ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា​ថ្មី​បង្ហាញ​ថា ព្រៃ​ឡង់​ជា​តំបន់​ជីវចម្រុះ​លំដាប់​អន្តរជាតិ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៥ ៖ ការ​សិក្សា​ថ្មី​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ផ្សព្វផ្សាយ​នៅ​ថ្ងៃនេះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) តាម​រយៈ​គម្រោង​គាំទ្រ​ព្រៃឈើ

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៥ ៖ ការ​សិក្សា​ថ្មី​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ផ្សព្វផ្សាយ​នៅ​ថ្ងៃនេះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) តាម​រយៈ​គម្រោង​គាំទ្រ​ព្រៃឈើ និង​ជីវចម្រុះ​អះអាង​ថា ព្រៃ​ឡង់​របស់​ប្រទេស​កម្ពុជា​មាន​ជីវៈចម្រុះ​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ចំណោម​តំបន់​មាន​ជីវៈចម្រុះ​សំខាន់​ៗ​ទាំង​១០ នៅ​លើ​ពិភពលោក ដែល​មាន​ប្រភេទ​សត្វ និង​រុក្ខជាតិ​កំពុង​រស់នៅ​ជិត​១.០០០​ប្រភេទ ។ ការ​សិក្សា​ស្រាវជ្រាវ​ដែល​អនុវត្ត​ដោយ​អង្គការ​អភិរក្ស​អន្តរជាតិ សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ គឺជា​អាទិភាព​មួយ​តាម​រយៈ​ការ​ស្នើ​សុំ​របស់​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អាទិភាព​ថ្នាក់​ជាតិ ដើម្បី​ការពារ​តំបន់​ព្រៃ​ឡង់​នេះ ។ ជាមួយនឹង​ការ​ស្រាវជ្រាវ​នេះ រដ្ឋបាល​ព្រៃឈើ​អាច​រៀបចំ​ដំណើរ​ព្រាង​អនុក្រឹត្យ​ដើម្បី​ដាក់​ទំហំ​ផ្ទៃដី​៣០០.០០០​ហិ​កតា​របស់ព្រៃ​ឡង់​ជា​តំបន់​ព្រៃ​ការពារ ។

លោកស្រី Rebecca Black នាយិកា​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍ថា ការ​យកចិត្តទុកដាក់​ចំពោះ​បរិស្ថាន ការ​ការពារ​ជីវៈចម្រុះ និង​ការ​អភិរក្ស​ធនធានធម្មជាតិ ជា​ការងារ​អាទិភាព​របស់​ប្រទេស​កម្ពុជា និង​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ។ លោកស្រី​បន្ត​ថា USAID ពិតជា​រីករាយ​នឹង​ផ្តល់​ថវិកា​គាំទ្រ​ដល់​ការ​សិក្សា​ស្រាវជ្រាវ និង​លទ្ធផល​រក​ឃើញ​ដ៏​អស្ចារ្យ​នេះ​។ វា​បង្ហាញ​ថា មាន​មូលហេតុ​សំខាន់​ៗ​ជា​ច្រើន​ដើម្បី​អភិរក្ស និង​ដាក់​ព្រៃ​ឡង់​ជា​បេតិកភណ្ឌ​ធម្មជាតិ ។

ជាមួយនឹង​ការ​រក​ឃើញ​នូវ​ប្រភេទ​សត្វ និង​រុក្ខជាតិ​ជិត​១.០០០​ប្រភេទ ព្រៃ​ឡង់​គឺជា​គំរូ​ដ៏​អស្ចារ្យ​មួយ​នៃ​តំបន់​ទំនាប​ព្រៃស្រោង​តំបន់​ឥណ្ឌូ​ភូមា ហើយ​ក៏​ជា​តំបន់ជីវៈ​ចម្រុះ​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ចំណោម​តំបន់​មាន​ជីវៈចម្រុះ​សំខាន់​ៗ​ទាំង​១០ នៅ​លើ​ពិភពលោក ។ សត្វ និង​រុក្ខជាតិ​រក​ឃើញ​ទាំង​អស់នោះ​មាន​រុក្ខជាតិ​៥៣០​ប្រភេទ ថនិកសត្វ​៦០​ប្រភេទ សត្វ​ស្លាប​២៦៦​ប្រភេទ និង​ឧរង្គសត្វ និង​ថលជលិក​៦៧​ប្រភេទ ។

