើយ​ក៏​មានការ​ចូលរួម​មតិយោបល់ អំពី​ការ​អនុវត្ត​ជាក់ស្តែង បញ្ហា​ប្រឈម​នានា របស់​លោក លោកស្រី​ស្នងការ​រង លោក​អធិការ ក្នុង​ការ​អនុវត្ត​ការងារ​លើ​ការ​ចាប់​ឃាត់ យានយន្ត​កែ​ច្នៃ​ស៊ី​មាំ​ង ដែល​តែងតែ​បង្ក​សំឡេង​រំខាន​ដល់​ការ​សម្រាក​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។

ជា​កិច្ច​បន្ទាប់​លោកស្នងការ ក៏​បាន​ផ្តល់​មតិ​ណែនាំ​ល្អ​ៗ​ជា​ច្រើន​ដល់​អង្គប្រជុំ ដើម្បី​យក​ទៅ​អនុវត្ត​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ឲ្យ​បាន​ត្រឹមត្រូវ មិន​ត្រូវ​អនុវត្ត​លើស​ពី​ការ​ណែនាំ​ឡើយ ។ ម្យ៉ាងវិញទៀត​ចំពោះ​អ្នក​ប្រើប្រាស់​យានយន្ត​កែ​ច្នៃ​ស៊ី​មាំ​ង នឹង​ត្រូវ​ធ្វើការ​ណែនាំ​អប់រំ ធ្វើការ​ផាកពិន័យ​តាម​ច្បាប់​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​នាំ​យក​យានយន្ត​មក​រក្សា​ទុក​នៅ​កន្លែង​សមត្ថកិច្ច​រយៈពេល ០៣​ថ្ងៃ ។

បន្ថែម​លើ​នេះ​ទៀត លោកស្នងការ បាន​បញ្ជា​ដល់​អធិការ​ខណ្ឌ​ទាំងអស់ ត្រូវ​តែ​ចុះ​ធ្វើការ​ណែនាំ​អប់រំ​ដល់​គ្រប់​ទីតាំង​ជួសជុល និង​កែ​ច្នៃ​យានយន្ត ត្រូវ​ចូលរួម​សហការ ដោយ​មិន​ត្រូវ​តែ​កែ​ច្នៃ​ស៊ី​មាំ​ង ណា​ដែល​បង្ក​សំឡេង​រំខាន​ខ្លាំង ដល់​ការ​សម្រាក​របស់​ប្រជាពលរដ្ឋ​ឡើយ ។

ជា​កិច្ចបញ្ចប់​លោកស្នងការ​បាន​ណែនាំ​ឲ្យ​គ្រប់​អធិការ​ខណ្ឌ​ទាំងអស់ ត្រូវ​តែ​យកចិត្តទុកដាក់ ក្នុង​ការ​សហការ​គ្នា បញ្ជា​កម្លាំង ដើម្បី​ចេញ​ជួយ​សម្រួល​ចរាចរណ៍ តាម​គ្រប់​គោលដៅ​ដែល​តែងតែ​កកស្ទះ ជា​ពិសេស​ត្រូវ​មាន​កម្លាំង​ចរាចរណ៍​ចល័ត ដើម្បី​ចុះ​ជួយ​តាម​គ្រប់​គោលដៅ​ក្នុង​ការ​ដោះស្រាយ​ឲ្យ​បាន​ធូរស្រាល​លើ​បញ្ហា​កកស្ទះ ។

សូម​បញ្ជាក់​ថា ការ​អនុវត្ត​ការ​ណែនាំ​អប់រំ និង​ឃាត់​ដើម្បី​ធ្វើការ​ផាកពិន័យ ចំពោះ​យានយន្ត​ដែល​កែ​ច្នៃ បង្ក​សំឡេង​រំខាន​នេះ សមត្ថកិច្ច​នឹង​ធ្វើការ​សហការ​ជាមួយ​ក្រសួងបរិស្ថាន ដើម្បី​ប្រើប្រាស់​ម៉ាស៊ីន​ក្នុង​ការ​វាស់​កម្រិត​សំឡេង​ដែល​បង្ក​ដោយ​យានយន្ត​គ្រប់​ប្រភេទ ៕