រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ មករា ២០២១នេះ បានសេចក្តីបកស្រាយបំភ្លឺទាក់ទងទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ ដែលកើតឡើងនៅវេលាម៉ោង ៤និង៣០នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ គឺអ្នកបើករថយន្តបង្ក បានសៀតកាំភ្លើងនៅនឹងចង្កេះ មិនមានការដកកាំភ្លើងគំរាមជនរងគ្រោះដែលជិះម៉ូតូ នោះទេ ។
ជាក់ស្តែងតាមរយៈវីដេអូ បំភ្លឺរបស់ជនរងគ្រោះ បានអោយដឹងថា មិនមានការដកកាំភ្លើងគំរាមគាត់នោះទេ គ្រាន់តែបានឃើញជនបង្កសៀតកាំភ្លើងនៅនឹងចង្កេះ ហើយកាំភ្លើងនេះ ត្រូវបានដកហូតយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ នៅពេលកម្លាំងជំនាញ នៃអធិការនគបាលខណ្ឌដូនពេញ និងប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុ ។
ករណីនេះត្រូវបានបញ្ចប់ ដោយមានការឯកភាពយល់ព្រម រវាងភាគីទាំងសងខាង ដោយភាគីបង្កជាម្ចាស់រថយន្ត បានយល់ព្រមសងទៅជនរងគ្រោះ ចំនួនទឹកប្រាក់ ១,០០០ដុល្លា និងជួយចេញថ្លៃសម្រាកព្យាបាលនៅមន្ទីរពេទ្យទៀតផង ។
កាលពីម្សិលមិញនេះដែរ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានច្រានចោលព័ត៌មានដែលថា បុរសម្នាក់ដែលបើករថយន្តម៉ាកព្រូសកៀរម៉ូតូស្គូពី រួចដកកាំភ្លើងភ្ជង់ជនរងគ្រោះនោះថា មិនមានឈ្មោះក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថនោះទេ ហើយថា កាំភ្លើងជនបង្កម៉ាកកា៥៩ ក៏មិនមាននៅក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថផងដែរ ។
ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានអោយដឹងថា កងរាជអាវុធហត្ថបានធ្វើការចុះត្រួតពិនិត្យ ស្រាវជ្រាវករណីរឿងហេតុខាងលើនេះ ដល់កន្លែងកើតហេតុតាមនីតិវិធី ។ មន្ត្រីជំនាញកងរាជអាវុធហត្ថ បានបញ្ជាក់ថា បុគ្គលដែលបង្កហេតុដកកាំភ្លើង នៅផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាប្រមាណម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានឈ្មោះ សុខណា ម៉ាលីដូ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បុគ្គលឈ្មោះ សុខណា ម៉ាលីដូ មិនមានឈ្មោះនៅក្នុងក្របខ័ណ្ឌរបស់កងរាជអាវុធហត្ថ និងអាវុធខ្លីម៉ាក់កា៥៩ លេខ២៩៩៩ ក៏មិនមាននៅក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថផងដែរ ។ កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថ កំពុងធ្វើការស្រាវជ្រាវរកបុគ្គលខាងលើនេះ ដើម្បីបញ្ជាក់ការពិត និងអនុវត្តតាមច្បាប់ ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្ថែមថា ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាគោលជំហរ បុគ្គលិកនៃកងរាជអាវុធហត្ថរូបណា ដែលប្រព្រឹត្តនូវកំហុសឆ្គង ល្មើសវិន័យកងទ័ព ត្រូវតែអនុវត្តទណ្ឌកម្មវិន័យ ដូចមានចែងក្នុងបទប្បញ្ញត្តិ នៃបទវិន័យទូទៅ និងលក្ខន្តិកៈ ទូទៅសម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ។ ក្នុងករណីបុគ្គលណាប្រព្រឹត្តល្មើសច្បាប់ ត្រូវតែបញ្ជូនបុគ្គលនោះទៅតុលាការផ្តន្ទាទោសតាមច្បាប់ ដូចទិសស្លោកដែលបានដាក់ចេញនាពេលកន្លងទៅ “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប” ។
គួររម្លឹកដែរថា ព័ត៌មាននៅលើបណ្តាញសង្គមហ្វេសប៊ុក បានផ្សព្វផ្សាយករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅក្នុងមូលដ្ឋានសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញកាលពីម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១០ មករា ២០២១ ។ ប្រភពព័ត៌មាន អោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តតូយ៉ូតាព្រូស ព៌ណទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AU 9367 បើកបរដោយបុរសម្នាក់ បានបើករថយន្តស្របទិសគ្នា តាមបណ្តោយផ្លូវ៧៣ កែងផ្សារធំថ្មី រួចកៀរម៉ូតូម៉ាកស្គូពី ព៌ណស ពាក់ស្លាកលេខកណ្តាល 1AG 5620 បណ្តាលឲ្យអ្នកបើកម៉ូតូដួលរបួសបាក់ដងកាំបិត និងរងរបួសប្រអប់ជើង ។
ក្រោយកើតហេតុ គេឃើញអ្នកបើរករថយន្តបានដកកាំភ្លើងពីចង្កេះ ហើយស្រែកថា«អ្ហែងចង់យ៉ាងម៉េច ?» ភ្លាមៗនោះ គេក៍ឃើញអ្នកបើកបរម៉ូតូដែលរងរបួសធ្ងន់ផងនោះ បានលើកដៃសំពះសុំកុំបាញ់គាត់អី ។ ក្រោយឃើញសភាពបែបនេះ អ្នកចោមរោមមើលហេតុការណ៍ បានរត់មកជួយជនរងគ្រោះ និងជួយចាត់ចែងបញ្ជូនអ្នកបើកបរម៉ូតូ ទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។ បន្ទាប់មក អ្នកបើកបររថយន្តព្រូស នៅតែបន្តសំញែងកាំភ្លើងនៅមុខសមត្ថកិច្ចដដែលៗ ទើបបសមត្ថកិច្ច សុំដកកាំភ្លើងទុកសិន តែគេឃើញជនបង្កប្រគល់អោយតែសំបកកាំភ្លើង មិនប្រគល់គ្រាប់អោយនោះទេ និងបានស្រែកគំហកដាក់សមត្ថកិច្ចនោះថែមទៀត ហើយអ្នកបើកបររថយន្តបានស្រែកថា ខ្លួនមានមុខងារជាមន្ត្រីកងរាជអាវុធហត្ថ និងមានតួនាទីជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ៕
វីដេអូ បំភ្លឺរបស់ជនរងគ្រោះhttps://www.facebook.com/436017133191961/videos/411416046764057
ចែករំលែកព័តមាននេះ