ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​បឹង​តា​មោក​នឹង​ក្លាយជា​យ៉ាង​ណា​? ក្រោយ​អភិវឌ្ឍន៍​ផង ត្រូវ​រំលោ.ភ​យក​ផង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បឹង​តា​មោក ហៅ​បឹង​កប់​ស្រូវ នឹង​បាត់​រូបរាង​នៅ​ពេល​អនាគត ហើយ​ក្លាយជា​តំបន់​អភិវឌ្ឍន៍​បណ្តើរ​ៗ ដោយ​ផ្នែក​មួយ​ចំនួន ត្រូវ​បាន​ចាក់​លុប​ដោយ​ក្រុមហ៊ុន ឯកជន និង​រដ្ឋ…

រាជធានី​ភ្នំពេញ ៖ បឹង​តា​មោក ហៅ​បឹង​កប់​ស្រូវ នឹង​បាត់​រូបរាង​នៅ​ពេល​អនាគត ហើយ​ក្លាយជា​តំបន់​អភិវឌ្ឍន៍​បណ្តើរ​ៗ ដោយ​ផ្នែក​មួយ​ចំនួន ត្រូវ​បាន​ចាក់​លុប​ដោយ​ក្រុមហ៊ុន ឯកជន និង​រដ្ឋ បន្ទាប់​ពី​ទទួល​បាន ស​ជ​ណ របស់​រាជរដ្ឋាភិបាល​កម្ពុជា ប្រគល់​ឱ្យ​ដើម្បី​អភិវឌ្ឍន៍ និង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​រំលោភ​យក​ពី​សំណាក់​អ្នកមាន​អំណាច មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ។

បឹង តា​មោក ហៅ​បឹង​កប់​ស្រូវ ជា​បឹង​ធម្មជាតិ​មួយ​លាតសន្ធឹង​លើ​ផ្ទៃ​បឹង​ប្រមាណ​ជិត​៤​ពាន់​ហិ​កតា ដែល​មាន​ព្រំប្រទល់​ខាងត្បូង​ជាប់​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​សង្កាត់​គោករ​ការ​, ខាងលិច​ជាប់​សង្កាត់​ព​ន្សាំ​ង​, ផ្នែក​ខាងជើង​ជាប់​ផ្លូវ​លេខ​១៥១ សង្កាត់​ពញា​ពន់ និង​ផ្នែក​ខាងកើត​សង្កាត់​សំរោង និង​សង្កាត់​ព្រែក​ព្នៅ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

នៅ​កំឡុង​ឆ្នាំ​២០១០ គេ​នៅ​ចាំ​ថា រាជរដ្ឋាភិបាល ក៏​បាន​ប្រគល់​ចំណែក​បឹង​ដ៏​តូច​មួយ​នៅ​ក្នុង​សង្កាត់​ព្រែក​ព្នៅ ដើម្បី​ឱ្យ​ក្រុមហ៊ុន​មួយ​ធ្វើការ​អភិវឌ្ឍន៍ ធ្វើ​ជា​កន្លែង​លំហែកាយ​, តំបន់ ឡុ​ង​ឈិ​ន​ជិត​រួចរាល់ ។ លុះ​ក្រោយមក​លោក​រដ្ឋមន្ត្រី​ធនធានទឹក និង​ឧតុនិយម លឹ​ម គាន​ហោ ដឹកនាំ​កម្លាំង​​វាយ​កម្ទេច​ចោល ដោយ​ចោទ​ថា រំលោភ​យក​ដី​បឹង​ធម្មជាតិ​មួយ​នេះ​។

