ក្រសួងមហាផ្ទៃរបស់ប្រទេសអេហ្ស៊ីបដែលស្ថិតនៅកណ្តាលទីក្រុងគែរ ត្រូវភ្លើងឆេះសន្ធោសន្ធៅ កាលពីល្ងាចថ្ងៃទី២២ មីនា កន្លងមក ក្រោយពីមានការធ្វើបាតុកម្មយ៉ាងខ្លាំងនៅថ្ងៃនោះ ។ អណ្តាតភ្លើងអាចត្រូវគេមើលឃើញឆេះនៅដំបូលអគារក្រសួងមហាផ្ទៃនោះដែលមានកម្ពស់ច្រើនជាន់ និងផ្សែងខ្មួលខ្មាញ់ហុយលើទីក្រុងគែរ ។ នៅពេលនោះ មនុស្សជាច្រើននាក់នាំគ្នារត់ចេញពីអគារនេះ ។
អគារក្រសួងមហាផ្ទៃអេហ្ស៊ីបជាកន្លែងធ្វើបាតុកម្មកាលពីព្រឹកថ្ងៃទី២២ មីនា ហើយក្នុងអគារនោះមានបុគ្គលិកជាច្រើនពាន់នាក់ភាគច្រើនជាប៉ូលិស ។
ក្រុមបាតុករដែលធ្វើបាតុកម្មនៅទីនោះបដិសេធថា ពួកគេមិនបានដុតអគារក្រសួងទេ ហើយនិយាយថា អគ្គីភ័យនោះគឺឆេះក្នុងអគារតែម្តង ។
តាមប្រភពមួយថា អគ្គីភ័យឆេះក្រសួងមហាផ្ទៃនោះប្រហែលជាកើតឡើងដោយសារទុស្សេខ្សែភ្លើង ។ អគ្គីភ័យនេះត្រូវពន្លត់ដោយប្រើពេលជាងមួយម៉ោង ។ ការធ្វើបាតុកម្មនៅប្រទេសអេហ្ស៊ីបនៅតែបន្ត បើទោះបីជាប្រធានាធិបតីប្រទេសនោះលោកហូស្នី មូបារ៉ាក់ ត្រូវដកចេញពីតំណែងហើយក៏ដោយ ៕
ចែករំលែកព័តមាននេះ