យោងតាមកាសែតឌឹណេស្សិនរបស់ថៃផ្សាយជាភាសាអង់គ្លេសនៅថ្ងៃទី២៥ មីនា ឱ្យដឹងថា មេដឹកនាំក្រុមសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យហៅក្រុមអាវលឿង១៣នាក់ កាលពីថ្ងៃទី២៥ មីនា ត្រូវតុលាការរដ្ឋប្បវេណីបញ្ជាឱ្យបង់ប្រាក់ចំនួន៥២២លានបាត ចំពោះការខូចខាតពាក់ព័ន្ធជាមួយនឹងការកាន់កាប់ព្រលានយន្តហោះដនមឿង និងព្រលានយន្តហោះសុវណ្ណភូមិ ដោយក្រុមអាវលឿង កាលពីឆ្នាំ២០០៨កន្លងមក ។ មេដឹកនាំក្រុមជ្រុលនិយមសៀមអាវលឿង ដែលត្រូវបញ្ជាឱ្យបង់ប្រាក់ដ៏ច្រើននោះក៏មានលោកចម្លងស្រ៊ីមឿង និងលោកសុនធិលឹមថងគុន ហៅ «ក្បាលជ្រូកខ្វៃ» ផងដែរ ។
គេនៅចាំបានថា ក្នុងអំឡុងពេលនៃការធ្វើបាតុកម្មនៅតាមផ្លូវក្នុងទីក្រុងបាងកក រាជធានីថៃ ដើម្បីបណ្តេញរដ្ឋាភិបាលរបស់លោកស៊ុមឆៃវង្សាវ៉ាត់ ចេញពីតំណែងកាលពីឆ្នាំ២០០៨ ក្រុមជ្រុលនិយមសៀមអាវលឿងបានប្រមូលផ្តុំគ្នាសម្រុកចូលកាន់កាប់ព្រលានយន្តហោះសំខាន់ពីររបស់ក្រុងបាងកកគឺព្រលានយន្តហោះដនមឿង និងព្រលានយន្តហោះសុវណ្ណភូមិបណ្តាលឱ្យព្រលានយន្តហោះទាំងពីរត្រូវបិទ ។ ព្រលានយន្តហោះទាំងពីរនោះបានដាក់ពាក្យបណ្តឹងប្តឹងមេដឹកនាំក្រុមអាវលឿងដែលដឹកនាំបាតុករកាន់កាប់ព្រលានយន្តហោះទាំងពីរ ទៅតុលាការរដ្ឋប្បវេណីទាមទារឱ្យមេដឹកនាំក្រុមអាវលឿងទាំងនោះបង់ប្រាក់សំណងសម្រាប់ការខូចខាត ៕
ចែករំលែកព័តមាននេះ