ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បៈ​ដាប់​ចម្លាក់​ស្បែក​បន្ត​រស់នៅ​ក្នុង​ខេត្តសៀមរាប

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កាលពី​អំឡុង​ឆ្នាំ​១៩៩៤ សមាគម «​ផ្ទះ​សន្តិភាព​» បាន​បង្កើត​ឡើង​នៅ​ខេត្តសៀមរាប ដោយ​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ។ សមាគម​ផ្ទះ​សន្តិភាព​បាន​កសាង​អគារ​បង្រៀន​ដាប់​ចម្លាក់​ស្បែក​មួយ​ខ្នង

ខេត្តសៀមរាប ៖ កាលពី​អំឡុង​ឆ្នាំ​១៩៩៤ សមាគម «​ផ្ទះ​សន្តិភាព​» បាន​បង្កើត​ឡើង​នៅ​ខេត្តសៀមរាប ដោយ​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ។ សមាគម​ផ្ទះ​សន្តិភាព​បាន​កសាង​អគារ​បង្រៀន​ដាប់​ចម្លាក់​ស្បែក​មួយ​ខ្នង នៅ​ភូមិ​គោក​ប៉ា​ទ្រី ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

លោកតា​ចិន គង់ ហៅ​ប៉ុង ជា​គ្រូបង្ហាត់​បង្រៀន ក្មេង​ៗ ជំនាន់​ក្រោយ​ឱ្យ​ស្គាល់ ឱ្យ​ចេះ​គូរ ចេះ​ដាប់​ចម្លាក់​ស្បែក ដើម្បី​បន្ត​មរតក​នេះ ។ មក​ដល់​បច្ចុប្បន្ន​នេះ លោកតា ចិន គង់ មាន​អាយុ​៨៤​ឆ្នាំ​ហើយ ។ កាលពី​២​ឆ្នាំ​មុន លោក​ព្រឹទ្ធាចារ្យ​បាន​លាឈប់​ពី​តួនាទី​ជា​គ្រូបង្រៀន​សិល្បៈ​ដាប់​ស្បែក ដោយសារ​តែ​វ័យចាស់​ជរា​របស់​គាត់ ។

លោក​ជឿន ចិ​ត្រា អាយុ​៣៧​ឆ្នាំ រៀបរាប់​កាលពី​ពេល ថ្មី​ៗ​នេះ​ថា គាត់​បាន​រៀន​ចេះ​ដឹង​ពី​លោកតា​ចិន គង់ និង​ជា​អ្នក​បន្តវេន ។ លោក​ចិ​ត្រា បច្ចុប្បន្ន​ជា​គ្រូសិល្បៈ​ដាប់​ចម្លាក់​ស្បែក​នៅ​សមាគម​ផ្ទះ​សន្តិភាព ។

ដើម្បី​ចាប់​យកចំណេះ​ឱ្យ​បាន​ស្ទាត់ជំនាញ​ខាង​លិ​ស្បៈ​ដាប់​ចម្លាក់​ស្បែក​នេះ លោក​ជឿន ចិ​ត្រា ថា ត្រូវ​ចំណាយពេល​យ៉ាងតិច​ក៏​៣​ឆ្នាំ​ដែរ ចំពោះ​អ្នកមាន​ទេព​កោសល្យ ។
តាំង​តែ​ពីសា​លា​ចាប់បដិសន្ធិ​រយៈពេល​២០​ឆ្នាំ​មកនេះ មាន​សិស្ស​ប្រមាណ​២០០​នាក់ ប៉ុន្តែ​សិស្ស​ដែល​បាន​ឆ្លងកាត់​ការ​សិក្សា​នាំ​យក​ទៅ​ជាមួយ​នូវ​ជំនាញ​ដាប់​ចម្លាក់​ស្បែក​ពិតប្រាកដ​មាន​ប្រហែល​២០​នាក់​ប៉ុណ្ណោះ ។ នៅ​ក្នុង​ចំណោម​២០​នាក់ មាន​តែ​៥​នាក់​ប៉ុណ្ណោះ ដែល​បាន​យកចំណេះ​របស់​ខ្លួន បើក​សិប្បកម្ម បង្រៀន​សិស្ស​បន្ត រួម​ជាមួយ​មុខរបរ​លក់​វត្ថុ​អនុស្សាវរីយ៍​ចម្លាក់​ស្បែក​នៅ​ស្រុក​ប្រាសាទបាគង និង​ស្រុក​បន្ទាយស្រី ។

លោក​ជឿន ចិ​ត្រា  ក្នុង​តួនាទី​ជា​អ្នក​បន្តវេន​ពី​លោកតា​ចិន គង់ បច្ចុប្បន្ន​មាន​សិស្ស​ចំនួន​១៤​នាក់ ក្នុង​នោះ​ប្រុស​៧​នាក់ ដោយ​ពួក​គេ​ជា​កូន​អ្នក​ក្រីក្រ និង​ជា​ក្មេង​កំព្រា ។ ពួក​គេ​បាន​សិក្សា​សិល្បៈ​ដាប់​ចម្លាក់​ស្បែក ខ្លះ​បាន​១​ឆ្នាំ ខ្លះ​បាន​២​ឆ្នាំ​ហើយ ។ សាលា​មិន​កំណត់​ម៉ោង​ឱ្យ​សិស្ស​រៀន​ទេ គឺ​ពួក​គេ​អាច​រៀន​បាន​នៅ​ពេល​ដែល​ពួក​គេ​ទំនេរ​ពី​ការ​សិក្សា​នៅ​សាលា​រដ្ឋ ។ នៅ​ក្នុងអំឡុងពេល​នៃ​ការ​សិក្សា​នេះ ពួក​គេ​បាន​ទទួល​ការ​ឧបត្ថម្ភ​លើកទឹកចិត្ត​ពី​សមាគម​ក្នុង​១​ខែ ១៥​ដុល្លារ ។ ចំពោះ​ផលិតផល​ដែល​ពួក​គេ​ធ្វើ​បាន មាន​ប្រាក់​រង្វាន់​ផ្សេង​ទៀត ។

លោក​ពេជ្រ ទុំ​ក្រវិល បាន​សិក្សា​ស្រាវជ្រាវ​ប្រមែប្រមូល​ឯកសារ​នានា​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៣ ដើម្បី​ចងក្រង​ឡើង​វិញ​អំពី​ទម្រង់​នៃ​សិល្បៈ​ស្បែក​ធំ ក្នុង​នោះ​ក៏​បាន​និយាយ​អំពី​សិល្បៈ​ដាប់​ស្បែក​ផង​ដែរ ។ ជា​ការ​ព្រួយបារម្ភ​ក្នុង​គំនិត «​សូវ​ស្តួច កុំឱ្យ​ដាច់​» ដូច្នេះ​លោក​ព្រឹទ្ធាចារ្យ​ពេជ្រ ទុំ​ក្រវិល បាន​ចងក្រង​សៀវភៅ​ស្បែក​ធំ​នេះ​ឡើង បើ​ទោះបី​បាន​តែ​មួយ​ជ្រុង មិន​បាន​គ្រប់​ជ្រុងជ្រោយ​ក៏​ដោយ ៕