ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​ណាស់​! គ្រោះថ្នាក់​មក​ផ្ទួន​ៗ​ឆក់​យក​ជីវិត​ក្មេង​ប្រុស​ម្នាក់​នៅ​លើផ្លូវ​ជាតិ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កេ្ម​ង​ប្រុស​ជំទង់​ម្នាក់​កំពុង​ជិះ​ម៉ូតូ​សុខ​ៗ​ក៏​បាន​ដួល​ត្រឡប់ត្រឡិន ដោយសារ​តែ​ឈើ​មួយ​កំណាត់​បាន​ធ្លាក់​ចេញ​ពីលើ​រថយន្ត​មក​ប៉ះ តែ​ជា​អកុសល​ពេល​នោះ​ក៏​មាន​រថយន្ត​១​គ្រឿង​ទៀត​ធ្វើ​ដំណើ​ស្រប​ទិស​គ្នា​មក​ពីក្រោយ ហើយ​ក៏​កិន​ចំពាក់​កណ្ដាល​ខ្លួន​ក្មេង​ប្រុស​រូប​នេះ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​យ៉ាង​យ៉ាង​អាណោចអាធ័ម​តែ​ម្តង កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែមករា…

ខេត្តបាត់ដំបង ៖ កេ្ម​ង​ប្រុស​ជំទង់​ម្នាក់​កំពុង​ជិះ​ម៉ូតូ​សុខ​ៗ​ក៏​បាន​ដួល​ត្រឡប់ត្រឡិន ដោយសារ​តែ​ឈើ​មួយ​កំណាត់​បាន​ធ្លាក់​ចេញ​ពីលើ​រថយន្ត​មក​ប៉ះ តែ​ជា​អកុសល​ពេល​នោះ​ក៏​មាន​រថយន្ត​១​គ្រឿង​ទៀត​ធ្វើ​ដំណើ​ស្រប​ទិស​គ្នា​មក​ពីក្រោយ ហើយ​ក៏​កិន​ចំពាក់​កណ្ដាល​ខ្លួន​ក្មេង​ប្រុស​រូប​នេះ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​យ៉ាង​យ៉ាង​អាណោចអាធ័ម​តែ​ម្តង កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២១ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្ម​គោល រីឯ​រថយន្ត​វិញ​បាន​បន្ថែម​ល្បឿន​បើក​គេច​បាត់​ទាំង​២​គ្រឿង​តែ​ម្តង​។

អធិការ​ស្រុក​ថ្មគោល លោក ផង់ សុភាព បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ឆុ​ន រី​ឆាត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូ​មិន​គម​ក្រៅ ឃុំ​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល​។

លោក​បាន​ប្រាប់​ថា បើ​តាម​ព្រឹត្តិ​ហេតុ ជន​រង​គ្រោះ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ដែល​គេ​មិន​ស្គាល់​ម៉ាក បើក​កិន​បន្ថែម បណ្ដាល​ឲ្យ​បាត់បង់​ជីវិត ក្រោយ​ពី​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដួល ដោយសារ​តែ​ជិះ​ទៅ​បុក​នឹង​គល់ឈើ​ដែល​ធ្លាក់​ចេញ​ពីលើ​រថយន្ត​មួយ​គ្រឿង​ទៀត បើក​នៅ​ខាង​មុខ​។ ប៉ុន្តែ​រថយន្ត​ទាំង​២​គ្រឿង​ដែល​គេ​មិន​ទាន់​ស្គាល់​ភិនភាគ​នោះ បាន​បន្ថែម​ល្បឿន​ដូច​គ្នា​បើក​រត់​បាត់​តែ​ម្តង​។
បើ​តាម​ព្រឹត្តិ​ហេតុ​របស់​មន្ត្រី​ជំនាញ បាន​ឲ្យ​ដឹង​ថា ឧប្បត្តិហេតុ ដែល​បាន​កើតឡើង​រវាង​ម៉ូតូ​មួយ​គ្រឿង​ជាមួយនឹង​រថយន្ត​២​គ្រឿង​នេះ គឺ​ធ្វើ​ដំណើរ​ក្នុង​គោលដៅ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង តាម​បណ្ដោយ​ផ្លូវជាតិ​ល​ខ​៥​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ថា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ពីក្រោយ​រថយន្ត​មួយ​គ្រឿង​ដែល​មាន​ដឹក​គល់ឈើ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​គល់ឈើ​នោះ​បាន​ធ្លាក់​ចុះ​ដី ក៏​ទៅ​ប៉ះ​ជា​មួយ​នឹង​ម៉ូតូ​ជន​រង​គ្រោះ​ដែល​ជិះ​ពីក្រោយ​នោះ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ត្រឡប់ត្រឡិន​នៅ​លើ​ថ្នល់​តែ​ម្តង ។ តែ​ចៃដន្យ​ពេល​នោះ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត បើក​យ៉ាង​លឿន​មក​ពី​ក្រោយ​ជន​រង​គ្រោះ ហើយ​ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​កិន​ចំពាក់​កណ្ដាល​ខ្លួន​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម​បំផុត​។

បើ​តាម​ព្រឹត្តិ​ហេតុ​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​បង្ក​ឲ្យ​មាន​មនុស្ស​បាត់បង់​ជីវិត​រួច រថយន្ត​ទាំង​២​គ្រៀង​នោះ​មិន​បាន​ឈប់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ម្ចាស់​រថយន្ត​ទាំង​២​គ្រឿង​ក៏​បាន​បន្ថែម​ល្បឿន​បើក​រត់​បាត់​ខ្លួន​ភ្លាម​ៗ​តែ​ម្តង​ទាំង​២​គ្រឿង​តែ​ម្តង ដោយ​គ្មាន​សាក្សី​ណា​ម្នាក់​បាន​ស្គាល់​ភិនភាគ​ឡើយ។

លោក ផង់ សុភាព បាន​បញ្ជាក់​ដែរ​ថា មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​ចំណុច​កើតហេតុ​ភ្លាម​ៗ​ដែរ តែ​បាន​ត្រឹមតែ​ធ្វើការ​វាស់វែង និង​ពិនិត្យ​ស្លាកស្នាម ព្រមទាំង​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ដែរ​ថា ពេល​នេះ កម្លាំង​ជំនាញ​ក៏​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ និង​ស្វែងរក​សាក្សី​នានា ក្រែង​បាន​ប្រទះ​ឃើញ​ហេតុការណ៍​នេះ​ផ្ទាល់ ដើម្បី​បង្ហាញ​ពី​ភិនភាគ​រថយន្ត​បង្ក​គ្រោះថ្នាក់​ទាំង​២​គ្រឿង​ខាងលើ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