ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​អ្នក​ឡើងត្នោត​រម្ងាស់​យក​ស្ករ មាន​ហា​នី​ភ័យ​សម្រាប់​អាយុជីវិត​ណាស់

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ អ្នក​ឡើងត្នោត​គាប​យក​ទឹកត្នោត​រម្ងាស់​យក​ស្ករ​ម្នាក់​ឈ្មោះ កើត ឃឿ​ន ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ មុខរបរ​ឡើងត្នោត​នៅ​ភូមិ​តា​សួ​ស ហៅ​ភូមិ​ត្រឡោក​បែក ឃុំ​ដូង​ស្រុក​រមាស​ហែក បាន​រៀបរាប់​ប្រាប់​អ្នក​សារព័ត៌មាន​ថា…

ខេត្តស្វាយរៀង ៖ អ្នក​ឡើងត្នោត​គាប​យក​ទឹកត្នោត​រម្ងាស់​យក​ស្ករ​ម្នាក់​ឈ្មោះ កើត ឃឿ​ន ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ មុខរបរ​ឡើងត្នោត​នៅ​ភូមិ​តា​សួ​ស ហៅ​ភូមិ​ត្រឡោក​បែក ឃុំ​ដូង​ស្រុក​រមាស​ហែក បាន​រៀបរាប់​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​មាន​ប្រពន្ធ និង​មានកូន​០៣​នាក់​ជា​ចំណងដៃ ស្រី​ម្នាក់​ប្រុស​២​នាក់​។ ដោយ​បាន​ប្រកប​មុខរបរ​ឡើង​ដាក់​ទឹកត្នោត​រម្ងាស់​យក​ស្ករ​អស់​រយៈពេល​០៥​ឆ្នាំ​មក​ហើយ គាត់​មាន​ដើម​ត្នោត​ចំនួន​៣៥​ដើម​ធ្វើ​ទឹក ដោយ​ក្នុង​១​ថ្ងៃ​គាត់​ត្រូវ​ឡើង​គាប​ផ្កាត្នោត និង​ដាក់​ទឹកត្នោត គឺ​ពេល​ព្រឹក​ឡើង​គាប​ផ្កា និង​ដាក់​ទឹកត្នោត​៣៥​ដើម​ដោយ​ឡើង​ចាប់ពី​ម៉ោង​០៣​ទៀប​ភ្លឺ​រហូត​ដល់​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ហើយ​ចាប់ផ្តើម​រម្ងាស់​ទឹកត្នោត​ធ្វើ​ស្ករ​រហូត​ដល់​ម៉ោង​១១​កន្លះ​ទៅ​ម៉ោង​១២​ថ្ងៃត្រង់​ទើប​រម្ងាស់​បានជា​ស្ករ​ហើយ​ត្រូវ​ចាក់​ធ្វើ​ជា​ស្ករផែន​។

ពេល​ព្រឹក​បាន​ស្ករ ១២​គីឡូក្រាម ហើយ​នៅ​វេលា​ម៉ោង​០៣​រសៀល គឺ​ចាប់ផ្តើម​ឡើង​គាប​ផ្កា ឬ​ចិត​ផ្កា និង​ដាក់​ទឹកត្នោត​ចំនួន​៣៥​ដើម​នេះ​ម្តងទៀត​រហូត​ដល់​ម៉ោង​៧​យប់​ទើប​ហើយ និង​ចាប់ផ្តើម​រម្ងាស់​ស្ករ​បន្ត​រហូត​ដល់​ម៉ោង​១១​យប់​ទើបបាន​ស្ករ​ចាក់​ផែន និង​បាន​ដេក​។ ពេល​ល្ងាច​បាន​ស្ករ​តែ​៨​គីឡូ​ទេ សរុប​ក្នុង​១​ថ្ងៃ​រម្ងាស់​ស្ករ ចាក់​ផែន​បាន​២០​គីឡូក្រាម​។ ហើយ​ស្ករផែន​ចង​ស្រាក់ មួយ​ស្រាក់​១​គីឡូ ក្នុង​១​គីឡូ​តម្លៃ​៤,០០០​រៀល លក់​បោះ​ម៉ូយ​។

