ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​អាណាចក្រ​សត្វ​ព្រាប​» មុខ​ព្រះ​បរមរាជវាំង​ទាក់ទាញ​អ្នកទេសចរ​ច្រើន​ឡើ​​ង​ទៅ​កម្សាន្ត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខ្លះ​ដើរ​នៅ​លើ​ដី ខ្លះ​ហោះហើរ ទាប​ៗ សត្វ​ព្រាប​រាប់រយ​ក្បាល​នៅ​មុខ​ព្រះ​បរមរាជវាំង បង្កើត​សោភ័ណ​ភាព​គាប់​ភ្នែក​អ្នកទេសចរ ។ អ្នកទេសចរ​និយម​ទៅ​បោះ​ចំណី និង​ប្រលែង​លេង​នឹង​សត្វ​ព្រាប

រាជធានី​ភ្នំពេញ ៖ ខ្លះ​ដើរ​នៅ​លើ​ដី ខ្លះ​ហោះហើរ ទាប​ៗ សត្វ​ព្រាប​រាប់រយ​ក្បាល​នៅ​មុខ​ព្រះ​បរមរាជវាំង បង្កើត​សោភ័ណ​ភាព​គាប់​ភ្នែក​អ្នកទេសចរ ។ អ្នកទេសចរ​និយម​ទៅ​បោះ​ចំណី និង​ប្រលែង​លេង​នឹង​សត្វ​ព្រាប​ទាំងនោះ​នា​វេលា​ល្ងាច​ត្រជាក់ ។ អ្នកទេសចរ​កាន់តែ​ច្រើន​ឡើង​និយម​ទៅ​កម្សាន្ត​នឹង​ទីធ្លា​ដែល​ហាក់ដូចជា «​អាណាចក្រ​នៃ​សត្វ​ព្រាប​» ។

ក្នុង​ទឹកមុខ​សប្បាយ​រីករាយ​នៅ​ពេល​លោក​អៀ ថេ​ង នាំ​កូនប្រុស​ឈ្មោះ​អៀ លីង​ខេ​ង ទៅ​ទស្សនា​ព្រាប​នៅ​មុខ​វាំង កាលពី​ពេល ថ្មី​ៗ​នេះ និយាយ​ថា ពី​មុន​នៅ​មុខ​ព្រះ​បរមរាជវាំង​មិនសូវ​មាន​សត្វ​ព្រាប​ច្រើន​ទេ ប៉ុន្តែ​ឥឡូវ​សត្វ​ព្រាប​ច្រើន​មីរដេរដាស​ពេញទី​លាន​សួនច្បារ និង​ដងផ្លូវ​មើលទៅ​ដូច​ជា​អាណាចក្រ​ព្រាប ។ ហ្វូង​ព្រាប​ច្រើន​អនេក​មើលទៅ​ប្លែក​ភ្នែក ប្លែក​អារម្មណ៍ និង​ជាទី​តាំង​កម្សាន្ត​ល្អ​មួយ​សម្រាប់​ភ្នំពេញ ។

ហ្វូង​ព្រាប​ទាញ​ការ​ចាប់អារម្មណ៍​ទស្សនា​ទាំង​ខ្មែរ ទាំង​បរទេស ។ «​ខ្ញុំ​ឱ្យ​តែ​ទំនេរ​មួយ​ខែ ពី​ពីរ​ទៅ​បី​ដង​ជូន​កូន​មក​ទី​នេះ​មើល​ទេសភាព ទិញ​ចំណី​ឱ្យ​ព្រាប ហើយ​មើលទៅ​កូន​សប្បាយ​រីករាយ ។ នៅ​ពេល​ឃើញ​ព្រាប​ច្រើន​គេ​រត់​ប្រដេញ​លេង​ហាក់​គ្មាន​គិត​អ្វី​ទេ ដែល​នេះ​ជា​ការ​ចង់ឱ្យ​កូន​សប្បាយ ណាមួយ​មិន​ចង់​ចំណាយពេល​ទៅ​ឆ្ងាយ ព្រោះ​រវល់​ការងារ ឆ្លៀត​បាន​តែ​ពេលទំនេរ​តិចតួច​ឌុ​ប​កូន​មក​លេង​តាម​ដង​ទន្លេ​មុខ​វាំង កោះ​ពេជ្រ និង​វត្ត​ភ្នំ​ជាដើម ។

ខ្ញុំ​ចង់ឱ្យ​ប្រជាជន​ទាំង​អ្នក​ខេត្ត និង​អ្នកក្រុង​ពេល​ទៅ​តំបន់​កម្សាន្ត​នានា​គួរតែ​ចេះ​រក្សា​បរិស្ថាន និង​មាន​សុជីវធម៌​ល្អ ក្នុង​ពេល​បរទេស​មក​ថា​យើង​ជា​ពូជសាសន៍​ស្លូតបូត រួសរាយ រាក់ទាក់​»​។ លោក​អៀ ថេ​ង និយាយ​បែប​នេះ ។

ចំណែក​ស្ត្រី​ឈ្មោះ​រិ​ន សុភាព បាន​នាំ​កូនស្រី​តូច​ម្នាក់​ទៅ​ទស្សនា​ព្រាប​នៅ​មុខ​វាំង​ដែរ ។ កូនស្រី​គាត់​តែងតែ​ទៅ​មើល​ព្រាប និង​បោះ​ចំណី​ឱ្យ​ពួក​វា​ស៊ី​ជា រឿយ​ៗ ។ ក្រៅពី​បោះ​ចំណី​ឱ្យ​ស៊ី​កូន​តូច​របស់​គាត់​រត់​ដេញចាប់​ពួក​វា​លេង​យ៉ាង​សប្បាយ​រីករាយ ។

