រាជធានីភ្នំពេញ ៖ នារីជានិស្សិតរៀននៅសាលាពេទ្យម្នាក់បានចាញ់កលល្បិចរបស់ស្ត្រីឆត្រយោងម្នាក់ដោយដោះកងដៃប្លាទីនចំនួន៨ កង ដូរយកថង់មាសមួយកញ្ចប់ ស្រាយចេញមកសុទ្ធតែគ្រាប់កង់ កាលពីវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១ មីនា ២០១១ នៅលើសួនច្បារជិតទីស្តីការគណៈរដ្ឋមន្ត្រី ក្រោយមកក៏មានការឆោឡោមួយកើតឡើងបន្ទាប់ពីនារីម្នាក់ជានិស្សិតបានទៅប្តឹងប៉ូលិសចំណតផ្សារដើមគ ថា នាងត្រូវស្ត្រីម្នាក់បបួលទៅចែកមាស ហើយបោកប្រាស់នាង ប៉ុន្តែប៉ូលិសចំណតផ្សារដើមគបានប្រាប់ឱ្យនាងទៅប្តឹងប៉ូលិសប៉ុស្តិ៍រដ្ឋបាល ផ្សារដើមគជាបន្តទៀត ។
នារីរងគ្រោះឈ្មោះអែត គឹមឡេង អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិថ្កូវខាងលិច ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ស្នាក់នៅផ្ទះជួលលេខ២៧១Z សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជានិស្សិតពេទ្យនៃសាកលវិទ្យាល័យចេនឡា ។ នារីរងគ្រោះបានរៀបរាប់ប្រាប់ប៉ូលិសថា នៅវេលាម៉ោង១០ព្រឹក ពេលចេញពីរៀន នាងបានចូលផ្សារដើមគតាមបណ្តោយផ្លូវលេខ៣៣៦ ដើម្បីដើរទិញម្ហូប លុះកំពុងតែទិញសណ្តែកបណ្តុះ ស្រាប់តែមានស្ត្រីម្នាក់អាយុប្រមាណ៣០ឆ្នាំ បានកេះនាងប្រាប់ថា គាត់រើសបានមាសធ្ងន់ណាស់ ប្រមាណ៤តម្លឹង ដាក់ក្នុងថង់ពណ៌ខៀវ កំពុងយួរនេះ និងប្រាប់ទៀតថា កុំនិយាយប្រាប់គេ ចាំគាត់ចែកឱ្យខ្លះ រួចក៏បបួលនាងទៅចែកនៅកន្លែងស្ងាត់ខ្លាចគេឃើញ ។ នាង និងស្ត្រីនោះក៏ដើរចេញទៅក្រៅផ្សារឃើញមានបុរសម្នាក់ និងស្ត្រីម្នាក់ទៀតចាំនៅលើម៉ូតូ នាងក៏បានជិះម៉ូតូទៅតាមជាមួយដែរ សរុបអ្នកទៅជាមួយនាងមាន៣នាក់ គឺស្រី២នាក់ ប្រុសម្នាក់ មានអាយុប្រមាណ៣០ឆ្នាំ ទាំងអស់គ្នា ។
ពេលជិះម៉ូតូដល់សួនច្បារជិតទីស្តីការគណៈរដ្ឋមន្ត្រីទើបឈប់អង្គុយលើបង់ចែកគ្នា ដោយក្រុមរបស់ស្ត្រីនោះបាននិយាយដូរថង់មាសនោះជាមួយកងប្លាទីនឈុតទាំង៨របស់នាង នាងក៏ដោះទៅឱ្យពួកគេ ហើយក្រុមស្ត្រីនោះជិះម៉ូតូចេញទៅបាត់ ។ លុះក្រោយមកបន្តិច នាងក៏ស្រាយបង្វេចថង់ពណ៌ខៀវនោះមើល ឃើញសុទ្ធតែគ្រាប់កង់ ក៏ទ្រហោស្រែកយំ ជិះម៉ូតូមកប្តឹងប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារដើមគតែម្តង ។ នារី រងគ្រោះបានបញ្ជាក់ថា កងដៃឈុតប្លាទីនរបស់នាងមានចំនួន៨ ទិញក្នុងតម្លៃ៧៥០ដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