ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាម​គ្លី​និក​ឯក​ជន​មិនឱ្យ​​បង្រៀន​​សិស្ស​ដោយ​ខុសច្បាប់​​​ទេ

15 ឆ្នាំ មុន

ខេត្ត​កំពង់ចាម  ៖ «គ្លីនិក​ឯកជន​ត្រូវ​តែ​​បញ្ឈប់​​ជា​បន្ទាន់​ការ​បង្រៀន​សិស្ស ​និង​មិន​​អនុញ្ញាត​ឲ្យ​មាន​ជា​ដាច់​ខាត​ព្រោះ​​ខុស​​ច្បាប់​»។​ នេះ​ជា​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត​​គឹម សួរភីរុណ ​ប្រធាន​មន្ទីរ​សុខាភិ​បាល​​ខេត្ត​ថ្លែង​​នៅ​ក្នុង​ឱកាស​សន្និបាត​បូក​សរុប​ការ​ងារ​​សុខា​ភិបាល​ខេត្ត​ប្រចាំ​ឆ្នាំ​២០១០​ ​និង​ទិស​​ដៅ​ភារ​កិច្ចឆ្នាំ​២០១១​ នៅ​សាល​ប្រជុំរបស់​មន្ទីរ​​សុខា​ភិបាល​ខេត្ត​ដែល​ បាន​ដំណើរ​​ការ​​ចាប់​ពី​ថ្ងៃ​​ទី​​២៤ដ​ល់២៥ ​កុម្ភៈ ​២០១១ ។​

លោកវេជ្ជបណ្ឌិតវ៉ា សាវុធ អនុប្រធាន​មន្ទីរ​សុខាភិបាលខេត្តបានលើកឡើងថា តាមការ​ស្រាវជ្រាវមរណភាពមាតាក្នុងខេត្តដែលបានរកឃើញមានចំនួន១៥ករណីក្នុងឆ្នាំ២០១០ និងបាន បញ្ជាក់ ពីមូល​ហេតុ​នៃការស្លាប់​ច្បាស់​លាស់ដើម្បីកំណត់យកនូវយុទ្ធសាស្រ្តទប់ស្កាត់អត្រាស្លាប់របស់មាតានៅ​ឆ្នាំ​បន្ទាប់ទៀត ។ លោកវេជ្ជបណ្ឌិតគឹម សួរភីរុណ ប្រធាន​មន្ទីរសុខាភិបាលខេត្ត មានប្រសាសន៍ថា មន្ទីរ​សុខាភិបាលខេត្តបានអនុវត្តតាមគោលការណ៍ របស់ក្រសួងសុខាភិបាលដែលបានអនុវត្តគ្រប់វិស័យតាំងពីហេដ្ឋា រចនាសម្ព័ន្ធ សំភារបរិក្ខារនិងបច្ចេកទេស ជាក់​ស្តែងអាគារថ្មីនៅ​ក្នុងមន្ទីរពេទ្យខេត្តដែលជា​ជំនួយ​របស់​ប្រទេស​ជប៉ុនបានដាក់ឱ្យដំណើរការ​ក្រោមអធិបតី​ភាព​របស់សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះរា ជាណាចក្រកម្ពុជា​ និងសមិទ្ធផល​ជាច្រើនទៀតដែលបាន​មកពី​ការខិតខំ​ប្រឹង​ប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ​ និង​មន្ត្រីសុខាភិបាលគ្រប់​ផ្នែកទាំងអស់ ។

លោកប្រធានមន្ទីរសុខាភិបាលខេត្តបានបន្ត​ថា «ទាក់ទងទៅនឹងវិស័យគ្លីនិកឯកជន​ ស្ថិត​នៅកន្លែងណាក៏ដោយត្រូវតែមានក្រមសីលធម៌​គោរពចំពោះអ្នកជំងឺដែលបានចូលមកសំរាក​ព្យាបាលនៅកន្លែងរបស់ខ្លួនដោយមិនត្រូវប្រើសំដីតូចធំឡើយ ។ ជាក់ស្តែងនា​ពេលកន្លង​ទៅថ្មីៗនេះមានអ្នកជំងឺម្នាក់ឈឺក​ និង​ញ័រទ្រូង លុះ​ពេលទៅមើលអេកូ​បែរជា​ឃើញ​​ដុំដៃ​ស្បូន​ទៅវិញ ។ ដោយសារតែ​មាន​បញ្ហា​ផ្សេងទៀត​ជា​ច្រើននោះ ក្រោយពីការប្រជុំនេះចប់ក្នុង​ពេល​ខាងមុខដ៏ឆាប់នឹងកោះហៅម្ចាស់គ្លីនិក​ទាំង​អស់​មកប្រជុំដុសក្អែលម្តង ដើម្បីកុំឱ្យចេះធ្វើអ្វីផ្តេស​ផ្តាសមិនគប្បីទៀត» ។

លោកម៉េង សួន អភិបាលរង​ខេត្ត​បានថ្លែង​ថា មន្ទីរសុខាភិបាលខេត្ត​គប្បីយកចិត្ត​ទុក​ដាក់​បន្តដោយសក្តានុពលរៀប​ចំសេវាសុខាភិបាល​ឯកជនទាំងកន្លែងព្យាបាលឯកជន និងសេវាកម្ម​ឱសថឯកជនក្នុងខេត្តឱ្យ​មានដំណើរការប្រកប​ដោយគុណភាពស្របច្បាប់ទាំងទីប្រជុំជន និងតំបន់ដាច់ស្រយាល ដើម្បី​ឱ្យធានាបានតាម​គោល​ការណ៍ផ្គត់ផ្គង់សេវា​ជូនប្រជាពលរដ្ឋ២៤​ម៉ោងប្រចាំថ្ងៃ និងប្រែក្លាយ​មូលដ្ឋានសុខាភិ​បាល​ទាំងនោះក្លាយជាដៃគូដ៏​សំខាន់ជា​មួយ​សេវា​សុខាភិបាលសារណៈ អនុវត្ត​បានតាមគោល​ការណ៍របស់ក្រសួងសុខាភិបាល​ និងអាជ្ញា​ធរ​ពាក់ព័ន្ធ ។

លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា ឱសថប្រៀបបានទៅនឹងកាំបិតមុខពីរ ប្រសិន​បើយើងប្រើប្រាស់បានត្រឹមត្រូវតាមវេជ្ជ​បញ្ជា​នោះនឹងធ្វើឲ្យយើងមានសុខភាពល្អ ផ្ទុយ​ទៅ​វិញបើយើងឈឺចេះតែទៅទិញថ្នាំយកមក​លេប​គ្មានវេជ្ជបញ្ជានឹងអាចបង្កគ្រោះថ្នាក់ដល់​អាយុ​ជីវិតជាក់ជាមិនខានឡើយ ។ ជាក់​​​ស្តែងនាពេល​កន្លងមកនេះយើងបាន​បង្រ្កាបឱសថក្លែង​ក្លាយ​សំរាប់បំរើឱ្យផ្លូវភេទ នៅក្រុង​កំពង់ចាម ព្រម​ទាំង​បានឃាត់មនុស្ស២នាក់​បញ្ជូន​ទៅសាលា​ដំបូងខេត្តបានទាន់ពេលវេលា បើពុំនោះទេ នឹង​បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋរបស់
យើង ៕