ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ភាព​លូ​ទឹក​សំរុកស្តារ​បូម​លាង​លូ​គ្រប់​ផ្លូវ​ក្នុង​រាជ​ធានីភ្នំពេញឱ្យ​បាន​មុន​ខែវស្សា​មក​ដល់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដោយ​មាន​ការណែ​នាំ​​ពី​លោក​កែប ជុតិមា ​អភិបាល​រា​ជធានីភ្នំពេញ​អង្គ​ភាព​លូ​ទឹក​​នៃ​មន្ទីរ​សា​ធារណ​ការរាជ​ធានីភ្នំពេញ ​បាននិងកំពុង​សំរុកស្តារ​បូម លាង អណ្តូង​លូ និងជួស​ជុល​កែលំអ​គម្រប​លូ​គ្រប់​ផ្លូវ​ក្នុង​រាជ​ធានីភ្នំពេញ​​ដើម្បី​ត្រៀម​រដូវ​វស្សា​មកដល់ ។ កាល​ពីព្រឹក​ថ្ងៃសៅរ៍ ​ទី២៦ មីនា ឆ្នាំ​២០១១ ​នេះ​ លោក​នៅ សារឿន​ ប្រធាន​អង្គភាព​លូ​ទឹក​បូមទឹក​នៃ​មន្ទីរ​សា​ធារណការ និងដឹកជញ្ជូន​រាជ​ធានីភ្នំពេញ​បានទៅពិនិត្យមើល និងជំរុញ​ឱ្យ​ជំនាញ​ធ្វើការបូមស្តារ លាង​លូអណ្តូង​​លូនៅ​​កំណាត់​ផ្លូវ​លេខ​៤៧ ​ក្នុងសង្កាត់ស្រះចក និង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។

​លោកប្រធាន​អង្គភាពលូទឹក​បូមទឹក​បាន​បញ្ជាក់ថា ​អង្គ​ភាព​បាបបញ្ចេញ​រថយន្ត​ចំនួន​៥​គ្រឿង​ចាប់​ផ្តើមស្តារ​បូម លាង​ លូ អណ្តូង​លូ​កាយ​ភក់ និង​កាកសំណល់​ចេញពីលូ​ដោយ​ដាក់​រថយន្ត​២គ្រឿង​បូម​នៅកំណាត់​ផ្លូវ​លេខ​៦៣ ​និង​មហាវិថី​ព្រះនរោត្តម ​តាំងពីដើម​ខែមីនា ឆ្នាំ​២០១១ មកម្ល៉េះ ។ រថយន្ត​២គ្រឿង​ទៀត​ដាក់​​​ធ្វើ​សកម្ម​ភាពបូមស្តារ​លាងលូនៅ​ផ្លូវ​លេខ​៦៩២ ផ្លូវ​លេខ​៣៣៧ ផ្លូវ​លេខ​៥៦៦ ផ្លូវ​លេខ​៥២៨ និង​កំណាត់​ផ្លូវ​មួយចំនួនទៀត​នៅ​តំបន់សាលា​​សន្ធរម៉ុក ។ល។ ​ធ្វើយ៉ាង​ណា​ឱ្យ​រួចរាល់​មុនរដូវ​ភ្លៀង​​ខាងមុខនេះ ពិសេស​ការ​ការកក​ស្ទះ​លូទឹក លែង​ហូរ​ចាល់​លិចផ្លូវ ។

លោកនៅ សារឿន​ បានបន្ត​ទៀត​ថា លោក​កែប ជុតិមា ​អភិបាល​រាជធានីភ្នំបេញ​បានណែ​នាំ​ឱ្យ​​មន្ទីរសាធារណការ​ និងដឹកជញ្ជូន​រាជ​ធានី​ភ្នំពេញ ​និងអង្គភាពទឹកបូម​ទឹករបស់​លោក​ធ្វើ​ការ​បូមស្តារ លាងលូ កាយភក់​ចេញ​ពីលូ និង​ជួស​ជុលកែលំអលូគ្រប់ផ្លូវ​ទាំងអស់​ជាបន្ត​បន្ទាប់​​ធកវើយ៉ាងណាឱ្យរួចរាល់​នៅមុនរដូវភ្លៀង​ខាង​មុខនេះ ។ លោកប្រធាន​អង្គភាព​បានបន្តថា លោកអភិ​បាល​រាជធានីភ្នំពេញ​បានណែនាំ​ដល់អង្គភាព​លូ​ទឹក​បូមទឹក​ត្រូវដាក់កម្លាំង​ត្រៀមពិនិត្យ​មើល ស្ថានភាព​ទឹកជាប្រចាំ​គ្រប់ស្ថានីយ​​ទាំងអស់ អន្ត​រាគមន៍​​បូម​ទឹក​តំបន់ទួលគោក​ តំបន់ទឹកទំពុន ​តំបន់បឹងត្របែក និង​តំបន់មាត់ទន្លេ​ចតុមុខ​ទាំង​៤​ស្ថានីយថ្មី​ក្នុងខណ្ឌដូនពេញ ។​

លោកប្រធាន​បានសំណូមពរ​ដល់បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​លំនៅឋាន​ជាប់មាត់លូ​ក៏​ដូចជាក្រុមហ៊ុនឯកជន​រដ្ឋនានា​ដែរ ។ ធ្វើយ៉ាង​ណា​កុំនាំ​គ្នាយក​សំរាម​​ និងកាកសំណល់​យក​មក​ញាត់​ចូលលូ​បណ្តាល​ឱ្យកកស្ទះ​នាំទៅដល់ការ​លិច​លង់ដោយ​ជំនន់​ទឹកភ្លៀង​​ដោយសារ​តែ​ការ​មិនយកចិត្តទុកដាក់ ។ បច្ចុប្បន្ននេះ​សាលា​រាជធានីភ្នំពេញ​បាន​យក​ចិត​្ត​ទុកដាក់​យ៉ាងខ្លាំង​លើការ​ងារ​ស្តារបូមលាង​​លូ និងអណ្តូងលូ​បានល្អ​មានសោភ័ណភាព​ផង បរិស្ថាន​ល្អផង ធ្វើឱ្យ​សុខភាព​ប្រជាជនកាន់តែ​មាន​អនាម័យល្អប្រសើរ​ថែមទៀត​ ហើយការ​ងារ​ទាំង​អស់នេះ​ ដើម្បី​ចូលរួម​អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​​ខ្មែរ​ឆ្នាំ២០១១ ខាងមុខនេះផងដែរ ៕