ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធម្មការ​ណែនាំ​ពុទ្ធបរិស័ទ​ការពារ​ជំងឺ​កូ​វី​ដ​១៩ ពេល​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធម្មការ និង​សាសនា បាន​ធ្វើការ​ណែនាំ​ដល់​មន្ទីរ​ធម្មការ និង​សាសនា រាជធានី​-​ខេត្ត ថ្នាក់ដឹកនាំ​សង្ឃ​នៅ​តាម​ទី​អារាម ព្រមទាំង ប្រជា​ពុទ្ធបរិស័ទ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធម្មការ និង​សាសនា បាន​ធ្វើការ​ណែនាំ​ដល់​មន្ទីរ​ធម្មការ និង​សាសនា រាជធានី​-​ខេត្ត ថ្នាក់ដឹកនាំ​សង្ឃ​នៅ​តាម​ទី​អារាម ព្រមទាំង ប្រជា​ពុទ្ធបរិស័ទ ចូលរួម​ប្រារព្ធ​ពិធីបុណ្យ «​មាឃបូជា​» ឲ្យ​បាន​អធិកអធម ហើយ​ត្រូវ​អនុវត្ត​វិធានការ​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់ និង​បង្ការ​ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩​។ នេះ​បើ​យោង​តាម​សេចក្ដីណែនាំ​របស់ ក្រសួង​ធម្មការ និង​សាសនា កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១ ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា ពុទ្ធបរិស័ទ ត្រូវ​បន្ដ​ការ​រស់នៅ​ធម្មតា​តាម​បែបបទ​គន្លង​ថ្មី ដោយ​អនុវត្តន៍​នូវ​វិធានការ ដូច​ជា ៖ ពាក់​ម៉ាស់ លាងដៃ​ញឹកញាប់ ជាមួយ​សាប៊ូ អាល់កុល រក្សា​គម្លាត​សុវត្ថិភាព​សង្គម​បុគ្គល​ចាប់ពី ១​ម៉ែ​ត្រក​ន្ល​ងះ​ឡើង​ទៅ​ឲ្យ​បាន​គ្រប់​ៗ​គ្នា​នៅ​គ្រប់កន្លែង​គ្រប់ពេលវេលា និង​គ្រប់​កាលៈទេសៈ ។

ក្រសួង​ធម្មការ​បញ្ជាក់​ថា «​សូម​ធ្វើការ​ណែនាំ​ទៅ​គ្រប់​មន្ទីរ​ធម្មការ និង​សាសនា រាជធានី​-​ភ្នំពេញ ត្រូវ​ចាត់តាំង​វត្ត​អារាម​រៀបចំ​ពិធីបុណ្យ​មាឃបូជា​ឲ្យ​បាន​មហា​ឡោ​រិ​ក ស្រប​តាម​ទំនៀមទម្លាប់ និង​ប្រពៃណី​ជាតិ និង​ជ្រើសតាំង​វត្ត​អារាម​ណាមួយ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​ជា​ផ្លូវការ ដោយ​ត្រូវ​អនុវត្ត​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល និង​វិធាន​នានា​របស់​ក្រសួងសុខាភិបាល ជា​ពិសេស​ត្រូវ​អនុវត្តន៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​» ។

ក្រសួង​ធម្មការ និង​សាសនា សង្ឃឹម និង​ជឿជាក់ លើ​ស្មារតី​ទទួលខុសត្រូវ​របស់​លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា រាជធានី​-​ខេត្ត សហការ​ជាមួយ​ព្រះ​មេគុណ​ព្រះ​អនុគណ​គ្រប់​ស្រុក​-​ខណ្ឌ​-​ក្រុង ព្រះ​ចៅអធិការ​គ្រប់​វត្ត អាជ្ញាធរ​ដែនដី គ្រប់​លំដាប់ថ្នាក់ ដើម្បី​ចាត់ចែង​អនុវត្ត​សេចក្ដីណែនាំ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ។ បុណ្យមាឃបូជា គឺជា​បុណ្យ​មួយ​ក្នុង​បណ្ដា​បុណ្យ​ធំ​ៗ​ទាំងឡាយ ក្នុង​ព្រះពុទ្ធ​សាសនា​ដែល​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា​លើ​សកលលោក តែងតែ​ប្រារព្ធ​ធ្វើ​ពុំដែល​ខាន ។ ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង ដើម្បី​រម្លឹក​ដល់​អភិលក្ខិតសម័យ​ទាំង​ពីរ​នៃ​សាសនា​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ ដែល​កើតឡើង នៅ​ថ្ងៃពេញបូណ៌មី ខែមាឃ​ដូច​គ្នា គឺ​ថ្ងៃ​ប្រជុំ​ចតុរង្គសន្និបាត និង​ថ្ងៃ​ដែល​ព្រះ​អង្គ​ទ្រង់​ប្រកាស​ដាក់​ព្រះ​ជន្មាយុ​សង្ខារ ។

ជា​រៀង​រាល់​ឆ្នាំ ពុទ្ធសាសនិក​ខ្មែរ តែងតែ​ប្រារព្ធ​ធ្វើបុណ្យ មាឃបូជា​នេះ នៅ​គ្រប់​វត្ត​អារាម​ទូ​ទាំង​ប្រទេស​ដោយ​ចាត់​ទុក​ថា​ជា​ការ​បំពេញ​កុសល​ដ៏​ថ្លៃថ្លា​បំផុត ។ បន្ថែម​ពី​នេះ​ទៀត ពិធីបុណ្យ មាឃបូជា នៅ​ឆ្នាំ​២០២១​នេះ​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ នា​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត និង​ថ្ងៃ​សុក្រ ១​រោច ខែមាឃ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ និង​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២១ ។

សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ចាត់ចែង​រៀបចំ​កម្មវិធី​បុណ្យ​នេះ នៅ​បរិវេណ​ព្រះ​មហា​សក្យមុនីចេតិយ ភ្នំ​ព្រះរាជ​ទ្រព្យ (​ឧត្តុង្គ​) ស្រុក​ពញាឮ ខេត្តកណ្ដាល ដោយ​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នកមុខអ្នកការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និង ពុទ្ធបរិស័ទ​ចូលរួម​បំពេញ​កុសល​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា ស្រប​តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចែង​ថា «​ព្រះពុទ្ធ​សាសនា ជា​សាសនា​របស់​រដ្ឋ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