ទោះបីជា​យ៉ាងណា ផ្ទៃ​បឹង​មួយ​ផ្នែក នៅ​អតីត​តំបន់​ឡុ​ង ឈិ​ន នោះ មិន​បាន​រក្សា​ឱ្យ​នៅ​គង់វង្ស​ទុកជា​សម្បត្តិ​រដ្ឋ​នោះ​ទេ ហើយ​ច​ច្ចុ​ប្បន្ន​ក៏​បាន​ក្លាយទៅជា​កម្មសិទ្ធិ​អ្នកមាន​អំណាច​ដែល​មួយ​ភាគ​ធំ​សុទ្ធ​ជា​ឧត្តមសេនីយ៍ យោធា រំលោភ​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ ដោយ​ធ្វើ​ជា​ភូមិ​គ្រឹះ ផ្ទះ​វីឡា​អស់​ទៅ​ហើយ គឺ​ស្រប​ខាងលិច ផ្លូវ និង​ស្ពាន​ឡុ​ងឈិន​​នោះ​ចាប់ពី​កែង​មហាវិថី​ឈ្នះ​ឈ្នះ រហូត​ដល់​ផ្លូវ​លេខ​១៥១​។

តាម​អាជ្ញាធរ បាន​ទំលាយ​ឱ្យ​ដឹង​ថា អតីត​តំបន់​ឡុ​ង​ឈិ​ន​មួយ​ផ្នែក​តូច​តែ​ប៉ុណ្ណោះ បាន​ក្លាយជា​កម្មសិទ្ធិ​របស់​រដ្ឋ ។ ក្រៅពី​នោះ ធ្លាក់​ទៅ​លើ​ដៃឯក​ជន​រំលោភ​យក​អស់ហើយ​។

នៅ​កំឡុង​ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល មាន​គម្រោង​អភិវឌ្ឍន៍ បឹង​តា​មោក ហៅ​បឹង​គប់​ស្រូវ ដោយ​ទុក​ពាក់កណ្តាល​ធ្វើ​ជា​អាង​ស្តុ​ប​ទឹក និង​ពាក់កណ្តាល​ទៀត ធ្វើការ​អភិវឌ្ឍន៍ ។ ទន្ទឹម​នោះ សាលា​​រាជធានី​ភ្នំពេញ ក៏​បាន​ចាក់​ដី​ធ្វើ​ផ្លូវ​៦០​ម៉ែត្រ ពុះ​ចែក​ផ្ទៃ​បឹង​ជា​ពីរ ។ ដោយសារ​តែ​គម្រោង​នេះ បាន​ធ្វើ​ឱ្យ​ដីធ្លី​នៅ​ជុំវិញ​បឹង​តា​ម៉ោ​ក បាន​ហក់​ឡើយ​ខ្ពស់ ហើយ​ឈ្មួញ​និង​អ្នកមាន​អំណាច និង​អ្នកមាន​លុយ ទន្ទ្រាន​កាប់​ផ្ទៃ​បឹង​តាម​ម៉ោ​ក តាម​រយៈ​ការ​ទិញ​ពី​ប្រជាពលរដ្ឋ ដែ អាស្រ័យ​ផល ហើយ​វាយ​ទី​បោះបង្គោល​លក់​បឹង​ត​ៗ​គ្នា​ដោយ​ពុំ​មានការ​ដឹង​ឮ​ពី​អាជ្ញាធរ​ឡើយ ។

ស្រប​ពេល​នោះ​ដែរ ផ្ទៃ​បឹង​ប្រមាណ​២០​ហិត​តា ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រគល់​ឱ្យ​ក្រុមហ៊ុន មួយ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ធ្វើ​ជា​ផ្សារ​ដើម​គរ ដោយ​កំពុង​តែ​អភិវឌ្ឍន៍ មិន​ទាន់​រួចរាល់​នៅឡើយ​នោះ​ទេ ។ ក្រៅពី​នោះ ក៏​បាន​ប្រគល់​ឱ្យទៅ​ក្រុមហ៊ុន​មួយ​ចំនួន និង​ក្រសួង​មន្ទីរ​អង្គភាព​រដ្ឋ​មួយ​ចំនួន​ធ្វើការ​អភិវឌ្ឍន៍ ។ ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ពី​ចំនួន​ដែល​ត្រូវ​អភិវឌ្ឍន៍ ពិតប្រាកដ​ឡើយ ។

