ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល ​និង​មន្ត្រី​ទូត​មិន​អាច​ផ្តល់​សុពលភាព​លិខិតឆ្លងដែន​ និង​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ចូល​ស្រុក​ឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ជា​បញ្ជាក់​ជា​ថ្មី​ទាំង​ឯកឧត្តម ផៃ ស៊ី​ផា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​អ្នកនាំពាក្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ ការ​ជា​បញ្ជាក់​ជា​ថ្មី​ទាំង​ឯកឧត្តម ផៃ ស៊ី​ផា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​អ្នកនាំពាក្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ា​លី​ន បាន​អះអាង​ថា រដ្ឋាភិបាល និង​មន្ត្រី​ទូត​មិន​អាច​ផ្តល់​សុពលភាព​លើ​លិខិតឆ្លងដែន និង​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ចូល​ស្រុក​ឡើយ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ខាងលើ​ធ្វើ​ឡើង ខណៈ​ពេល​ដែល​អតីត​ប្រតិភូ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ លោកស្រី មូរ សុខ​ហួរ គ្រោង​នឹង​ធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ​នា​ថ្ងៃ​ខានស្អែក ចំ​ថ្ងៃ​ទី ១៥ ខែមករា ឆ្នាំ​២០២១ នេះ ខណៈ​ដែល​លោកស្រី និង​អតីតមន្ត្រី​នៃ​អតីត​បក្ស​ប្រឆាំង​ជា​ច្រើន​រូប​ផ្សេង​ទៀត​ក៏​កំពុង​រង​បណ្ដឹង​រុំ​ខ្លួន​នៅ​ក្នុង​តុលាការ​កម្ពុជា​ផង​ដែរ ។

ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​របស់​កោះសន្តិភាព​ជុំវិញ រឿងរ៉ាវ​ដែល​វិទ្យុ​អាស៊ី​សេរី ស្រង់​សម្តី​ឯកឧត្តម ផៃ ស៊ី​ផា​ន ថា រដ្ឋាភិបាល​ប្រកាន់​ជំហរ​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ចូល​ស្រុក​ឡើយ ឯកឧត្តម​បញ្ជាក់​ថា តាំងពី​ដើម​មក​ពួក​គេ​មិន​ដែល​ទទួលស្គាល់​រដ្ឋាភិបាល​កម្ពុជា​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ដោយ​ស្របច្បាប់​ឡើយ ។ ឯកឧត្តម ផៃ ស៊ី​ផា​ន ត្រូវ​បាន​ស្រង់​សម្តី​ថា «​គេ​មាន​នីតិវិធី​គេ​ត្រូវធ្វើ ព្រោះ​ទី​១ គាត់​អត់​ទទួលស្គាល់​រដ្ឋាភិបាល​ពី​អង្កាល់ គាត់​មិន​ដែល​ទទួលស្គាល់​ផង ហើយ​មិន​ត្រឹមតែ​មិន​ទទួលស្គាល់​ទេ គាត់​រៀបចំ​ឲ្យ​មាន សកម្មភាព​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​រដ្ឋប្រហារ​ទម្លាក់​រាជរដ្ឋាភិបាល ការ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ហ្នឹង បែរ​កាណុង​ទៅ​នាយក​រដ្ឋមន្ត្រី ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​។

ករណី​ទាំង​អស់នេះ​ហើយ​ដែល​គាត់ ត្រូវ​ដោះស្រាយ​ផ្ទាល់ខ្លួន​របស់​គាត់​»​។ នៅ​ពេល​សាកសួរ​បញ្ជាក់​បន្ថែម​លើ​ចំណុច​នេះ ឯកឧត្តម ផៃ ស៊ី​ផា​ន នៅ​ព្រឹក​ថ្ងៃ​ទី ១៣ ខែមករា ឆ្នាំ​២០២០ បាន​បញ្ជាក់​ជំហរ​បែប​នេះ​ពិតប្រាកដ​មែន ហើយ​ឯកឧត្តម​ក៏​បាន​អះអាង​ថា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ក៏​បាន​បញ្ជាក់​រឿង​នេះ​ផង​ដែរ ។

