ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាថៃ​​ពន្យារពេល​ផ្តល់​ការ​អនុម័ត​លើ​កំណត់ហេតុ​​របស់ JBC ​ទៀត

15 ឆ្នាំ មុន

កាសែត​ឌឹណេស្សិន​​របស់ថៃ​​​​ជាភាសា​អង់​គ្លេស​​​នៅថ្ងៃទី​​​២៦ មីនា ​ចេញផ្សាយ​ព័ត៌​មាន​​ដោយ​ដកស្រង់​សម្តីមន្ត្រី​​គណបក្ស​​ប្រជាធិប​តេយ្យ​​​​កំពុងកាន់អំណាច​របស់ថៃ​​ដែលថ្លែង​ថា កាលពីថ្ងៃទី​​​២៥ មីនា សភា​បានបើក​កិច្ចប្រជុំ​​​តាមការ​គ្រោង​ទុករបស់ខ្លួន​ដើម្បី​​ពិភាក្សា​​លើការ​​​អនុម័ត​កំណត់ហេតុ​​របាយការណ៍​​ចំនួន​៣​របស់​​គណៈ​កម្មាធិការ​ព្រំដែន​​​ចម្រុះ (JBC) ប៉ុន្តែ​​​មិន​ទាន់​បាន​​បោះឆ្នោត​​អនុម័ត​លើ​កំណត់​ហេតុ​​ទាំង​នេះ​នៅឡើយទេ ​គឺរហូត​​ដល់​ថ្ងៃ​ទី​​២៩ មីនា ខាង​មុខ ។​

តម្រូវ​​ដោយ​មាត្រា​ទី​​១៩០ នៃ​រដ្ឋធម្មនុញ្ញ​​ការបើក​​សម័យប្រជុំ​​​រួមគ្នា​​របស់​​​​សភា និង​ព្រឹទ្ធ​សភា​ថៃ​​​ធ្វើឡើង​​ ដើម្បី​​ពិចារណា​ និងពិភាក្សា​​​ពីកំណត់ហេតុ​​​ទាំង​​៣​របស់​ JBC ដើម្បី​​ត្រួស​ត្រាយ​ផ្លូវ​​ឱ្យ JBC បន្ត​​បើក​កិច្ចប្រជុំ​​ស្តី​អំពី​ការ​កំណត់​ព្រំដែន​​រវាង​​ប្រទេសថៃ និង​ប្រទេស​កម្ពុជា ។​

នាយករដ្ឋមន្ត្រី​​ថៃ លោក​អាប់ភីស៊ីត វ៉េចាជី​វ៉ា ​បានទទូច​ដល់​​សភា​ឱ្យ​ប្រញាប់​ផ្តល់ការ​អនុម័ត​​លើ​កំណត់​ហេតុទាំង​​៣​របស់​ JBC ដើម្បី​​បង្ហាញ​ដល់​សហគមន៍​អន្តរជាតិ​ថា ​យន្ត​ការ​​ទំនាក់ទំនង​​ទ្វេភាគី​​រវាង​ប្រទេសថៃ និងប្រទេស​កម្ពុជា​អាច​ដោះស្រាយ​​ជម្លោះ​រវាង​​ប្រទេសទាំង​​​២​បាន ។​

កាសែត​ឌឹណេស្សិន​​បាន​ដកស្រង់​សម្តី​លោក​​អាប់ភីស៊ីត ​​ដែល​ថ្លែង​​ប្រាប់​សភា​ថា «ប្រសិនបើ​​យើង​​មិនអនុញ្ញាត​​ឱ្យ​គណៈ​កម្មាធិការ​​ព្រំដែន​ចម្រុះ JBC បំពេញ​​​​កាតព្វកិច្ច​​​របស់ខ្លួន​ ដោយ​សារ​​កំណត់ហេតុ​​​របស់ខ្លួន​​មិនទាន់ទទួល​បានការ​អនុម័ត​​ នោះ​សហគមន៍​​អន្តរជាតិ​​មាន​ដូច​ជា​​អង្គការ​​សហប្រជាជាតិ​​ និង​អាស៊ាន​ជា​ដើម​នឹង​ព្យាយាម​​ជាប់ពាក់ព័ន្ធ​​​ជាមួយ​បញ្ហា​ជម្លោះ​​រវាង​ថៃ និង​កម្ពុជា​» ។​

កំណត់ហេតុ​​របាយការណ៍​​ទាំង​​​៣​របស់ ​JBC ត្រូវ​​បានដាក់​ជូនសភា​​ថៃ​ដើម្បី​​ផ្តល់ការ​អនុម័ត​​​ចាប់តាំង​ពី​​កិច្ច​​ប្រជុំ​​លើកចុងក្រោយ​​របស់ ​JBC កាល​ពីខែ​មេសា ឆ្នាំ​២០០៩ ​កន្លងមក ​ហើយ​សភា​​ថៃ​បានពន្យា​រពេល​​​ផ្តល់​ការ​អនុម័ត​​​លើ​កំណត់ហេតុ​​ទាំងនេះ​​រហូត​ដោយ​​​សារ​មានការ​ប្រឆាំង​តវ៉ា​​ពី​ពួកជ្រុល​និយម​​សៀម​​ ពិសេស​ក្រុម​អាវ​លឿង ។​

សភាថៃ​បានបើក​កិច្ចប្រជុំ​​ស្តីពី​ការ​ផ្តល់​​​ការ​អនុម័ត​​លើ​កំណត់ហេតុ​​​របាយការណ៍​ចំនួន​​៣​របស់​ JBC កាល​​ពីថ្ងៃទី​​២៥ មីនា ​កន្លងមក ​តាម​ការ​​​គ្រោងទុក​របស់​​ខ្លួន បើ​ទោះ​បីជា​ក្រុម​​ជ្រុល​​និយម​អាវលឿង​គំរាម​​​ឡោមព័ទ្ធ​​​អគារ​វិមានរដ្ឋ​​សភា​ក៏ដោយ ​ប៉ុន្តែ​មិនទាន់​ផ្តល់​​ការអនុម័ត​​លើ​កំណត់​​ហេតុរបស់​ JBC ដដែល​​។​ ទោះបីជា​​បែបណា​ ពុំ​មាន​ប្រភព​ណា​មួយ​​បង្ហើប​​​​​ឱ្យ​​ដឹង​ពី​មូលហេតុ​​ដែលនាំ​​ឱ្យ​សភា​ថៃ​ពន្យារ​ពេល​​ផ្តល់​​ការ​អនុម័ត​​លើ​កំណត់​ហេតុ​របាយ​ការណ៍​​របស់ ​JBC ទៀត​នោះ​ទេ ៕​