ដូច្នេះ​ក្នុង​១​ថ្ងៃ​រក​ប្រាក់​ចំណូល​លក់​ស្ករ​បាន​៨០,០០០​រៀល​។ អ្នក​ឡើងត្នោត​រូប​នេះ​បន្ត​ទៀត ថា មុខរបរ​ធ្វើ​ទឹកត្នោត​រម្ងាស់​ស្ករ​នេះ មាន​រយៈពេល​តែ​០៦​ខែ​ប៉ុណ្ណោះ គឺ​ចាប់ផ្តើម​ពី​ខែវិច្ឆិកា​ដល់​ពាក់កណ្តាល​ខែមេសា គឺ​ឈប់​ឡើង​ដាក់​ទឹកត្នោត​ត្រឹម​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ហើយ​ផុត​ពី​រដូវ​ឡើងត្នោត​គឺ​ទៅ​ធ្វើ​ជា​កម្មករ និង​ធ្វើស្រែ​ចម្ការ នៅ​ខែតុលា​គឺ​ចាប់ផ្តើម​ចង​បង្អោង និង​គាប​ផ្កា​បណ្តើ​ៗ ច្រូតកាត់​ប្រមូល​ផល​ហើយ​ខែវិច្ឆិកា ចាប់ផ្តើម​ឡើង​ដាក់​ទឹកត្នោត​រម្ងាស់​ស្ករ​ជា​ថ្មី​។ ហើយ​នៅ​ក្នុងភូមិ​តា​សួ​ស ឃុំ​ដូង ស្រុក​រមាស​ហែក​នេះ មាន​អ្នក​ប្រកប​មុខរបរ​ឡើងត្នោត​០៣​នាក់ បើ​ទូ​ទាំង​ស្រុក​គឺ​មាន​អ្នក​ឡើងត្នោត​ច្រើន​គ្រួសារ​ដែរ​។

ចំពោះ​ស្ករ គឺ​ចាក់​ជា​ផែន ចង​ជា​ស្រាក់ ក្នុង​១​ស្រាក់​១​គីឡូ ហើយ​ស្ករត្នោត​នេះ​គឺ​ខាង​វៀតណាម​គេ​ឡើង​មក​ប្រមូល​ទិញ​រាល់ថ្ងៃ​យក​ទៅ​លក់​បន្ត​នៅ​ក្នុង​ប្រទេស​វៀតណាម​។ ពួក​គាត់​ក៏​មានការ​ត្អូញត្អែ​ដែរ​គឺ​ព្រួយបារម្ភ​ពី​ហា​នី​ភ័យ​គ្រោះថ្នាក់​ដោយពេល​ខ្លះ​សុខភាព​មិន​អំណោយផល ។ ទោះបី​សុខភាព​មិនសូវ​ស្រួល​ក៏​ដោយ ក៏​នៅ​តែ​ខំប្រឹង​ឡើង​ដាក់​ទឹកត្នោត​ជា​ប្រចាំ​រាល់ថ្ងៃ មិន​អាច​ឈប់ ឬ​ចោល​បាន​នេះ​ជា​មុខរបរ បើ​សម្រាក​ឡើង​តែ​២​បី​ថ្ងៃ​អាច​ខូច​ផ្កា ពិបាក​គាប​ឡើង​វិញ និង​បាត់ប្រាក់​ចំណូល ទើប​តស៊ូ​លុះត្រាតែ​ឈឺ​ធ្ងន់​ទើប​សម្រាក នេះ​ជា​ហ​នី​ភ័យ​។

បើ​តាម​ចាស់ទុំ​និយាយ​ថា បើ​នៅ​ក្នុង​សម័យ​អាណានិគម​បារាំង​សេស​គ្រប់គ្រង​អ្នក​ឡើងត្នោត​គឺ​រដ្ឋ​មិន​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​ឲ្យ​កាន់​ទេ ដោយ​គេ​គិត​ថា ហា​នី​ភ័យ​នៃ​ការ​ស្លាប់​ខ្ពស់​ណាស់ គឺ​បារាំង​ចាត់​ទុក​ថា មនុស្ស​អ្នក​ឡើងត្នោត​គឺ​ឆាប់​ស្លាប់​នៅ​ថ្ងៃ​ណាមួយ​។ ហើយ​អ្នក​ឡើងត្នោត​ទាំងនោះ​ក៏​បាន​លើក​ឡើង​ដែរ​ថា នេះ​គឺ​ដោយសារ​តែ​ជីវភាព ម្យ៉ាង​គឺជា​មុខរបរ​ដំណ ត​ពី​ឪពុក និង​ដូនតា ទើប​មិន​ចង់​បោះបង់ ទោះបី​មិន​មានទ្រព្យ​ច្រើន​ដូច​គេ​ក៏​អាច​ផ្គត់ផ្គង់​ជីវភាព​បាន​ល្អ​ប្រសើរ​ដែរ សម្រាប់​អ្នក​រស់នៅ​ក្នុង​ជនបទ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