ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទប់​ផ្ទះសំណាក់ សណ្ឋាគារ រី​ស៊​ត​នៅ​មណ្ឌលគិរី​ត្រូវ​កក់​ឡើង​ពេញ​នា​ថ្ងៃ​ឆ្លង​ឆ្នាំ (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សីតុណ្ហភាព​ត្រឹម​១៥​ទៅ​១៨​អង្សារ នា​ថ្ងៃ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២០ ក្នុង​ខេត្ត មណ្ឌលគិរី កំពុង​អន្ទង​អ្នក​ទេសចរណ៍​ចូល​ទៅ​លេង​កម្សាន្ត​យ៉ាង​ណែនណាន់តាន់តាប់​ពេញ​ដង ផ្លូវ​ជាតិ​លេខ​៧៦ ស្ថិត​ក្នុង​ក្រុង​សែន​មនោ​រម្យ ហើយ​អ្នក​ដែល​សប្បាយចិត្ត​ជាងគេ…

ខេត្តមណ្ឌលគិរី ៖ សីតុណ្ហភាព​ត្រឹម​១៥​ទៅ​១៨​អង្សារ នា​ថ្ងៃ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២០ ក្នុង​ខេត្ត មណ្ឌលគិរី កំពុង​អន្ទង​អ្នក​ទេសចរណ៍​ចូល​ទៅ​លេង​កម្សាន្ត​យ៉ាង​ណែនណាន់តាន់តាប់​ពេញ​ដង ផ្លូវ​ជាតិ​លេខ​៧៦ ស្ថិត​ក្នុង​ក្រុង​សែន​មនោ​រម្យ ហើយ​អ្នក​ដែល​សប្បាយចិត្ត​ជាងគេ គឺ​អាជីវករ​លក់​ខោអាវ​រងា​ជជុះ​ឯណោះ​វិញ​។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០​នេះ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​សម្រាប់​ឆ្នាំ​២០២០ ហើយ​ត្រូវ​ជំនួស​ដោយ​ឆ្នាំ​២០២១ នា​ពេល​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ អ្នក​ទេសចរណ៍​កំពុង​តែ​សម្រុក​ធ្វើ​ដំណើរ​ពី​គ្រប់​ទិស​ទី​ចូល​ទៅ​កម្សាន្ត​លំហែ​អារម្មណ៍​លើ​ទឹកដី​សម្បូរ​ព្រៃ​ភ្នំ​នា​ភាគ​ឦសាន ដែល​មាន​វាលស្មៅ​ដ៏​ធំ​ល្វឹងល្វើយ ព្រៃឈើ​រាប់​លាន​ហិច​តា ទឹកជ្រោះ​ទឹកអូរ​មាន​គ្រប់​ទីកន្លែង ក្រោយ​ពួក​គេ​បាន​នឿយហត់​ក្នុង​ការ​បំពេញការងារ និង​ស​ង្ងំ​នៅ​មួយ​កន្លែង ដោយសារ​ជំងឺ​កូ​វី​ដ​១៩ អស់​រយៈពេល​ពេញ​មួយ​ឆ្នាំ​។

បើ​តាម​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​តំបន់​ឧទ្យាន​ប៊ូ​ស្រា បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ព្រឹត្តិការណ៍​២៨ វិច្ឆិកា បាន​ធូរស្រាល ភ្ញៀវ​ទេសចរណ៍​ជាតិ​បាន​ទៅ​លេង​កម្សាន្ត​នៅ​ទឹកជ្រោះ​ប៊ូ​ស្រា​យ៉ាង​កុះករ​តែ​ម្តង ប៉ុន្តែ​នៅ​មិន​ច្រើន​ដូច​កាល​ឆ្នាំ​២០១៩​នោះ​ទេ ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​១៩ បាន​អូស​បន្លាយ​១​ឆ្នាំ​ពេញ​។

លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា បន្ទប់​ផ្ទះសំណាក់ សណ្ឋាគារ រី​ស៊​ត ត្រូវ​បាន​ភ្ញៀវ​កក់​ពេញ​អស់​នា​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​នេះ​ប្រមាណ​៧០%​ហើយ​។

លោក​ថា ឆ្នាំ​នេះ​ភ្ញៀវ​ទេសចរ​បាន​ធ្លាក់​ចុះ​ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​១៩ បាន​បង្ក​ការ​ភ័យ​ខ្លាច ដូច្នេះ​បងប្អូន​ខ្លះ​មិន​ហ៊ាន​ចេញដំណើរ​កម្សាន្ត​ទេ គឺ​ពួក​គាត់​រើស​យក​ការ​ជួបជុំ​លក្ខណៈ​គ្រួសារ​នៅផ្ទះ ជៀសវាង​ការ​ជួបជុំ​មនុស្ស​ច្រើន​ដែល​មាន​ហានិភ័យ​ខ្ពស់​។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ និង​អ្នកទេសចរ​ទាំង អស់​ដែល​ទៅ​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី មិន​ត្រូវ​ភ្លេច​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​ពាក់​ម៉ាស់ និង​លាងដៃ​ជាមួយ​សាប៊ូ ឬ​អាល់កុល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

ជាង​នេះ​ទៀត​លោក​អភិបាលខេត្ត​បាន​សង្កត់ធ្ងន់​អំពី​ការ​ប្រុង​ប្រយ័ត្ន​រាល់​ការ​ធ្វើ​ដំណើរ​តាម​ដង ផ្លូវ​នានា ជា​ពិសេស​ខេត្តមណ្ឌលគិរី ដែល​ផ្លូវ​ភាគច្រើន​សុទ្ធ​សឹង​ចុះ​ទួល​ឡើង​ចំណោត​ខ្ពស់​ៗ ដូច្នេះ​អ្នកបើកបរ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រ​យ័​តុ្ន​ឲ្យ​បាន​ខ្ពស់ ដ្បិត​ថ្ងៃ​ចុងឆ្នាំ​បែប​នេះ​មាន​យានយន្ត​ច្រើន​ធ្វើ​ចរាចរណ៍​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