ឯកឧត្តម ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ពន្យល់​នូវ​ហេតុផល​មួយ​ជុំវិញ​រឿង​នេះ​ដល់​ចំនួន​ដល់​មន្ត្រី​ទូត​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ សម្រាប់​មន្ត្រី​ការទូត​ថ្មី អំពី​តួនាទី​អង្គ​តុលាការ​និង​អង្គទូត ក្នុង​ការ​អនុវត្ត​ច្បាប់​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​៖

១. អង្គ​តុលាការ មាន​ភារកិច្ច​ត្រូវ​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ដោយ​ផ្អែក​លើ​អង្គហេតុ​និង​អង្គច្បាប់​ដែល​មាន​ជា​ធរមាន ដូច​ជា​ការ​ចេញ​ដីការ ដំណើរការ​នីតិវិធី​ស៊ើបអង្កេត​និង​ស៊ើបសួរ រួម​ទាំង​ដំណើរការ​សវនាការ​ជាដើម​។​ល​។ ចំពោះ​បទល្មើស​ដែល​បាន​ប្រព្រឹត្ត​លើ​ទឹកដី​កម្ពុជា ឬ​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ខ្មែរ​។

២. ចំណែក​អង្គទូត មាន​ភារកិច្ច​ធ្វើ​កិច្ចសហការ​ជាមួយ​រដ្ឋ​ម្ចាស់ផ្ទះ​ដែល​ជនល្មើស​គេចខ្លួន​ឬ​ស្នាក់​នៅ តាម​គ្រប់​មធ្យោបាយ​និង​កិច្ចព្រមព្រៀង​ដែល​មាន​ជា​ធរមាន ដើម្បី​ចាប់​បញ្ជូន​ជនល្មើស​នោះ​តាម​ដីការ​បង្គាប់​ឱ្យ​ចាប់ខ្លួន មក​ទទួលទោស​តាម​នីតិវិធី​ច្បាប់​នៅ​កម្ពុជា​វិញ មិនមែន​ត្រូវ​ចេញ​ទិដ្ឋាការ ឬ​សុពលភាព​លិខិតឆ្លងដែន​ជូន​ជនល្មើស​និង​អ្នក​ដែល​មាន​ដីការ​បង្គាប់​ឱ្យ​ចាប់ខ្លួន​ទាំងនោះ ដូច​ពលរដ្ឋ​ធម្មតា​ដ៏​ទៃ​ទៀត​នោះ​ទេ​» ។

ឯកឧត្តម ជិន ម៉ា​លី​ន បាន​បន្ត​ថា «៣. ការ​បញ្ចប់​សុពលភាព​លិខិតឆ្លងដែន​របស់​ជនល្មើស និង​អ្នក​ដែល​មាន​ដីការ​បង្គាប់​ឱ្យ​ចាប់ខ្លួន គឺជា​គោលការណ៍​ច្បាប់ព្រហ្មទណ្ឌអន្តរជាតិ ដែល​អនុវត្ត​ជា​ទូទៅ​ក្នុង​ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ក្នុង​គោលដៅ​រារាំង​និង​ទប់ស្កាត់​ជនល្មើស​ទាំងនោះ​កុំឱ្យ​មាន​លទ្ធភាព​រត់គេច​ខ្លួន​បាន​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត និង​ដើម្បី​អាច​ចាប់ខ្លួន​និង​ឃាត់ខ្លួន​ជនល្មើស​ទាំងនោះ​យក​មក​អនុវត្ត​ទោស​តាម​នីតិវិធី​ច្បាប់​នៅ​ប្រទេស​សមី​ដែល​ស្នើ​សុំ​វិញ​បាន​។ រីករាយ​ថ្ងៃ​សម្រាក​ចុង​ស​ប្តា​ហ៍​មិត្ត​ទាំងអស់​គ្នា​!» ។