អ្នក​ស្រីរិន សុភាព អំពាវនាវ​ដល់​អ្នកទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​តាម​ដង​ទន្លេ​មុខ​ព្រះ​បរមរាជវាំង​ចូលរួម​ថែរក្សា​បរិស្ថាន​ដោយ​វេច​ខ្ចប់​កាក​សំណល់​ហូប​ចុក​ឱ្យ​បាន​ស្អាត​និង​យក​ដាក់​នៅ​ធុងសំរាម ។ តំបន់​នោះ​មាន​អ្នកទេសចរ​ច្រើន​ណាស់​ទៅ​ទស្សនា ដូច្នេះ​គួរតែ​ចូលរួម​ថែរក្សា​ឱ្យ​មាន​សោភ័ណ​ភាព និង​អនាម័យ​ល្អ ។ 

ស្ត្រី​ឈ្មោះ​កាន់ យ៉ា ជា​អ្នកលក់​ចំណី​សត្វ​ព្រាប​បានឱ្យ​ដឹង​ថា តាំងពី​នៅ​មុខ​ព្រះ​បរមរាជវាំង​មាន​សត្វ​ព្រាប​ច្រើន​មក អ្នកទេសចរ​កាន់តែ​ច្រើន​ឡើង​ពេញ​និយម​ទៅ​ទស្សនា និង​បោះ​ចំណី​ឱ្យ​ព្រាប​ស៊ី​ជា​ការ​កម្សាន្ត ។ អ្នកទេសចរ​មាន​ទាំង​ខ្មែរ ទាំង​បរទេស ហើយ​គេ​ចូល​ចិត្ត​ទៅ​កម្សាន្ត​នៅ​ពេល​ល្ងាច​ត្រជាក់ និង​ព្រឹក​ព្រលឹម ។ ទន្ទឹម​អ្នកទេសចរ​កើន​ឡើងជា​លំដាប់ អ្នកលក់​ចំណី​ព្រាប​កាន់តែ​កើនឡើង​ដែរ ។ របរ​នេះ​ជួយ​ឱ្យ​អ្នក​ក្រីក្រ​រកបាន​ប្រាក់​ចំណូល​សម្រាប់​ក្រុម​គ្រួសារ ។ ទោះជា​យ៉ាងណា​ក្តី អ្នកស្រី​កាន់ យ៉ា និយាយ​ថា «​ខ្ញុំ​បារម្ភ​ដែរ​ព្រោះ​មាន​អ្នកលក់​ច្រើន​ពេក​ខ្លាច​តែ​ប៉ូលិស​សណ្តាប់ធ្នាប់​ដេញ​ទេ ដោយសារ​តែ​ពួក​យើង​មិន​រៀបរយ​» ។

លោក​មាស សុធា ជា​ជាង​ថតរូប​នៅ​តំបន់​មុខ​វាំង​បានឱ្យ​ដឹង​ថា ការ​ថតរូប​ដ្បិតតែ​ធ្លាក់​ចុះ​ជាង​មុន​តែ​នៅ​តែ​មាន​មនុស្ស​ថតរូប​ជា​ប្រចាំ​ដែរ ព្រោះ​ឥឡូវ​ថត​ភ្លាម​យក​ភ្លាម មិនបាច់​ចាំ​យូរ​ដូច​មុន​ឡើយ ។  លោក​មាស សុធា គ្មាន​គម្រោង​ប្តូរ​អាជីព​ថតរូប​ទេ ព្រោះ​ថ្វី​ដ្បិតតែ​អ្នក​ភ្នំពេញ​មិនសូវ​ថត​ដោយសារ​តែ​គេ​មាន​ទូរស័ព្ទ ទំនើប​ៗ ថត​ខ្លួនឯង តែ​នៅ​មាន​អ្នក​មក​ពី​ជនបទ​ថត​ភ្លាម​យក​ភ្លាម ។ ទោះបី​ប្រាក់​កម្រៃ​ពី​របរ​ថតរូប​នៅ​មុខ​វាំង​ធ្លាក់​ចុះ​ជាង​មុន តែ​គ្រាន់បើ​ជាង​ទៅ​រក​ការងារ​ផ្សេង ព្រោះ​ធ្លាប់​រកស៊ី​នៅ​ទីនោះ​យូរ​ឆ្នាំ​មក​ហើយ ។ លោក​មាស សុធា កត់សម្គាល់​ឃើញ​ថា វត្តមាន​ព្រាប​នៅ​មុខ​វាំង​ទាក់ទាញ​បាន​អ្នកទេសចរ​ច្រើន​ឡើងជា​លំដាប់​ទៅ​កម្សាន្ត​ទីនោះ ។

ចំពោះ​កងកម្លាំង​សណ្តាប់ធ្នាប់​មើល​ការ​ខុស​ត្រូវ​នៅ​តំបន់​មុខ​ព្រះ​បរមរាជវាំង​បានឱ្យ​ដឹង​ថា ពួក​លោក​តែងតែ​ចាត់​កម្លាំង​សម្រួល​ចរាចរណ៍​កុំឱ្យ​កកស្ទះ និង​ណែនាំ​ឱ្យ​អ្នក​លក់ដូរ ផ្សេង​ៗ​ក្នុង​នោះ​មាន​ទាំង​អ្នកលក់​ចំណី​ព្រាប​ផង​ត្រូវ​មាន​អនាម័យ និង​សណ្តាប់ធ្នាប់​កុំឱ្យ​រំខាន​អារម្មណ៍​អ្នកទេសចរ ៕