ព្រៃ​ឡង់ គឺជា​គំរូ​ដ៏​អស្ចារ្យ​មួយ​នៃ​ទំនាប​ព្រៃស្រោង​ក្នុង​តំបន់​ឥណ្ឌូ​ភូមា និង​ជា​តំបន់​មាន​ជីវៈចម្រុះ​លំដាប់ថ្នាក់​អន្តរជាតិ​មួយ ។ ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ប្រភេទ​រុក្ខជាតិ​ចំនួន​៥៣០​ប្រភេទ ថនិកសត្វ​ចំនួន​៦០​ប្រភេទ និង​ថលជលិក និង​ឧរង្គសត្វ​ចំនួន​៧៦​ប្រភេទ ។

តំបន់​ព្រៃ​ឡង់​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ទន្លេមេគង្គ ចំ​ភាគ​កណ្តាល​នៃ​ប្រទេស​កម្ពុជា និង​លាតសន្ធឹង​លើ​ខេត្ត​ចំនួន​៤​គឺ ខេត្តក្រចេះ កំពង់ធំ ស្ទឹង​ត្រែង និង​ព្រះ​វិហារ ព្រមទាំង​ស្ថិត​នៅ​លើ​ទី​ជម្រាល​ចំនួន​៣ ដូច​ជា ស្ទឹង​សែន ស្ទឹង​ជី​និ​ត និង​សៀម​បូក និង​ជា​ផ្លូវទឹក​បែងចែក​រវាង​បឹង​ទន្លេសាប និង​អាង​ទន្លេមេគង្គ​។ ព្រៃ​ឡង់ គឺជា​ទី​ជម្រាល​របស់​បឹង​ទន្លេសាប ដែល​បម្រើ​សេចក្តី​ត្រូវការ​របស់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់ និង​រួមចំណែក​មួយ​ភាគ​ធំ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ។ ជាង​នេះ​ទៅ​ទៀត
ប្រជា​សហគមន៍​ជាង​២៥០.០០០​នាក់​រស់នៅ​ក្នុងភូមិ​ចំនួន​៣៤០ ស្ថិត​នៅ​ក្នុង​និង​ជុំវិញ​តំបន់​ព្រៃ​ឡង់ ពឹង​អាស្រ័យ​ស្ទើរតែ​ទាំងស្រុង​ទៅ​លើ​តំបន់​ព្រៃ​ឡង់​នេះ​សម្រាប់​ការ​ចិញ្ចឹមជីវិត ។ ការ​ប្រមូល​ក្រវាញ ជ័រទឹក ឃ្មុំ​ព្រៃ ផ្តៅ ឫស្សី និង​ផ្លែ​ឈើ​ព្រៃ គឺជា​សកម្មភាព​ដែល​រក​ប្រាក់​ចំណូល​សម្រាប់​ពួក​គាត់​នៅ​ក្នុង​ព្រៃ​ឡង់ ។

លោកស្រី Tracy Farrell នាយិកា​បច្ចេកទេស​របស់​អង្គការ​អភិរក្ស​អន្តរជាតិ មាន​ប្រសាសន៍​ថា បើ​ទោះបីជា​តម្លៃ​ផ្នែក​ជីវៈចម្រុះ​គួរ​ឱ្យ​កត់សម្គាល់​ជាង​ឃ្លាំង​ស្តុក​ទឹក និង​ឱកាស​សេដ្ឋកិច្ច​ដ៏​សំខាន់ ព្រៃ​ឡង់​នៅ​តែ​ទទួល​រង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​អត្រា​កើនឡើង​មួយ​ខ្ពស់​។ ការ​កាប់​ឈើ​ខុសច្បាប់ និង​ការ​ជួញដូរ​សត្វព្រៃ​កំពុង​រីក​ខ្លាំង​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ និង​កើត​មាន​យ៉ាង​ប្រត្យក្ស​នៅ​ទូ​ទាំង​តំបន់​ព្រៃ​ឡង់​ក្នុង​អត្រា​មួយ​ខ្ពស់ ។

លោកស្រី Tracy Farrell បន្ត​ថា ប្រសិនបើ​មិន​មានការ​ធ្វើ​សកម្មភាព​ជា​បន្ទាន់​ណាមួយ​ដើម្បី​ការពារ​ព្រៃ​ឡង់​ទេ តំបន់​ព្រៃ​ដែល​មាន​ជីវៈចម្រុះ​ដ៏​មាន​តម្លៃ និង​សេវាកម្ម​ព្រៃឈើ​ដែល​ផ្តល់​កម្រៃ​ច្រើន​មួយ​នេះ​នឹង​ត្រូវ​បាត់បង់​ជា​រៀង​រហូត ៕