ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃី​ម បូ​រ៉ា​-​មាស ច័ន្ទ​មាន ដណ្តើម​ខ្សែក្រវាត់​គ្នា​ស្រប​ពេល SEA-TV បើក​សម្ពោធ​ប្រព័ន្ធ​ផ្សាយ​ថ្មី

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៤ កក្កដា ម្សិលមិញ ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​រៀបចំ​កម្មវិធី​សម្ពោធ​ស្ថានីយ​ផ្សាយ​បន្ត​ផ្លូវការ បន្ទាប់​ពី​កែសម្រួល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​មាន​សក្តានុពល​គ្របដណ្ដប់​ទូ​ទាំង​ប្រទេស ។

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៤ កក្កដា ម្សិលមិញ ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​រៀបចំ​កម្មវិធី​សម្ពោធ​ស្ថានីយ​ផ្សាយ​បន្ត​ផ្លូវការ បន្ទាប់​ពី​កែសម្រួល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​មាន​សក្តានុពល​គ្របដណ្ដប់​ទូ​ទាំង​ប្រទេស ។ ការ​ដំឡើង​ប្រព័ន្ធ​ផ្សាយ​បន្ត​ថ្មី​នេះ​ត្រូវ​គេ​មើលឃើញ​ថា ស្រប​នឹង​បរិបទ​ដែល​កីឡាករ​២​រូប​គឺ ឃី​ម បូ​រ៉ា និង​មាស ច័ន្ទ​មាន ហៀបនឹង​ឡើង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​គ្នា​ដ៏​កក្រើក​នៅ​ស​ប្ដា​ហ៍​ក្រោយ ។

