ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរ​ទស្សន៍​អប្សរា​រៀប​ចំការប្រកួត​ប្រដាល់​​ក្បាច់​បុរាណ​ខ្មែរ​ជា​អន្តរជាតិ​ថ្ងៃទី៧ មេសា

15 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​ដើម្បីចូលរួម​លើក​ស្ទួយ​​​ និងថែរក្សា​វិស័យ​កីឡា​ប្រដាល់ ​ដែលជាកេរ​ដំណែល​មរតក​វប្បធម៌​ជាតិ​ខ្មែរ ស្ថានីយ​ទូរ​ទស្សន៍​អប្សរាប៉ុសិ៍្ត​លេខ​១១ ​ត្រៀម​បង្កើត​ឱ្យ​​មាន​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រកួត​ប្រដាល់ក្បាច់​ខ្មែរ​​បុរាណ​ជាលក្ខណៈ​អន្តរ​ជាតិ​លើក​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃទី៧ មេ​សា មុន​ថ្ងៃ​ចូលឆ្នាំថ្មីប្រពៃណី​ជាតិ​ដែលនឹង​ឈានចូល​មក​ដល់ក្នុង​ពេល​ដ៏ខ្លី​ខាង​មុខ​ ។​ ​ការ​ប្រកួត​នេះ​គ្រោង​ធ្វើ​នៅ​ពហុ​កីឡ​ដ្ឋាន ជាតិ​​ដោយមានកីឡា​ករ​ចូល​រួម​ចំនួន​៨​គូ​ហើយ​​ចំពោះកីឡាករ​បរទេស​ត្រូវ​បាន​​ប្រកាស​ប្រាប់​ឱ្យ​ដឹង​ថា ​មាន​មកពី​ប្រទេសឡាវ ថៃ ចិន ​អ៊ីរ៉ង់ ​និងអ៊ូ​សបេគីស្ថានជា​ដើម។

នៅក្នុងសន្និសីទ​សារព័ត៌​មានមួយ​ដែលបាន​ធ្វើ​ឡើង​កាលពីព្រឹក​ថ្ងៃព្រហស្បតិ៍​ទី១៧ មីនា នៅ​ស្តាត​ចាស់​ ដោយ​មានការអញ្ជើញចូលរួមពី​លោក​​យុទ្ធ​​ភូថង រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ផងនោះ ​បញ្ជាក់​ថា គូ​ប្រកួត​ទាំង​ខ្មែរ​ និងបរ​ទេស​​គឺ​សុទ្ធ​សឹង​តែ​ជា​កីឡា​ករ​ល្អៗ ​មានល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀនខ្ពស់ ​ដែលអាច​ធ្វើ​ឱ្យ​អ្នក​ទស្សនា​​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ។ ជា​ពិសេស​ មានដូច​ជា​កីឡាករ​សែន ​រ៉ា​ឌី មកពីក្លឹប​ក្រសួង​កសិកម្ម​ដែលធ្លាប់​ផ្តួល​កីឡា​ករឡាវ​នៅ​លើសង្វៀន ​ស្ថានីយ​​ទូរទស្សន៍ CTN ​កាលពី​លើក​មុន​ឱ្យ​សន្លប់​ត្រឹមតែ​៣​ទឹក ពេលនេះ​គេមកប៉ះ​កីឡាករ​ថៃ​ឈ្មោះថាង ឆាងភឿក ​ក្នុងប្រភេទទំងន់​៥៤​គីឡូក្រាម។ វ៉ន វីវ៉ា ក្លឹបព្រះខ័ន​រាជ្យ ​អ្នក​ប្រដាល់ ប្រចាំប្រទេស​លំដាប់ថ្នាក់ទី២ មិន​ធ្លាប់​ស្គាល់​ពាក្យ​ថា ចាញ់ ឱ្យប៉ះ​ជាមួយកីឡាករ​អ៊ីរ៉ង់ឈ្មោះ​ម៉ូ​ស្តា​ហ្វា អាប់ឌុលឡាស់ ​ដែលគេ​ក៏ជា​អ្នក​ប្រដាល់​​ដែល​ពិបាក​រកគូ​ប្រៀប​ណាស់​ដែរ ។ ឯ កីឡាករ​រាជ សីហ៍​ ចាន់រ៉ា ​ក្លឹប​សំរែក​រាជសីហ៍ បង្ក្រាប​គ្រឿង​ញៀន ជួបកីឡាករ​នូ ឃិត មក​ពី​ឡាវ។

​ក្រៅពី​នេះ ​ក៏នៅមានកីឡាករ​ខ្លាំងៗ​​ជា​ច្រើន​គូ​ទៀត​​ដែល​នឹង​មកអង្រួន​សង្វៀន​ពហុ​កីឡដ្ឋាន ​ជាតិអូឡាំពិក​ឱ្យកក្រើក​​នៅមុន​ថ្ងៃ​ចូល​ឆ្នាំ​​​ថ្មី​ខាង​មុខ​ ។ ការ​ប្រកួត​នេះ​ដែរ គឺ​រៀបចំឡើង​ដោយ​​ការសហការគ្នា​រវាង​ទូ​រទស្សន៍​អប្សរាប៉ុសិ៍្ត​លេខ​១១ និងសហព័ន្ធ​កីឡា​ប្រដាល់កម្ពុជាស្ម័គ្រ​ចិត្ត៕