ងាក​ទៅ​លោកស្រី មូរ សុខ​ហួរ វិញ គឺ​លោកស្រី​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មន្ត្រី និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣៩​នាក់ ដែល​ត្រូវ​ក្រសួងការបរទេស​និង​អន្តរជាតិ​កម្ពុជា​ធ្វើ​មោឃភាព​លិខិតឆ្លងដែន​ខ្មែរ​របស់​ពួក​គេ​កាលពី​ចុងឆ្នាំ​២០១៩ ។ ក៏​ប៉ុន្តែ លោកស្រី មូរ សុខ​ហួរ ដែល​មាន​សញ្ជាតិ​អា​មេ​រិ​កាំ​ង កំពុង​ពឹង​លើ​លិខិតឆ្លងដែន​អា​មេ​រិ​កាំ​ង ដើម្បី​ធ្វើ​ដំណើរ​មក​កម្ពុជា​តាម​អ្វី​ដែល​លោកស្រី​អះអាង ។

លោកស្រី មូរ សុខ​ហួរ បើ​ទោះបីជា​ទំនង​នឹង​មិន​អាច​ចូល​ប្រទេស​កម្ពុជា​វិញ​នោះ នៅ​បន្ត​ផ្ញើ​សារ​ដើម​ស​ប្តា​ហ៍​នេះ ថា​លោកស្រី​នឹង​រក​គ្រប់​មធ្យោបាយ​វិល​មក​កម្ពុជា​វិញ រហូត​លោកស្រី​និង​អតីតមន្ត្រី​ផ្សេង​ទៀត​ក៏​បាន​ទៅ​ចូលរួម​ធ្វើ ពិធី​ប្រោះ​ព្រហ្ម នៅ​វត្ត​ព្រះពុទ្ធ​មួយ​នៅ​ក្រៅប្រទេស «​ដើម្បី​ជូន​ដំណើរ​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​តតាំង​ជាមួយ​ប្រ​ព​ន្ធ័​យុត្តិធម៌​នៅ​កម្ពុជា​» ។

យ៉ាងណាមិញ គម្រោង​មាតុភូមិនិវត្តន៍​របស់​លោកស្រី មូរ សុខ​ហួរ ដែល​ដំបូង​គ្រោង​ថា​នឹង​វិល​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​៤ ខែមករា​នេះ ក៏​ត្រូវ​បាន​លើក​ពេល​ទៅ​ថ្ងៃ​ទី​១៥ ខែមករា​វិញ (​ថ្ងៃ​ចេញពី​សហរដ្ឋអាមេរិក​) ដោយ​លោកស្រី​យក​ហេតុផល​ថា «​មានការ​ផ្អាក​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​តៃវ៉ាន់ Eva Air» ដែល​កាលនោះ​លោកស្រី មូរ សុខ​ហួរ បាន​បង្ហោះ​កាលវិភាគ​ហោះហើរ​នៃ​ក្រុមហ៊ុន Singapore Airline ចាក​ចេញពី​ទីក្រុង Los Angeles​សហរដ្ឋអាមេរិក ចូល​មក​ប្ដូរ​ជើង​យន្តហោះ​នៅ​សិង្ហ​បុរី មុន​នឹង​បន្តដំណើរ​ដល់​ភ្នំពេញ នៅ​រង្វង់​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៧ ខែមករា​។

លោក សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​បាន​អះអាង​ថា លោកស្រី មូរ សុខ​ហួរ និង​អតីតមន្ត្រី​នៃ​អតីត​បក្ស​ប្រឆាំង​តែងតែ​បោកប្រាស់​អ្នកគាំទ្រ​បែប​នេះ ជុំវិញ​ការ​អះអាង​ម្តង​ហើយ​ម្តងទៀត​ក្នុង​គម្រោង​វិល​ចូល​ប្រទេស​កម្ពុជា​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