ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​កីឡា​​ប៊ូល ឬ​ប៉េតង់​​ជ្រើស​រើស​ជើង​ឯក​២០១១

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កីឡា​ប៊ូល ឬ​ប៉េតង់​កម្ពុជា ​បាន​ចាប់​ផ្តើម​បើក​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ទូទាំង​ប្រទេស​ជា​ផ្លូវ​ការ​​កាល​ពី​ថ្ងៃ​ទី​៨ មីនា កន្លង​មក​នេះ នៅ​ទីលាន​ក្នុង​ពហុ​កីឡា​ដ្ឋាន​ជាតិ។ លោក​ឯម ហៀង មន្ត្រី​បច្ចេក​ទេស​របស់​សហ​ព័ន្ធ​កីឡា​ករ​ប៊ូល ឬ​ប៉េតង់​កម្ពុជា​បាន​ឱ្យ​ដឹង​​ថា ដំណើរ​ការ​នៃ​ការ​ប្រកួត​នេះ​មាន​រយៈ​ពេល​៦​ថ្ងៃ គិត​ពី​ថ្ងៃ​ទី៨ មីនា និង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៣ មីនា។ រីឯ​ក្លឹប និង​សមា​គម​ចូល​រួម​មាន​ចំនួន​២៦ ដោយ​មាន​កីឡា​ករ កីឡា​ការិនី​​ចំនួន​២៤៤​នាក់។ ចំណែក​វិញ្ញាសា​ដែល​ដាក់​ឱ្យ​ប្រកួត​មាន​​ក្រប​ខណ្ឌ​ក១ និង​ក២ ផ្នែក​បុរស​៣​នាក់​ទល់​៣​នាក់ ២​នាក់​ទល់​២​នាក់​ បុរស​-​នារី​ ប្រកួត​​ម្នាក់​ទល់​ម្នាក់​ បុរស-​នារី​ ប្រកួត​ដណ្តើម​ពាន​សមា​គម និង​ប្រកួត​វាយ​យក​ពិន្ទុ។ លោក​បាន​បញ្ជាក់​ថា ឆ្នាំ​នេះ​ចំនួន​ក្លឹប​ចូល​រួម​កើន​ឡើង​ជាង​ឆ្នាំ​មុន ដែល​មាន​តែ​២៤​ក្លឹប​ប៉ុណ្ណោះ។

លោក​​​​ឯម ហៀង បាន​​ឱ្យ​ដឹង​ទៀត​ថា ថ្វី​ដ្បិត​តែ​ក្រសួង​អប់រំ យុវ​ជន និង​កីឡា បាន​ជំរុញ​ឱ្យ​មាន​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ប្រចាំ​ឆ្នាំ​​ជា​រៀង​រាល់​ឆ្នាំ​ក្តី តែ​លោក​ហាក់​បី​ដូច​ជា​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ព្រោះ​ថា​បច្ចុ​ប្បន្ន​យើង​មាន​តែ​កីឡា​ករ​ចាស់​ៗ​ដដែលៗ​ដែល​លេង​តាំង​ពី​ឆ្នាំ​១៩៩៧ មក​ម៉្លេះ។ លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា នៅ​ឆ្នាំ​១៩៩៨ វិស័យ​កីឡា​​ប៊ូល​កម្ពុជា​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង គឺ​យើង​ធ្លាប់​ដណ្តើម​បាន​មេដាយ​មាស​ ប្រាក់ និង​សំរឹទិ្ធ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នៅ​រាល់​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរ​ជាតិ។ មិន​តែ​ប៉ុណ្ណោះ​កម្ពុជា​ថែម​ទាំង​ធ្លាប់​បាន​បញ្ជូន​អ្នក​បច្ចេក​ទេស​ទៅ​ជួយ​បង្ហាត់​ដល់​កីឡា​ករ​វៀត​ណាម​ទៀត​ផង។ ប៉ុន្តែ​បច្ចុ​ប្បន្ន​ ខណៈ​​ដែល​គេ​កំពុង​តែ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នោះ​បែរ​ជា​វិស័យ​កីឡា​ប៊ូល​ខ្មែរ​ដែល​ធ្លាប់​តែ​មាន​សក្តា​នុពល​បំផុត​នៅ​ក្នុង​តំបន់​​បាន​និង​កំពុង​តែ​មាន​ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​​បារម្ភ​​ទៅ​វិញ។

លោក​ឯម ហៀង បាន​បញ្ជាក់​ទៀត​ថា ការ​ធ្លាក់​​ចុះ​របស់​យើង​មិន​មាន​មូល​ហេតុ​អ្វី​ដែល​គួរ​ឱ្យ​ពិបាក​​យល់​​ទេ កត្តា​សំខាន់​គឺ​កីឡា​ករ​ចាស់​ៗ​ កម្លាំង​កាយ​ និង​ស្មារតី​ បូក​រួម​ទាំង​អារម្មណ៍​ទៀត​ផង​នោះ ក៏​អន់​ខ្សោយ​ទៅ​តាម​​ហ្នឹង​ដែរ។ ម្យ៉ាង​វិញ​ទៀត​ យើង​អត់​​បាន​គិត​គូរ​ពី​ការ​បណ្តុះ​បណ្តាល​ក្មេង​ៗ​ស្រករ​ក្រោយ​សម្រាប់​ស្នង​នោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា មជ្ឍ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​ ឬ​ក្រសួង​អប់រំ យុវ​ជន និង​កីឡា គួរ​តែ​ផ្តល់​ថវិកា​សម្រាប់​ធ្វើ​ការ​បណ្តុះ​បណ្តាល​កីឡា​ករ កីឡា​ការិនី​ក្មេង​ៗ​មួយ​ចំនួន​ឱ្យ​បាន​មក​ចូល​រួម​ហ្វឹក​ហាត់​ជា​មួយ​កីឡា​ករ កីឡា​ការិនី​ជម្រើស​ជាតិ​ចាស់ៗ​សម្រាប់​ស្នង​តំណែង។ ប៉ុន្តែ​បច្ចុ​ប្បន្ន​គឺ​មិន​មាន​ទាល់​តែ​សោះ ម្យ៉ាង​វិញ​ទៀត​​នៅ​តាម​សាលា​គួរ​តែ​មាន​ពេល​វេលា ឬ​កម្ម​វិធី​លេង​កីឡា​ប៊ូល​១​ម៉ោង ឬ​២​ម៉ោង​ ជា​មួយ​នឹង​កម្ម​វិធី​អប់រំ​ផង​ដែរ។

លោក​​ឯម ហៀង បាន​លើក​​យក​​​ប្រទេស​វៀត​ណាម​មក​ធ្វើ​ការ​ប្រៀប​ធៀប​ថា គេ​កើត​ក្រោយ​យើង តែ​គេ​មាន​កម្ម​វិធី​សម្រាប់​ក្មេង​លេង​ប៊ូល​នៅ​ក្នុង​សាលា​​ ដែល​រហូត​មក​ទល់​ពេល​នេះ​គេ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង។ ដូច្នេះ​លោក​គិត​ថា ការ​បណ្តុះ​បណ្តាល​ក្មេង​ៗ​គឺ​ជា​កត្តា​សំខាន់​បំផុត បើ​ពុំ​នោះ​ទេ គឺ​យើង​មិន​អាច​រក​បាន​​អ្នក​ស្នង​តំណែង​ឡើយ៕