ដោយឡែក ដី​បឹង​ចំនួន​២០​ហិត​តា ត្រូវ​បាន​រាជរដ្ឋាភិបាល​ដកហូត​ពី​លោក​លន់ ហាក់ និង​លោក ឈុ​ន ចាន់​ធី ត្រឡប់​មក​វិញ​។ ការ​សម្រេច​នេះ បាន​ធ្វើ​ឡើង​តាម​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១ ដើម្បី​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ។ ដី​នោះ ជា​ថ្នូរ​ការ​ដោះ​ដូរ​សាងសង់​អគារ​កម្ពស់​៣​ជាន់ និង​បំពាក់​គ្រឿង​បរិក្ខា ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

ដើម្បី​ចង់​ដឹង​ពី​ស្ថានភាព បឹង​តា​ម៉ោ​ក រយៈពេល​២​ថ្ងៃ គឺ​ព្រឹក​ថ្ងៃ​ទី​១៤ និង​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ កោះសន្តិភាព​ក៏​បាន​ចុះ​ផ្ទាល់​នៅ​ជុំវិញ​បឹង ហើយ​សង្កេត​ឃើញ​ថា បឹង​ទាំងមូល​បាន​រង​ការ​បំពាន​យ៉ាង​ខ្លាំង​ជា​ហេតុ​ធ្វើ​ឱ្យ​បឹង​តា​មោក កាន់តែ​រួម​ទៅ​ៗ ។

បើ​តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ ផ្ទៃ​បឹង​ផ្នែក​ខាងជើង ឆៀង​ខាងកើត ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​បោះបង្គោល កាន់កាប់ ដោយ​ធ្វើ​ជា​ស៊ង ចិញ្ចឹម​ត្រី ពេញ​ផ្ទៃ​ទឹក​លាត​សន្ធឹង រហូត​ទៅ​ដល់​ផ្លូវ​ថ្មី ដែល​ចាក់​ពុះ​ផ្ទៃ​បឹង​ជា​ពីរ​នោះ ។ ដោយឡែក តំបន់​អតីត​ឡុ​ង​ឈិ​ន កោះសន្តិភាព​មិន​បាន​លើក​មក​បង្ហាញ​នោះ​ទេ ព្រោះ​ត្រូវ​បាន​កាន់កាប់ អស់​ទៅ​ហើយ ។

ចំណែក​ស្រប​តាម​មហាវិថី​ឈ្នះ​ឈ្នះ ត្រូវ​បាន​ចាក់​លុប​ចូល​ផ្ទៃ​បឹង​លាត​ស​ន្ទឹ​ង​ពី​ដងផ្លូវ ប្រមាណ​កន្លះ​គីឡូម៉ែត្រ និង​កំពុង​តែ​បន្ត​ចាក់​លុប​បន្ត​ទៀត​។ នៅ​តាម​ដងផ្លូវ​នេះ ដែល គម្រោង​ផ្សារ ដើម្បី​ប្រមាណ​២០​ហិត​តា កំពុង​តែ​សាងសង់​ផង​ដែរ​។ នៅ​ខាងលិច គម្រោង​ផ្សារ​ដើម​គរ ស្រម​តាម​ផ្លូវ​ចូល​ពុះ​ចែក​ផ្ទៃ​បឹង គេ​ឃើញ​រណ្តៅ​ដ៏​ធំ​មហាសាល របស់​លោក​ឧកញ៉ា ញឹក ផ​ន ហៅ​តា​កៅ ដែល​លាតសន្ធឹង​រាប់រយ​ហិត​តា​កំពុង​តែ​ដំណើរ​ជីកដី​យ៉ាង​កក្រើក ជម្រៅ​ដល់​ក្បាល​ប្រេត ដើម្បី​យក​មក​លុប​ផ្ទៃ​បឹង និង​តំបន់​មួយ​ចំនួន​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ភាគ​ខាងជើង​។ ក្រោយ​ពី​នោះ មាន​ទំនប់​វាយ​ទី​ព័ទ្ធ​យក​ដី​បឹង​ទុក​ជិត​បន្ត​ទៀត រាប់រយ​ហិត​តា​ផង​ដែរ ។