លោក​ញាណ សុធី មន្ត្រីជាន់ខ្ពស់​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ថ្លែងប្រាប់​ថា មក​ទល់​ពេល​នេះ ស្ថាប័ន​របស់​លោក​បាន​ដំឡើង​ស្ថានីយ​ផ្សាយ​បន្ត​នៅ​តាម​ខេត្ត​-​ក្រុង​ចំនួន​១៣​បន្ថែម​ហើយ ដោយ​មិន​រាប់​បញ្ចូល​ស្ថានីយទូរទស្សន៍​ធំ​ដែល​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទេ ។ តំបន់​ដែល​មាន​ស្ថានីយទូរទស្សន៍​ផ្សាយ​បន្ត​ទាំងនោះ​រួម​មាន ខេត្ត​ព្រះ​សីហ​នុ ពោធិ៍សាត់ សៀមរាប បាត់ដំបង បន្ទាយ​មាន​ជ័យ រតនគិរី ស្ទឹង​ត្រែង ក្រចេះ កំពត ស្វាយ​រៀង កំពង់ចាម កំពង់ធំ និង​ឧត្តរមានជ័យ ។ ក្នុង​ខេត្ត​ចំនួន​៥​ទៀត​រួម​មាន មណ្ឌលគិរី ប៉ៃលិន ព្រះ​វិហារ កោះកុង និង​កែប ក៏​កំពុង​ដំណើរការ​សាងសង់​រៀបនឹង​ដាក់​ឲ្យ​ដំណើរការ​ដែរ ។ បន្ថែម​ពី​ការ​សាងសង់​ស្ថានីយទូរទស្សន៍​ផ្សាយ​បន្ត​ដែល​ធ្វើ​ឲ្យ​ការ​ផ្សាយ​ចេញ​រូបភាព​មាន​វិសាលភាព​ធំធេង លោក​ក៏​អះអាង​ពី​ការ​ដំឡើង​ប្រព័ន្ធ​ផ្សាយ​ដែល​បំពាក់​ឧបករណ៍​ទំនើប​ៗ ដើម្បី​ឲ្យ​ការ​ចែកចាយ​រូបភាព​ពី​ស្ថានីយ​ធំ គ្មាន​ការ​រំខាន និង​មាន​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក​នៅ​តាម​ស្រុកភូមិ និង​ខេត្ត​ក្រុង​នៅ​កម្ពុជា ។ មុន​ការ​ប្រកាស​ជា​ផ្លូវការ​ដាក់​ឲ្យ​ដំណើរការ​នូវ​ស្ថានីយ​ផ្សាយ​បន្ត​នេះ ក្រុមការងារ​របស់​លោក ក៏​បាន​ចាត់​គ្នា​ទៅ​គ្រប់​ខេត្ត​-​ក្រុង​ប្រកាស​ឲ្យ​ដឹង​ពី​របៀប​រាវរក​ប៉ុស្ដិ៍​មួយ​នេះ​ឲ្យ​មាន​លក្ខណៈ​ច្បាស់​ល្អ​នៅ​ក្នុង​ខេត្ត​-​ក្រុង​ដែល​មាន​ស្ថានីយ​ថ្មី​ទៅ​ដល់ ។ លោក​ញាណ សុធី បន្ត​ថា ការ​ដាក់​ឲ្យ​ដំណើរការ​ស្ថានីយ​ផ្សាយ​បន្ត​ដោយ​ដំឡើង​កម្លាំង​ផ្សាយ​កាន់តែ​ទូលំទូលាយ​នៅ​ទូ​ទាំង​ប្រទេស​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កម្មវិធី​ដែល​កាន់តែ​មាន​លក្ខណៈ​ប្រកួតប្រជែង ជា​ពិសេស​គឺ​ព្រឹត្តិការណ៍​ប្រដាល់​នា​ពេល​ចុង​ក្រោយ ។ លោក​បង្ហាញ​ឲ្យ​ឃើញ​ពី​សុទិដ្ឋិនិយម​នៃ​ការ​ផ្សាយ​ចេញ​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​អាច​បញ្ជូន​រូបភាព​បាន​គ្រប់​ខេត្ត​-​ក្រុង ស្រប​ពេល​ដែល​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​រវាង​កីឡាករ​២​រូប​នឹង​ត្រូវធ្វើ​ឡើង ។ អ្នក​រៀបចំ​ការ​ប្រដាល់​ដែល​ធ្លាប់​មានកេរ្តិ៍ឈ្មោះ​នៅ​ប៉ុស្ដិ៍​លេខ​៥ រូប​នេះ​និយាយ​ថា ៖ «​ខ្ញុំ​ថា ការ​ដំណើរការ​ស្ថានីយ​បន្ត​ផ្ទាល់​នៅ​តាម​ខេត្ត​ហ្នឹង គឺ​ដូច​អបអរ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​របស់ ឃី​ម បូ​រ៉ា និង​មាស ច័ន្ទ​មាន អ​ញ្ចឹ​ង ព្រោះ​ព្រឹត្តិការណ៍​ហ្នឹង​ខ្ញុំ​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែ​ក្រោយ (​សីហា​) ហើយ​ខ្ញុំ​រៀបចំ​ឲ្យ​កក្រើក
អ​ញ្ចឹ​ង​គឺ​ល្អ​ព្រោះ​ចំ​ពេល​ដែល​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ត្រូវ​គេ​មើលឃើញ​ស្ទើរ​ពេញ​ប្រទេស​ល្មម​!»​។ បើ​ទោះជា​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ មានកម្ម​វិធី​កម្សាន្ត កម្មវិធី​អប់រំ និង​ព្រឹត្តិការណ៍​ប្រដាល់​ធំ​ៗ ដែល​ចាត់ទុកជា​ស្ថាប័ន​ទូរទស្សន៍​មាន​លក្ខណៈ​ប្រកួតប្រជែង ប៉ុន្តែ​លោក​ថា ការ​បញ្ជូន​រូបភាព​នៅ​កាន់​បណ្ដា​ខេត្ត​-​ក្រុង​មួយ​ចំនួន​មិនសូវ​ល្អ​ទេ នា​ពេល​កន្លង​មក​។ អ​ញ្ចឹ​ង​ហើយ​ទើប​ការ​ដំឡើង​ស្ថានីយទូរទស្សន៍​ផ្សាយ​បន្ត និង​ការ​ប្រកាស​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សាយ​រូបភាព​ថ្មី​នេះ​ជា​ច​លករ​ដែល​អាច​ជួយ​ឲ្យ​កម្មវិធី​ទាំងឡាយ ជា​ពិសេស​ព្រឹត្តិការណ៍​ប្រដាល់​ដែល​លោក​សម្រិតសម្រាំង នឹង​មាន​ប្រជាប្រិយភាព ។

