ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុ​ន​អន្តរជាតិ​គ្រោង​ចាប់ផ្ដើម​នៅ​ដើមឆ្នាំ​​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុ​ន​អន្តរជាតិ​ចក្រភព​ខ្មែរ​ដែល​ត្រូវ​បាន​លើក​ពេល​ជា​បន្តបន្ទាប់ ដោយ​សារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​នោះ ក្រោយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុ​ន​អន្តរជាតិ​ចក្រភព​ខ្មែរ​ដែល​ត្រូវ​បាន​លើក​ពេល​ជា​បន្តបន្ទាប់ ដោយ​សារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​នោះ ក្រោយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​នេះ បាន​កំណត់​ពេលវេលា​នៃ​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​នេះ​សា​ជា​ថ្មី ដោយ​គ្រោង​ធ្វើ​នៅ​ដើមឆ្នាំ​២០២១​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុ​ន​អន្តរជាតិ​ចក្រភព​ខ្មែរ បាន​កំណត់​ពេលវេលា​ថ្មី​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​រួចរាល់​ហើយ​។

បើ​ពុំ​មានការ​ប្រែប្រួល​ទេ ព្រឹត្តិការណ៍​មួយ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​អំឡុង​ខែមករា ឆ្នាំ​២០២១​ដោយ​​គ្រោង​ដាក់​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២១​។ លោក វ៉ា​ត់ ចំរើន បញ្ជាក់​បែប​នេះ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ។ ទោះបី​យ៉ាងណា​លោក​អះអាង​ថា កាលបរិច្ឆេទ​នេះ ពុំ​ទាន់​ចូល​ជា​ផ្លូវការ​១០០​ភាគរយ​នោះ​ទេ ។ លោក​នឹង​ពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​ខេត្តសៀមរាប និង​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​រៀបចំ​ឯកសារ​លម្អិត​ដាក់​ឆ្លង​ជូន​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​សិន​។

លោក វ៉ា​ត់ ចំរើន ចាត់​ទុក​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុ​ន​អន្តរជាតិ​ចក្រភព​ខ្មែរ ជា​ព្រឹត្តិការណ៍​ទេសចរណ៍​ដែល​ត្រូវ​រៀបចំ​ដោយ​មិន​អាច​ខាន​បាន ។ ព្រោះ​វា​ជា​សមិទ្ធផល​ទេស​ចរណ៍​ដ៏​ធំ​មួយ ក្នុង​ការ​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អង្គរ​ក្នុង​ខេត្តសៀមរាប ។ ជា​ពិសេស វា​អាច​ជួយ​ស្រោចស្រង់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ដែល​រង​ផល​ប៉ះពាល់​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

ទោះបី​យ៉ាងនេះ​ក្តី ការ​រៀបចំ​ឆ្នាំ​នេះ​អាច​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ៗ ដ្បិត​ឆ្នាំ​នេះ​តម្រូវ​ឲ្យ​គណៈកម្មការ​រៀបចំ​ត្រូវ​កំណត់​ចំនួន​មនុស្ស​ក្នុង​ការ​ចូលរួម ។ ហើយ​ការ​រៀបចំ​ទៀត​សោត គឺ​ធ្វើ​ឡើង​ក្នុង​ទម្រង់​បរិបទ​ថ្មី ក្រោម​យន្តការ​រឹត​បន្តឹង​ផ្នែក​សុវត្ថិភាព ដើម្បី​ការពារ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។ ជាមួយ​គ្នា​នេះ លោក វ៉ា​ត់ ចំរើន បាន​ក្រើនរំលឹក​ដល់​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​រត់​ក្នុង​ព្រឹត្តិការណ៍​នេះ ឲ្យ​ត្រៀមខ្លួន​ចូលរួម​រត់​ទាំងអស់​គ្នា​នៅ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២១​។

គួរ​រំលឹក​ថា ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុ​ន​ចក្រភព​ខ្មែរ ដំបូង​គ្រោង​រៀបចំ​នៅ​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២០ តែ​ត្រូវ​បាន​លើក​ពេល​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ជំងឺ​រាត​ត្បាត​ជា​សាកល​នេះ​ដែរ បាន​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​មួយ​ចំនួន​នៅ​ឆ្នាំ​២០២០ ត្រូវ​បាន​លុប​ចោល និង​លើក​ពេល​រៀបចំ​នៅ​ឆ្នាំ​២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