រាជធានីភ្នំពេញ ៖ រោងចក្រផលិតថាមពលនុយក្លេអ៊ែរ ឬមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាទី១ ដែលត្រូវបានបំផ្លាញដោយការរញ្ជួយដី៨,៩រីស្ទ័រ នៅភាគឦសានប្រទេសជប៉ុន បណ្តាលឱ្យឆេះ និងសាយភាយសារធាតុវិទ្យុសកម្មប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋទាំងនៅប្រទេសជប៉ុន និងតំបន់ផ្សេងៗនោះ ត្រូវបានមន្ត្រីជំនាញនៃក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា បើទោះណា វា (វិទ្យុសកម្ម) រសាត់តាមខ្យល់ ឬពពកលើលំហអាកាសក៏ដោយ ប៉ុន្តែវិទ្យុសកម្មនេះវាមិនអាចធ្វើដំណើរមកដល់ប្រទេសកម្ពុជាឡើយ ។
លោកចាន់ យុត្ថា នាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានមានប្រសាសន៍ពន្យល់ថា សារធាតុវិទ្យុសកម្ម ឬបរមាណូ ដែលសាយភាយពីការឆេះប្រព័ន្ធរេអាក់ទ័រនៃមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាទី១ នៅប្រទេសជប៉ុន បន្ទាប់ពីកើតមានការរញ្ជួយដី៨,៩រីស្ទ័រ និងរលកយក្សស៊ូណាមីនោះ វាបានបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងពីបញ្ហាសុខភាព និងអាយុជីវិតប្រជាពលរដ្ឋជាទូទៅក្នុងប្រទេសជប៉ុន មិនតែប៉ុណ្ណោះ ប្រទេសជិតខាង និងតំបន់មួយចំនួនក៏កើតក្តីព្រួយបារម្ភពន់ពេកផងដែរ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាសូមកុំមានការជ្រួលច្របល់ភ័យខ្លាចថ្វី ព្រោះវិទ្យុសកម្មនេះមិនអាចធ្វើដំណើរតាមខ្យល់មកដល់ប្រទេសកម្ពុជាបាននោះទេ ។ ប្រសិនបើវិទ្យុសកម្មនេះធ្លាយសាយភាយនៅអំឡុងខែធ្នូ ឬខែមករាវិញ ប្រទេសកម្ពុជាទទួលរងនូវសម្ពាធខ្យល់ប្រព័ន្ធទាប អាចបក់មកដល់ប្រទេសកម្ពុជា ព្រោះថា ជារដូវរំហើយ ឬរដូវខ្យល់ ហើយខ្យល់ត្រជាក់នេះវាបក់ផាត់ខ្លាំងក្លាពីតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី ចូលមកតំបន់ទីបេ ប្រទេសចិន ហើយឆ្ពោះមកដល់ប្រទេសកម្ពុជា និងប្រទេសជិតខាង…នេះទើបជាការព្រួយបារម្ភ ។
លោកប្រធានខុទ្ទកាល័យចាន់ យុត្ថា បានបញ្ជាក់ថា នៅអំឡុងខែនេះ (មីនា) ជារដូវស្ងប់ខ្យល់ រដូវក្តៅ ឬនិទាឃរដូវ ប្រទេសកម្ពុជាទទួលរងនូវលំហូរខ្យល់ពីតំបន់ត្រូពិកតែប៉ុណ្ណោះដូច្នេះប្រព័ន្ធកន្ត្រាក់ ឬប្រព័ន្ធសម្ពាធទាប មិនមាននៅប្រទេសកម្ពុជាទៀតទេ ហើយការនាំខ្យល់ពីប្រទេសជប៉ុនក៏មិនអាចធ្វើដំណើរមកដល់ប្រទេសកម្ពុជាបានដែរ ។
គួររំលឹកថា នាវេលាម៉ោង៥ព្រឹកថ្ងៃទី១៥ មីនា ២០១១ កំរិតវិទ្យុសកម្មឡើងខ្ពស់ខុសពីធម្មតាត្រូវបានវាស់ឃើញនៅក្រុងតូក្យូ ហើយវានឹងបង្កឱ្យប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងខ្លាំង។ នាព្រឹកថ្ងៃទី១៥ មីនា នោះដែររេអាក់ទ័រទី៤នៃមជ្ឈមណ្ឌលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ាទី១ដែលភ្លើងឆេះត្រូវបានពន្លត់ហើយ។ យោងតាមម៉ាស៊ីនឃោសនាជប៉ុនជាច្រើនថា ពួកអ្នកពន្លត់ភ្លើងអះអាងពីការបញ្ចប់គ្រោះអគ្គីភ័យនេះ។ ចំណែកឯស្ថានទូតបារាំងប្រចាំប្រទេសជប៉ុនបានបដិសេធអំពីរឿងដែលថា មានពពកវិទ្យុសកម្មបោកបក់សំដៅឆ្ពោះមកកាន់តំបន់ក្រុងតូក្យូ ដោយអះអាងថា ទីក្រុងដ៏ធំបំផុតលើពិភពលោកនោះពុំរងការគំរាមកំហែងដោយវិទ្យុសកម្មឡើយ។ ការព្យាករណ៍ឧតុនិយមគូសបញ្ជាក់ថា ខ្យល់កំពុងតែគួចវិល។
នាយករដ្ឋមន្ត្រីជប៉ុន លោកណាអូតូ កាន បានថ្លែងថា កំរិតវិទ្យុសកម្មមានការកើនឡើងខ្ពស់នៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាទី១ ជាកន្លែងមានអគ្គីភ័យកើតឡើងនៅរេអាក់ទ័រទី៤។ អត្រាវិទ្យុសកម្មមានកម្រិតខ្ពស់លើសពីធម្មតាត្រូវបានវាស់ដោយមន្ត្រីអាជ្ញាធរក្រុងអ៊ីបារ៉ាគី ជាទីក្រុងស្ថិតនៅចន្លោះតំបន់ហ្វូគូស៊ីម៉ា និងក្រុងតូក្យូ។ ទីភ្នាក់ងារព័ត៌មានក្យូដូរាយការណ៍ថា ទីក្រុងអ៊ីបារ៉ាគី ស្ថិតនៅចម្ងាយជាង១០០គីឡូម៉ែត្រភាគឥសានក្រុងតូក្យូ។ នាវេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ មីនា មានការផ្ទុះរេអាក់ទ័រទី២ នៃមជ្ឈមណ្ឌលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ាទី១។ ប្រទេសជប៉ុនបានស្នើជំនួយពីសហរដ្ឋអាមេរិក និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិចូលរួមរៀបចំប្រព័ន្ធទប់ស្កាត់ និងការពារក្រោយកើតមានបញ្ហានៃការផ្ទុះ និងឆេះរេអាក់ទ័រនៅឯមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ានាប៉ុន្មានថ្ងៃមកនេះ ៕



ចែករំលែកព័តមាននេះ