បើ​ក្រឡេក​មើល​នៅ​ផ្នែក​ខាងលិច​នៃ​បឹង​វិញ គេ​ឃើញ​នៅ​លើ​ផ្ទៃ​បឹង​សុទ្ធតែ​បង្គោល ស៊ង​ចិញ្ចឹម​ត្រី ដែល​អ្នកមាន​អំណាច​បោះ​រំលោភ​យក ដែល​ក្នុង​នោះ​ក៏​មាន​បង្គោល​ដែល​រដ្ឋ​កំណត់​ព្រំ​ដី​ដែល​ត្រូវ​បាន​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​ប្រគល់​ឱ្យ​អភិវឌ្ឍន៍​ផង​ដែរ ។ នៅ​ផ្នែក​ខាងលិច​ក្នុងភូមិ​កោះរ​ង៉ាង សង្កាត់​ព​ន្សាំ​ង​នេះ ដែល​គេ​ឃើញ​រណ្តៅ​ដី​ដ៏​ធំ​មួយទៀត​របស់​ឈ្មោះ ធា ដែល​គេ​អាង​ថា ជា​កូនប្រសារ​របស់​ថ្នាក់​រដ្ឋមន្ត្រី​ម្នាក់​។

តាម​អ្នក​មើល​ការ​ឱ្យ​ដី​លោក​ឧកញ៉ា​ម្នាក់ បាន​ប្រាប់​ឱ្យ​ដឹង​ថា ឈ្មោះ ធា នោះ បាន​ប្រមូល ទិញ​ដី​បឹង​នោះ​ពី​ប្រជាពលរដ្ឋ​អាស្រ័យ​ផល ហើយ​បាន​ជីក​យក​ដី​ទៅ​ដាក់​ឱ្យ​ក្រុមហ៊ុន​សាងសង់​ផ្ទះ​ល្វែង​ដ៏​ធំ​មួយ​នៅ​មុខ​វត្ត​ភ្នា​ត ។ នៅ​ក្នុង​ការ​ជីក​យក​ដី​បឹង​នោះ ត្រូវ​បាន​គេ​អះអាង​ថា បាន​ជាន់​លើ​ដី​បឹង​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រគល់​ទៅ​ក្រសួងការពារជាតិ​មួយ​ផ្នែក​ផង​ដែរ ។

តាម​អ្នក​មើល​ការ​រូប​នោះ បានឱ្យ​ដឹង​ទៀត​ថា ផ្ទៃ​បឹង​ប្រមាណ​ជិត​៤​ពាន់​ហិត​តា ដែល​ជា​ដី​សាធា​រណៈ​របស់​រដ្ឋ​កំពុង​ត្រូវ​បាន​ឈ្មួញ និង​អ្នកមាន​អំណាច​មានទ្រព្យ​សម្បត្តិ​រំលោភ​យក​អស់ហើយ ក្រោម​ការ​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល ។ ក្រៅពី​នោះ ក៏​មាន​ដី​បឹង​របស់​ក្រុម​ហ៊ុន ក្រសួង និង​អង្គភាព​រដ្ឋ ដែល​ទទួល​បាន​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍ ។

ដោយឡែក មួយ​ផ្នែក​ទៀត នៅ​ភាគ​ខាងលិច​ឆៀង​ខាងជើង​ផ្ទៃ​បឹង​ក៏​បាន​គេ​បោះបង្គោល និង​ចាក់​​រំលោភ​យក​ដូច​គ្នា​នេះ​ដែរ ។ ចំណែក​ខាងជើង ដែល​ជាប់​នៅ​ផ្លូវ​លេខ​១៥១ ក៏​ដូច​គ្នា​នេះ​ដែរ តែ​ពុំ​សូវ​នោះ​ទេ​។ ជុំវិញ​ការ​អភិ​ឌ្ឍ​ន៍ និង​ការ​រំលោភ​ផ្ទៃ​បឹង​តា​មោក​នេះ កោះសន្តិភាព​ពុំ​ទទួល​បាន​ការ​បំភ្លឺ​ណាមួយ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