អតីតជនលេខ១នៃវិមានក្រឹមឡាំង លោកមីខាអ៊ីល ហ្គ័របាឆូវ ក្នុងឱកាសខួបកំណើតគំរប់៨០ឆ្នាំរបស់លោកបានផ្តាំទៅលោកវ្ល៉ាឌីមៀរ ពូទីន កុំឱ្យស្វះស្វែងដណ្តើមយកតំណែងប្រធានាធីបតីរុស្ស៊ីទៀតនាឆ្នាំខាងមុខនេះ។
ក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃទី២ មីនា ក្នុងកាសែត ARGUMENTY I FAKTY លោកហ្គ័របាឆូវមានប្រសាសន៍ថា លោកវ្ល៉ាឌីមៀរ ពូទីន បានធ្វើប្រធានាធិបតី២អាណត្តិរួចហើយ និងមួយអាណត្តិទៀតធ្វើនាយករដ្ឋមន្ត្រី។ ប្រសិនបើជារូបខ្ញុំជាលោកពូទីនវិញនោះ ខ្ញុំនឹងមិនឈរឈ្មោះសំរាប់តំណែងប្រធានាធិបតីទៀតឡើយ។ បិតាប៉េរេស្ត្រូយកា (កែប្រែថ្មី) រូបនេះយល់ថា ប្រសិនបើលោកពូទីនជាប់ឆ្នោតទៀតក្នុងខែមីនា ឆ្នាំ២០១២ នោះលោកនឹងដឹកនាំប្រទេសមួយអាណត្តិរយៈពេល៦ឆ្នាំទៀត ក៏ប៉ុន្តែប្រជាជនពុំចង់ឱ្យគេចាត់ទុកថា ជាហ្វូងគោ ឬចៀមដែលដឹកនាំជាច្រើនសិបឆ្នាំដោយពួកគង្វាលដដែលៗឡើយ។ លោកបន្តទៀតថា លោកពូទីនក៏ដូចជាប្រធានាធិបតី លោកឌីមីទ្រី ម៉េដវេដេវ ដែរ ពុំអាចស្ថិតនៅកាន់អំណាចរៀងរហូតនោះឡើយ។ លោកទាំង២ត្រូវតែយល់ថា កង់ចេះតែវិល។
ក្នុងឱកាសខួបកំណើតគំរប់៨០ឆ្នាំ លោកម៉េដវេដេវបានទទួលជួបលោកហ្គ័របាឆូវហើយបំពាក់ជូនលោកនូវគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតរបស់រុស្ស៊ី ដោយសារស្នាដៃធំធេងទាំងឡាយរបស់លោកពេលលោកដឹកនាំប្រទេស។ ចំណែកលោកពូទីនក៏បានបញ្ជូនសារជូនពរលោកដែរ ៕
ចែករំលែកព័តមាននេះ