ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ផ្តល់​ថវិកាជាង ១៨ម៉ឺនដុល្លារ​សម្រាប់​គម្រោងសំខាន់ៗចំនួន២

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ នា​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ១៨៧,៦៨២ ដុល្លារ​អា​មេ​រិ​ក ដល់​អង្គភាព​ទទួល​ជំនួយ​ចំនួន​ពីរ…

រាជធានី​ភ្នំពេញ ៖​ នា​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ១៨៧,៦៨២ ដុល្លារ​អា​មេ​រិ​ក ដល់​អង្គភាព​ទទួល​ជំនួយ​ចំនួន​ពីរ ក្រោម​គ្រោង​ការណ៍ ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (​ជំនួយ​គូ​សាណូ​ណិ​)​។

ថ្លែង​ក្នុ​ុ​ង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយ​ឥត​សំណង ក្នុង​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ KUSANONE នៅ​ថ្ងៃ​ដដែល ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានឱ្យ​ដឹង​ថា ៖ «​ចាប់តាំងពី​ឆ្នាំ ១៩៩១ បន្ថែម​លើ​គម្រោង​ឥណទាន​និង​ជំនួយ​ឥត​សំណង​ខ្នាត​ធំ រដ្ឋាភិបាល​ជប៉ុន​បាន​និង​កំពុង​អនុវត្ត​កម្មវិធី KUSANONE នៅ​កម្ពុជា ដើម្បី​ជួយ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ក្រៅ រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​គម្រោង​របស់​ពួក​គាត់​។ KUSANONE មាន​ន័យ​ថា “​មូលដ្ឋាន​” ក្នុង​ភាសា ជប៉ុន​។ នៅ​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា បាន​ចូលរួម​ចំណែក​ក្នុង​គម្រោង ជាង​៦០០ តាម​រយៈ​ជំនួយ​ឥត​សំណង KUSANONE ។ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​គម្រោង​ទាំងនេះ បាន​ចូលរួម​ចំណែក​ដោយ​ផ្ទាល់ ក្នុង​ការ​លើកកម្ពស់​គុណភាព​នៃ​ជីវភាព​របស់ ប្រជាជន​កម្ពុជា​នៅ​កម្រិត​មូលដ្ឋាន​។ ចាប់ពី​កន្លែង​នេះ​ទៅ ខ្ញុំ​នឹង​ថ្លែង​សុន្ទរកថា​ដោយ​មានការ​បកប្រែ​»​។

លោក​បាន​បន្ត​ថា ៖ «​ថ្ងៃនេះ ខ្ញុំ​នឹង​ណែនាំ​គម្រោង​នីមួយ​ៗ​ដែល​បាន​ចុះហត្ថលេខា ដូច​ខាងក្រោម​៖ ក្នុង​គម្រោង​ទី​១ សម្រាប់​សមាគម​ទឹក​កម្ពុជា(CAWA) រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ចំនួន ៩៦,៧៧៥ ដុល្លារ​អា​មេ​រិ​ក ដើម្បី​ធានា​ការ​ទទួល​បាន​ទឹក​ស្អាត និង​សេវាកម្ម​អនាម័យ​គ្រប់គ្រង​ដោយ​សុវត្ថិភាព តាម​រយៈ​ការ​សាងសង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក និង​ការ​តំឡើង​បណ្តាញ​ចែកចាយ​ទឹក នៅ​កោះ​ពាម​រាំង ខេត្តព្រៃវែង​។​

យើង​រំពឹង​ថា​ប្រជាជន​ប្រមាណ ១,៣០០​នាក់ នឹង​អាច​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់ និង​មាន​តម្លៃ សមរម្យ តាម​រយៈ​គម្រោង​នេះ​។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​គម្រោង​នេះ​នឹង​នាំ​ទៅ​រក​អនាម័យ​ល្អ​ប្រសើរ និង​ការ​កែ​លម្អ​ជីវភាព​រស់នៅ​របស់​ពួក​គាត់​។ ​

ក្នុង​គម្រោង​ទី​២ សម្រាប់​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្តព្រះវិហារ រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា ៩០,៩០៧ ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​សាងសង់​អគារសិក្សា​១​ខ្នង ៥​បន្ទប់​សិក្សា និង​៤​បន្ទប់ទឹក កន្លែង​លាងដៃ​មួយ និង​ធុង​ស្តុក​ទឹក​មួយ នៅ​អនុ​វិទ្យាល័យ​ខ្យង ខេត្តព្រះវិហារ​។ យើង​រំពឹង​ថា ជំនួយ​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់ សិស្ស ២១០​នាក់ និង​គ្រូ ៩​នាក់ តាម​រយៈ​ការ​លើកកម្ពស់​គុណភាព​អប់រំ និង បរិយាកាស​សិក្សា​រៀនសូត្រ ក៏​ដូច​ជា​ចូលរួម​ចំណែក ដល់​ការ​ធំ​លូតលាស់​ប្រកបដោយ​សុខភាព​ល្អ​របស់​សិស្ស​ផង​ដែរ​។ »​។


លោក​បាន​បន្ថែម​ថា «​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​សង្កេត​ឃើញ​ថា​នា​ពេល​ថ្មី​ៗ​នេះ ប្រទេស​កម្ពុជា បាន​និង​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ខ្ញុំ​ក៏​ទទួលស្គាល់​ថា​នៅ​តែ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ជីវភាព​រស់នៅ របស់ ប្រជាជន​។ បញ្ហា​សុខភាព​និង​អនាម័យ​ក៏​កាន់តែ​មាន​សារៈសំខាន់​ផង​ដែរ ជា​ពិសេស​នៅ​ពេល​ដែល​ជំងឺ​កូ​វីត​១៩ មានការ​គំរាមកំហែង​នៅ​លើ​ទូ​ទាំង​ពិភពលោក​។ ប្រទេស​ជប៉ុន​នឹង​បន្ត​ចូលរួម​ចំណែក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ តាម​រយៈ​គ្រោង​ការណ៍​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ ផ្សេង​ៗ រួម​ទាំង “​គូ​សាណូ​ណិ​” ផង​ដែរ​។ សូម​អរគុណ​សម្រាប់​ការ​ចូលរួម​ក្នុង​កម្មវិធី​ចុះហត្ថលេខា​នា​ថ្ងៃនេះ​។ ខ្ញុំ​សូម​ជូនពរ ឯកឧត្តម លោក​ជំទាវ លោក លោកស្រី សូម​មាន​សុខភាព​ល្អ សុភមង្គល និង សូម​ឲ្យ​មិត្តភាព​ជប៉ុន​-​កម្ពុជា​កាន់តែ​រីក ចម្រើន​»​។

សូម​ជម្រាប​ជូន​ថា ជំនួយ​ទាំងនេះ គឺ​ផ្អែក​លើ​ការ​ប្តេជ្ញា​ចិត្ត​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​សហ​ប្រធាន នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស មេគង្គ​-​ជប៉ុន លើក​ទី​១៣ នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២០ ដែល​បាន​ថ្លែង​ថា “​ការ​អនុវត្ត​ជំនួយ​ឥត​សំណង សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​ឆ្នាំ​២០២០ ក្រោម​គំនិត​ផ្តួចផ្តើម​គូ​សាណូ​ណិ​មេគង្គ​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ ៩១​លាន​ដុល្លារ​អា​មេ​រិ​ក មាន​គោលបំណង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច នៅ​តាម​ភូមិ​ស្រុក​ថ្នាក់​មូលដ្ឋាន​ទូ​ទាំង​តំបន់​មេគង្គ​”៕

អត្ថបទសរសេរ ដោយ