រាជធានីភ្នំពេញ ៖ លោកតាម៉ារី សុន ហៅនាយសង់ ស៊ីស អាយុ៦៥ឆ្នាំ ដែល ជាតារា កំប្លែង មិនរើសក្រុម គឺក្រុមណាអញ្ជើញគាត់ទៅចូលរួមសម្តែងក៏បានដែរ។ នាយសង់ ស៊ីស ចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីកុមារភាពមកដល់ពេលនេះទទួលបានជោគជ័យជាបន្តបន្ទាប់ ដោយមានការគាំទ្រពីសំណាក់មហាជនទូទៅ និងនៅក្រៅប្រទេសផងដែរ។
ជាការពិតណាស់កន្លងមកក្រៅពីសម្តែង និងច្រៀងកំប្លែង ថតកាយវិការខារ៉ាអូខេ ថតសម្លេងចូលស៊ីឌី និងសម្តែងភាពយន្តជាច្រើនរឿងនោះ នាយសង់ ស៊ីស តែងតែឡើងសម្តែងលើឆាកនៅតាមបណ្តាខេត្ត-ក្រុងនានាទូទាំងប្រទេស និងសម្តែងកំប្លែងជាមួយក្រុមនាយកុយ នាយឡោស៊ី នាយក្រឹម និងក្រុមផ្សេងៗជាច្រើនទៀត។ ក្រៅពីនោះនាយបានសម្តែងកំប្លែងនៅតាមភោជនីយដ្ឋាននានានៅតំបន់ព្រែកលៀប និងនៅកណ្តាលរាជធានី។
ចាប់ពីខែកក្កដា ឆ្នាំ២០១០មក នាយសង់ស៊ីស ឈប់សម្រាកពីការសម្តែងនៅតាមភោជនីយដ្ឋាន ហើយកាលពីថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១១ នាយធ្លាក់ខ្លួនឈឺធ្ងន់ទៅព្យាបាលជំងឺនៅប្រទេសវៀតណាម រយៈពេល១សប្តាហ៍។ នាយមានជំងឺរលាកពោះវៀនធំ និងក្រពះ។ ក្រោយពីព្យាបាលនៅវៀតណាម មិនទាន់បានប៉ុន្មានថ្ងៃផងជំងឺរបស់គាត់រើឡើងវិញ ដោយចុកក្រពះយ៉ាងខ្លាំង ដូច្នេះហើយកាលពីរសៀលម៉ោង៣និង៣០នាទី ថ្ងៃទី១០ មីនា ឆ្នាំ២០១១ក្រុមគ្រួសារបាននាំគាត់ទៅមន្ទីរពេទ្យកាល់ម៉ែត ចូលបន្ទប់សង្គ្រោះបន្ទាន់ ។
តាមព័ត៌មានពីនាយសង់សេតកូនប្រុសរបស់គាត់ឱ្យដឹងថា គ្រូពេទ្យវៀតណាមប្រាប់ថា នៅថ្ងៃទី២៣ មីនា ឆ្នាំ២០១១ ឱ្យទៅពិនិត្យម្តងទៀត តែមិនទាន់ដល់ថ្ងៃទៅផង ស្រាប់តែគាត់ចុកពោះដោយជំងឺរលាកពោះវៀន និងក្រពះរើឡើងវិញ ដូច្នេះហើយត្រូវចូលមន្ទីរពេទ្យកាល់ម៉ែត។ ដោយសារជំងឺនេះគាត់ស្រកទម្ងន់៧គីឡូក្រាម៕
ចែករំលែកព័តមាននេះ