ខេត្តក្រចេះ ៖ ក្នុងការតាមដានស្ថានភាពសត្វផ្សោតប្រចាំខែ ក្រុមអ្នកជំនាញមកពីរដ្ឋបាលជលផលនៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិទ្យាសាស្ត្រនៃអង្គការ WWF កាលពីថ្មីៗនេះ បានថតរូបកូនសត្វផ្សោតដែលទើបនឹងកើតថ្មី ខណៈពេលដែលកូនសត្វផ្សោតមួយក្បាលនេះ កំពុងហែលជាមួយសត្វផ្សោតពេញវ័យចំនួន៧ ក្បាលផ្សេងទៀត នៅទីតាំង កាំពី ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី ។
កាំពី ជាអន្លង់សត្វផ្សោតសំខាន់មួយក្នុងចំណោមអន្លង់សំខាន់ៗ ផ្សេងទៀត ស្ថិតនៅចន្លោះពី ទីរួមខេត្តក្រចេះ និងព្រំដែនកម្ពុជា-ឡាវ ដែលផ្តល់ជាទីជម្រកដ៏ចាំបាច់សម្រាប់ការ រស់នៅរបស់ ថនិកសត្វទឹកសាបប្រភេទរងគ្រោះជិតផុតពូជមួយនេះ ។
ក្រុមស្រាវជ្រាវបានប៉ាន់ប្រមាណថា សត្វផ្សោតដែលទើបនឹងកើតថ្មីនេះ មានអាយុប្រមាណ៤ថ្ងៃ (មកទល់ថ្ងៃនេះ) ហើយនេះជាកូនផ្សោតទី៩ ដែលត្រូវបានអ្នកវិទ្យាសាស្ត្រកត់ត្រាទុកក្នុងឆ្នាំ ២០២០នេះ ។ របាយការណ៍ជំរឿនសត្វផ្សោត ឆ្នាំ២០២០ បានបង្ហាញថា ចំនួនសត្វផ្សោតសរុបមានត្រឹម៨៩ ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គ ។
អង្គការបានបន្ថែមថា ការការពារសត្វផ្សោតអ៊ីរ៉ាវ៉ាឌី ឲ្យស្ថិតនៅគង់វង្សគឺមានសារៈសំខាន់ណាស់ មិនត្រឹមតែសម្រាប់សត្វផ្សោតខ្លួនវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអត្ថប្រយោជន៍ដល់ទន្លេមេគង្គទាំងមូលផងដែរ រាប់បញ្ចូលទាំងត្រីដែលត្រូវបាន អ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា មានចំនួនជាង ១.១០០ ប្រភេទ និងប្រព័ន្ធជីវៈអេកូឡូស៊ីដ៏សម្បូរបែបដទៃទៀត នៅក្នុងទន្លេនេះ ៕
ចែករំលែកព័តមាននេះ