តោះ! ចូលរួមការពារតំបន់ការពារទេសភាពបឹងព្រែកល្ពៅទាំងអស់គ្នា គឺដូចចូលរួមការពារសត្វស្លាបជិតផុតពូជ!!!
កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារប្រចាំតំបន់ដឹកនាំដោយលោក លី សម្ភស៍ (មន្ត្រីសម្របសម្រួលអង្គការ BirdLife) និង លោកឈឿន សុជាតិ (ប្រធានក្រុមឧទ្យានុរក្ស) បានកត់ត្រាវត្តមានសត្វចាបព្រៃប្រមាណជា ២០ក្បាល នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្រោយពីបាតដំណឹងអស់រយៈពេល៣ឆ្នាំមកហើយ ។ ការទន្ទ្រានដីកង្វះទឹកនារដូវប្រាំង និងការបំពុលបណ្តាលមកពីការប្រើប្រាស់ថ្នាំ និងជីកសិកម្មហួសកំរិត គឺជាកត្តាគំរាមកំហែងដែលកំពុងកើតមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ ។
អង្គការ BirdLife បន្តថា ការបង្ហាញខ្លួននេះបញ្ជាក់ថា ទីជម្រកដែលមាននៅតំបន់ដីសើមនេះបានដើរតួយ៉ាងសំខាន់ក្នុងការរស់នៅ និងពងកូនរបស់សត្វស្លាបទឹកជាច្រើនប្រភេទ និងសត្វស្លាបទេសន្តរប្រវេសន៍ដូចជា សត្វក្រៀល និងសត្វចាបព្រៃវែងជាដើម ។
អង្គការបានបន្ថែមថា សត្វចាបព្រៃវែង គឺជាប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ជិតផុតពូជបំផុត ដែលកំណត់ក្នុងបញ្ជីក្រហម IUCN អាស្រ័យដោយចំនួនរបស់វានៅលើពិភពលោក បានថយចុះជាង៨០ភាគរយ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ។ បក្សីប្រភេទនេះបង្កកំណើតនៅអ៊ឺរ៉ុប និងអាស៊ីខាងជើងបន្ទាប់មកបំលាស់ទីមកកាន់តំបន់អាស៊ី ដូចជាឥណ្ឌា ចិនភាគខាងត្បូង កម្ពុជា វៀតណាម ឡាវ ថៃ ភូមា រហូតដល់រដូវត្រជាក់ពួកវាត្រទ្បប់ទៅប៉ែកអ៊ឺរ៉ុបវិញ ។ កាលមុនឆ្នាំ២០០០ នៅកម្ពុជាគេឃើញវត្តមានពួកវាជាហ្វូងធំរហូតដល់ជាង១០០០ក្បាល ប៉ុន្តែនាពេលបច្ចុប្បន្នវត្តមានរបស់វាមានជាក្រុមតូចពេលខ្លះមានតែ២ក្បាលក៍៏មាន ៕
ចែករំលែកព័តមាននេះ