ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរាណ​ស្ថាន​ចិន «​ធូ​ស៊ឺ​» ជាប់​ជា​បេតិកភណ្ឌ​ពិភពលោក

8 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួរ​បស់​ចិន​ផ្សាយ​ថា ទីតាំង​បុរាណ «​ធូ​ស៊ឺ​» ត្រូវ​អង្គការ​យូ​ណេ​ស្កូ​ចាត់​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​៤ កក្កដា ២០១៥ ។ «​ធូ​ស៊ឺ​» ជា​បេតិកភណ្ឌ​ពិភពលោក​ទី​៤៨ របស់​ចិន

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួរ​បស់​ចិន​ផ្សាយ​ថា ទីតាំង​បុរាណ «​ធូ​ស៊ឺ​» ត្រូវ​អង្គការ​យូ​ណេ​ស្កូ​ចាត់​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​៤ កក្កដា ២០១៥ ។ «​ធូ​ស៊ឺ​» ជា​បេតិកភណ្ឌ​ពិភពលោក​ទី​៤៨ របស់​ចិន ធ្វើ​ឱ្យ​ដែនដី​នោះ ក្លាយជា​ប្រភព​បេតិកភណ្ឌ​ពិភពលោក​លំដាប់​ទី​២ បន្ទាប់​ពី​ប្រទេស​អីុ​តា​លី ។

ក្នុង​កិច្ចប្រជុំ​លើក​ទី​៣៩ គណៈកម្មការ​យូ​ណេ​ស្កូ បាន​ប្រកាស​ដាក់​បុរាណ​ស្ថាន «​ធូ​ស៊ឺ​» ដែល​ក្នុង​នោះ​មាន​៣​តំបន់ ក្នុង​ប្រទេស​ចិន ជា​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក រួម​មាន​គ្រោង​សំណង់​វាំង​បុរាណ «​ហៃ​លុង​ធុន​» នៅ​ក្រុង​ជុន​អឺ ខេត្ត​គុយ​ចូ​វ​, គ្រោង​សំណង់​បុរាណ​ស្ថាន ក្រុង​ថាំង​យា​៉ ខេត្ត​ហ៊ូ​ប៉ើយ និង​បុរាណ​ស្ថាន​ក្រុង​យ៉ុ​ង​ស៊ុន ខេត្ត​ហ៊ូ​ណា​ន ។

លោក​ថុ​ង មីង​ឃាំង នាយករង​បេតិកភណ្ឌ​វប្បធម៌​ចិន ថ្លែង​ថា សំណង់​នៅ​តំបន់​ធូ​ស៊ឺ ភាគច្រើន​សាងសង់​ក្នុង​សម័យ​រាជវង្ស​មីង ក្នុង​អំឡុង​ពី​ឆ្នាំ​១៣៦៨​ដល់​១៦៤៤ ។
គ្រោង​សំណង់​បុរាណ​ស្ថាន​ទាំង​៣​នោះ គ្របដណ្តប់​ដោយ​តំបន់​បុរាណ​ស្ថាន​ធូ​ស៊ឺ ។ តំបន់​ធូ​ស៊ឺ​មាន​ទីតាំង​បុរាណ​ជាង​១០០​កន្លែង ដែល​រង​ផល​ប៉ះពាល់​ពី​យុគសម័យ​ថ្មី​តិចតួច​បំផុត និង​មាន​ភាព​លេចធ្លោ​ជា​ច្រើន​ផ្នែក រួម​មាន​ទីតាំង​សម្រាប់​មេកន្ទ្រាញ​ជនជាតិភាគតិច កន្លែងធ្វើការ​របស់​រដ្ឋ តុលាការ​យុត្តិធម៌ ផ្នូរ​សព និង​ប៉ម​កំផែង​ជាដើម ។ គ្រោង​សំណង់​បុរាណ​ស្ថាន «​ធូ​ស៊ឺ​» ប្រៀប​ដូច​ជា​សិលាចារឹក​ពី​ប្រព័ន្ធ​គ្រប់គ្រង​របស់​អំបូរ​ជនជាតិភាគតិច​នៅ​ប្រទេស​ចិន ក្នុង​អំឡុង​សតវត្ស​ទី​១៣​ដល់​ពាក់កណ្តាល​សតវត្ស​ទី​២០ រយៈពេល​ប្រហែល​៨០០​ឆ្នាំ ។ ធូ​ស៊ឺ គឺជា​តំណែង​របស់​មេកន្ទ្រាញ​ដែល​បាន​ទទួល​ការ​តែង​តាំងពី​រដ្ឋបាល​កណ្តាល ក្នុង​យុគសម័យ​បុរាណ ដោយ​ព្រះរាជ​ដំណាក់​របស់​ស្តេច «​ហុង​តេ​» បាន​ប្រើប្រាស់​ប្រព័ន្ធ «​ធូ​ស៊ឺ​» គ្រប់គ្រង​លើ​ជន​អំបូរ​ភាគតិច​នៅ​ភាគ​ខាងលិច​ឆៀង​ខាងត្បូង ។

ចំពោះ​គ្រោង​សំណង់​បុរាណ​ស្ថាន ចំនួន​៣​នោះ គឺជា​ប្រភព​វប្បធម៌​របស់​ជន​អំបូរ​ចំនួន​៣​ក្រុម​ខុស​គ្នា ដោយ​បង្ហាញ​ពី​វប្បធម៌​ជា​ច្រើន​យ៉ាង និង​ប្រវត្តិសាស្ត្រ​នៅ​យុគសម័យ​បុរាណ​របស់​ចិន ។

គណៈកម្មការ​សិក្សា​ស្រាវជ្រាវ និង​វប្បធម៌​របស់​អង្គការសហប្រជាជាតិ (UNESCO) កាលពី​ថ្ងៃ​ទី​៤ កក្កដា បាន​ប្រកាស​ពី​ទីតាំង​បេតិកភណ្ឌ​សរុប​ចំនួន​១.០០៧​កន្លែង នៅ​លើ​ពិភពលោក រួម​មាន​បេតិកភណ្ឌ​វប្បធម៌​ចំនួន​៧៧៩​កន្លែង​,​បេតិកភណ្ឌ​ធម្មជាតិ​១៩៧​កន្លែង និង​បេតិកភណ្ឌ​ចម្រុះ​ចំនួន​៣១​កន្លែង ។ សម្រាប់​ប្រទេស​ចិន មាន​បេតិកភណ្ឌ​ពិភពលោក​សរុប​៤៨​កន្លែង​ច្រើន​ជាងគេ​បន្ទាប់​ពី​ប្រទេស​អីុ​តា​លី ៕