ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាដការ​បាំ​​បុរាណ​ក្លាយ​ជា​ពិធី​ការិនី​ទូរទស្សន៍

15 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កញ្ញា​​ រ៉ា សូនីតា  ហៅ​ព្រះ​កាយ​ច័ន្ទ​ ​មាន​​​អាយុ​ទើបតែ​១៦ឆ្នាំ តែ​មាន​ជំនាញ​សិល្បៈ​​ច្រើន ​គឺ​នាង​មានជំនាញ​​ជា​អ្នក​របាំ​បុរាណ​ និង​ជា​អ្នក​ចម្រៀង​​កិត្តិយស​ក្នុង​កម្ម​វិធី​ទូរទស្សន៍​​ ព្រម​ទាំង​ជា​អ្នក​សម្តែង​កាយ​វិការ​​ខារ៉ាអូខេ​ និង​​ភាព​យន្ត​ផង​ដែរ ​។ លើស​ពីនេះ​​ នាង​កំពុង​ធ្វើ​ជា​ពិធី​ការិនី​ប្រចាំ​​កម្មវិធី​ប្រគំ​តន្ត្រី​យុវវ័យ​រីក​​រាយ​នៃស្ថានីយ​ទូរទស្សន៍​​​អប្សរា​ប៉ុស្តិ៍​លេខ១១ ផ្សាយ​​ផ្ទាល់​រាល់​ថ្ងៃអាទិត្យ ។
កញ្ញា​ រ៉ា សូនីតា  ចាប់កំណើត​​ក្នុង​វង្ស​ត្រកូល​ជាអ្នក​​សិល្បៈល្ខោន​​បាសាក់​​ ។ នាង​សិក្សា​ចំណេះ​​​ទូទៅ​​ថ្នាក់​ទី១១​នៅ​សាកល​វិទ្យា​​ល័យ​ភូមិន្ទ​​វិចិត្រ​សិល្បៈ​​ និង​សិក្សាឆ្នាំ​ទី៥​ផ្នែក​របាំ​បុរាណ​ ។ ​នាង​​មាន​ស្រុក​កំណើត​​នៅ​ស្រុក​កៀន​ស្វាយ​​ ខេត្ត​កណ្តាល​ ​ឪពុក​ឈ្មោះ​ពៅ ច័ន្ទ​តារា  ជាសិល្បករ​​​ល្ខោន​បាសាក់​ និងម្តាយ​ឈ្មោះ​​មុំ សុខខេង ជាមេផ្ទះ ។ នាង​ជាកូន​​ពៅ​​ក្នុង​ចំណោម​​បងប្អូន​២​នាក់​ ក្នុង​នោះ​​បង​​ប្រុស​​របស់​នាង​ជាអ្នក​​របាំ​ប្រពៃណី​ ។

កន្លង​មក​សូនីតា​​ធ្លាប់​ចូល​រួម​រាំរបាំ​បុរាណ​ក្នុង​កម្ម​វិធី​​ជាតិ​​រៀង​​រាល់​ឆ្នាំ​​ជាមួយ​ក្រុម​សិល្បៈនៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ និង​វិចិត្រ​សិល្បៈ ។ ​ក្រៅពី​នេះ​នាង​​ធ្លាប់​ចេញ​ទៅ​​​រាំរបាំ​បុរាណ​​នៅ​​ក្នុង​កម្ម​វិធី​មួយ​ចំនួន​ទៀត​នៅ​ប្រទេស​ចិន  និង​ប្រទេស​​ជប៉ុន ។ ​នាង​ក៏​ធ្លាប់​ចូលរួម​ច្រៀង​ជា​កិត្តិយស​​នៅលើ​ឆាក​ប្រគំ​តន្ត្រី​ចុង​​សប្តាហ៍​​តាម​ស្ថានីយ​ទូរទស្សន៍​នានា​​ផងដែរ  ។ ចំពោះ​​វិស័យ​​សំដែង​​នាង​ធ្លាប់​​សម្តែង​​កាយ​វិការ​​ខារ៉ាអូខេ​​ ឱ្យ​ផលិត​​​កម្ម​ក្រៅ​ប្រទេស​មួយ​ចំនួននិង​ធ្លាប់​​ចូល​រួម​សម្តែង​​ភាពយន្ត​ភាគ​បាន​២​រឿង​ គឺ​រឿង​ «ល្មម​ហើយ​លោក​ប្តី​» ដែល​បាន​​ចាក់​ផ្សាយតាម​កញ្ចក់​ទូរទស្សន៍​​ប៉ុស្តិ៍លេខ​៥ និង​​រឿង​«គូព្រេង​​ចម្លែក​ » របស់​​ស្ថានីយ​​ទូរទស្សន៍​​ CTN  តែ​នាង​មិន​ទាន់​​ក្លាយ​ជា​តួឯក​​ទេ បាន​ត្រឹមតែ​​ជាតារា​កិត្តិយស​​ប៉ុណ្ណោះ​ ។

កញ្ញា​​រ៉ា សូនីតា ​​ចិត្ត​សប្បាយ​​​រីក​រាយ​ដោយ​​បាន​កើត​ក្នុង​ត្រកូល​សិល្បៈ​ ​ហើយ​​ថែមទាំង​បាន​​សិក្សា​​រៀន​សូត្រ​សិល្បៈ​​តាំងពី​​តូច​មក ហើយ​ជោគជ័យ​ក្នុង​​អាជីព​ជា​បន្ត​បន្ទាប់​ ។ ទៅ​ថ្ងៃ​អនាគត​ នាង​ចង់​ក្លាយ​ជា​អ្នក​សម្តែង​កាយ​វិការ​ខារ៉ាអូ​ខេ​ ​និងភាពយន្ត​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ ។  ទោះ​បី​​មានការ​មមាញឹក​​ក្នុង​ការ​សិក្សា​​​ក្តី​នាង​​ឆ្លៀត​ពេល​ទៅ​សម្តែង​​ផង​ ធ្វើ​ជាពិធី​ការិនី​​ផង ហើយ​​ពេល​នេះ​ប្រិយមិត្ត​ទស្សនិកជន​កំពុង​តែ​មានការ​​ចាប់​អារម្មណ៍​ទៅ​​លើ​រូប​នាង ៕