កម្មវិធី​សម្ពោធ​ស្ថានីយ​ផ្សាយ​បន្ត​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សណ្ឋាគារ Raffles Hotel Le Royal ដោយ​មាន​ចាក់​បង្ហាញ​ពី​សេវា​របស់​ប្រព័ន្ធ​ថ្មី ដែល​មាន​វិសាលភាព​នៅ​ពេញ​ទូ​ទាំង​ប្រទេស បើ​ទោះជា​នៅ​ខេត្ត​ខ្លះ​នៅ​មិន​ទាន់​មាន​ស្ថានីយ​ផ្សាយ​បន្ត​ក្ដី ។ ដោយសារ​តែ​ស្ថានីយ​ផ្សាយ​បន្ត​មួយ​អាច​ចាប់​រូបភាព​ហើយ​ផ្សាយ​គ្របដណ្ដប់​លើ​ខេត្ត​ជិតខាង​បាន​ដោយ​មិន​ពិបាក ។ ពិធី​នេះ​មានការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​កម្មវិធី​ខ្លាំង​ជា​ច្រើន ដែល​ក្នុង​នោះ​ព្រឹត្តិការណ៍​ប្រដាល់​ត្រូវ​គេ​ឃើញ​មានការ​ដាក់​បង្ហាញ​ស្ទើរ​ច្រើន​ជាងគេ ដោយសារ​តែ​ក្នុង​មួ​យស​ប្ដា​ហ៍​មាន​ដល់​ទៅ​៤​កម្មវិធី ដែល​ការ​ប្រដាល់​អន្តរជាតិ​ក៏​មាន​ច្រើន​ជាងគេ និង​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ចុង​ក្រោយ ក៏​ចាត់ទុកជា​ព្រឹត្តិការណ៍​រំជើបរំជួល​របស់​អ្នក​ស្នេហា​ការ​ប្រដាល់​ដែរ ។ បន្ទាប់​ពី​ការ​ប្រកាស​ឲ្យ​ប្រើ​ស្ថានីយ​ផ្សាយ​បន្ត​ផ្លូវការ នៅ​ពេល​ល្ងាច​ក៏​មាន​វេទិកា​ចម្រៀង​គគ្រឹកគគ្រេង​ចូលរួម​ដោយ​លោក​ខេមរៈ សិរីមន្ត លោក​ខេ​ម កញ្ញា​សុខ ពិសី កញ្ញា​អុ​ី​វ៉ា និង​ក្រុម​តារាចម្រៀង​មក​ពី​ប្រទេស​ថៃ​ប្រគំ​កំដរ​នៅ​ស្ទី​ឌី​យោ​ចាប់ពី​ម៉ោង​៦​ល្ងាច ដល់​ម៉ោង​១០​និង​៣០​នាទី​យប់ និង​មាន​អ្នកចូលរួម​កុះករ​ផង​ដែរ ។

លោក​ញាណ សុធី ប្រាប់​ថា នេះ​ជា​សញ្ញា​វិជ្ជមាន​ដែល​ការ​ប្រដាល់​អន្តរជាតិ​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាន់តែ​មាន​វត្តមាន​កីឡាករ​ល្អ​មក​ពី​ប្រទេស​ថៃ និង​នៅ​កម្ពុជា ហើយ​ក៏​ចំ​ពេល​ដែល​កីឡាករ​ឃី​ម បូ​រ៉ា និង​កីឡាករ​មាស ច័ន្ទ​មាន ត្រូវ​វាយ​ដណ្ដើម​ខ្សែក្រវាត់​គ្នា​នៅ​ថ្ងៃ​ទី​១ សីហា ។ លោក​ចាត់​ទុក​ការ​បើក​ដំណើរការ​ស្ថានីយ​ផ្សាយ​បន្ត​ថ្មី នឹង​ជួយ​ឲ្យ​អ្នក​ទស្សនា​នៅ​ទូ​ទាំង​ប្រទេស​អាច​ទស្សនា​បាន​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក ៕