រាជធានីភ្នំពេញ ៖ បុរសម្នាក់ដោយសារមានវិបត្តិប្រពន្ធនាំកូនប្រុសចុះចោលផ្ទះ ក៏ធ្វើដំណើរតាមរថយន្តតាក់ស៊ី មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា កាលពីវេលាម៉ោង១១និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២៧ មីនា តែពុំបានស្លាប់ដូចបំណងទេ ដោយសារប៉ូលិសអង្គភាពគោលដៅទី៣ ការពារស្ពានជ្រោយចង្វាចេញអូប៊័រទៅជួយស្រង់សង្គ្រោះទាន់ពេល ។ អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍នោះ គឺមុនពេលលោតទឹកបុរសនេះបានសរសេរលិខិតបណ្តាំដោយប្រាប់ពីឈ្មោះខ្លួនឯង និងប្រពន្ធកូន ព្រមទាំងទីកន្លែងស្នាក់នៅរបស់ខ្លួនទុកនៅក្នុងកាបូបខោអាវដែលទុកចោលនៅលើស្ពាន ។
បុរសដែលជួបវិបត្តិគ្រួសារហើយគិតខ្លីនេះត្រូវសមត្ថកិច្ចឱ្យដឹងថា ឈ្មោះសឺ សុភា អាយុ៣៧ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។ តាមប៉ូលិសការពារស្ពានជ្រោយចង្វាឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរូបនេះធ្វើដំណើរដោយថ្មើរជើងឡើងស្ពានពីទិសខាងកើត និងមានយួរកាបូបដាក់ខោអាវផង។ នៅពេលដើរឡើងមិនទាន់ដល់ពាក់កណ្តាលស្ពានផង ស្រាប់តែបុរសនេះបានទុកកាបូបលើស្ពានហើយលោតចូលទៅក្នុងទន្លេបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ភ្លាមៗ ប៉ូលិសការពារស្ពានជ្រោយចង្វាក៏បានចេញ អូប៊័រទៅជួយស្រង់សង្គ្រោះទាន់ ហើយនាំមកកាន់ស្នាក់ការដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ច បុរសរូបនេះនិយាយថា មូលហេតុដែលខ្លួនមកលោតទឹកសម្លាប់ខ្លួននេះ ដោយសារតូចចិត្តខ្លួនឯងដែលប្រពន្ធបាននាំកូនប្រុសចុះចោលផ្ទះដោយមិនបានប្រាប់ខ្លួនគ្រាន់តែប្រាប់ម្តាយថា ទៅធ្វើការនៅភ្នំពេញ ។ ខ្លួនមានស្រុកកំណើតនៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានរៀបការជាមួយប្រពន្ធឈ្មោះជួន សុខឃឿន អាយុ៣៩ឆ្នាំ មានទីលំនៅភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល តាំងពីឆ្នាំ២០០១ ដោយមានកូនប្រុសម្នាក់អាយុ៩ឆ្នាំ តែការរស់នៅជាមួយគ្នាមិនសូវចុះសំរុងនឹងគ្នាទេ ។ នៅឆ្នាំ២០០៧ ក៏បានបែកផ្លូវគ្នា តែបានមករស់នៅជាមួយគ្នាវិញនៅឆ្នាំ២០១០ ។
បុរសរូបនេះបានរៀបរាប់ទៀតថា ខ្លួនបានមកធ្វើជាកម្មករសំណង់នៅភ្នំពេញហើយ១អាទិត្យ ទើបត្រឡប់ទៅផ្ទះម្តង ។ លុះពេលត្រឡប់ទៅផ្ទះ កាលពីថ្ងៃទី២៦ មីនា ស្រាប់តែបាត់ប្រពន្ធ និងកូន ហើយខ្លួនសួរនាំម្តាយក្មេកប្រាប់ថា មិនដឹងទៅណាទេ ដោយគ្រាន់តែប្រាប់ថា នាំកូនទៅភ្នំពេញ រកការងារធ្វើ។ ដោយសារប្រពន្ធរត់ចោលខ្លួនមានការខ្វាយខ្វល់ជាខ្លាំងដោយពុំចង់រស់នៅទៀតទេ ក៏មានបំណងមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ហើយនៅព្រឹកថ្ងៃទី២៧ មីនា ក៏ជិះរថយន្តតាក់ស៊ីក្នុងតម្លៃ៥.០០០រៀល មកឈប់នៅគល់ស្ពានរួចដើរឡើងស្ពានដោយទុកកាបូបខោអាវលើស្ពាន ហើយលោតទឹកសម្លាប់ខ្លួនតែម្តង ៕
ចែករំលែកព័តមាននេះ