ខេត្តបាត់ដំបង ៖ អាជីវករលក់មាស ដូរលុយនៅក្នុងផ្សារស្រុកបវេលម្នាក់ ត្រូវចោរបន្លំលួចយកគ្រឿងប្លាទីនអស់ប្រហែល២០តម្លឹងដែលគាត់ទុកក្នុងកេសក្រដាសមួយ កាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី១៣ មីនា ក្នុងគ្រាដែលអាជីវកររូបនេះកំពុងឈ្ងោករៀបចំកន្លែងលក់ដូរនៅក្នុងផ្សារបវេល ស្ថិតនៅក្នុងភូមិបវេល១ ឃុំបវេល ស្រុកបវេល ។ មន្ត្រីនគរបាលស្រុកបវេលបានរាយការណ៍មកថា អាជីវកររងគ្រោះនោះឈ្មោះធូ ហាក់ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។ គាត់បានអះអាងថា កេសក្រដាសមួយដែលផ្ទុកដោយគ្រឿងប្លាទីនចំនួនប្រហែល២០តម្លឹងត្រូវចោរបន្លំលួចយកទៅបាត់ ខណៈដែលគាត់ទុកកេសនេះលើទូលក់មាសរបស់គាត់ក្នុងផ្សារ ហើយពេលនោះរូបគាត់កំពុងរៀបចំកន្លែងលក់ ប៉ុន្តែគាត់មិនបានស្គាល់អត្តសញ្ញាណជនសង្ស័យនោះទេ ។
គាត់បានបំភ្លឺរឿងនេះប្រាប់សមត្ថកិច្ចថា គាត់បានទុកកេសនោះលើទូ រួចរៀបចំកន្លែងលក់ តែស្របពេលនោះមានស្ត្រីម្នាក់មកសុំដូរលុយ២ដុល្លារ ។ គាត់និយាយថា នៅពេលដែលគាត់កំពុងឈ្ងោករៀបចំ ស្រាប់តែងើបឡើងបាត់កេសនោះហើយស្ត្រីដែលមកដូរលុយ២ដុល្លារ ក៏បាត់ដែរ តែមិនដឹងថាបាត់ពីពេលណា ទើបមានការភ្ញាក់ផ្អើលតែម្តង។ គាត់បញ្ជាក់ប្រាប់សមត្ថកិច្ចថា ស្ត្រីនោះធ្លាប់យកអីវ៉ាន់មកផ្ញើគាត់កាលពីព្រឹកថ្ងៃទី១២ មីនាម្តងហើយ ។ គាត់បន្ថែមថា គ្រឿងប្លាទីននោះមានប្រហែល២០តម្លឹង និងគ្រឿងប្រាក់ប្រហែល១តម្លឹងផងដែរ ។
តាមការបំភ្លឺពីសាក្សីថា គេបានឃើញស្ត្រីម្នាក់ឡើងជិះម៉ូតូឌុបមួយឆ្ពោះទៅទិសខាងកើត ដែលក្នុងដៃមានយួរថង់ខ្មៅដែលមានកេសនៅក្នុងនោះផង ។ ក្រុមអ្នករត់ម៉ូតូឌុបដទៃទៀតក៏បានប្រទះឃើញស្ត្រីនោះយួរថង់ខ្មៅដែលមានច្រកកេសដែរ ។ លោកឌី សារ៉េត អធិការរងស្រុកបវេល បានថ្លែងថា យើងមិនទាន់ក្តាប់បានមុខសញ្ញានេះនៅឡើយទេ ប៉ុន្តែយើងគ្រាន់តែដឹងថា មុខសញ្ញានេះជាស្ត្រី ។ លោកអធិការរងបានបញ្ជាក់ថា បើតាមការស្រាវជ្រាវយើងអាចដឹងថា ជនប្រព្រឹត្តអាចមានបក្សពួកនៅរង់ចាំខាងក្រៅផ្សារ ដើម្បីជំលៀសចេញក្រោយពីធ្វើសកម្មភាព ។ លោកបានបញ្ជាក់ថា មុខសញ្ញានេះមិនធ្លាប់មាននៅក្នុងស្រុកបវេលទេ គឺអាចមកពីក្រៅស្រុក ហើយកម្លាំងរបស់លោកកំពុងធ្វើការស្រាវជ្រាវលើករណីនេះហើយ ៕
ចែករំលែកព័តមាននេះ