ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បង្ហាញ​ពី​ការ​គ្រប់គ្រង​ពលករ​ខ្មែរ​ត្រូវ​ចូលរួម​ទប់ស្កាត់​រាលដាល​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​បង្ហាញ​ព័ត៌មាន​ថៃ ពី​ការ​គ្រប់គ្រង​ពលករ​ខ្មែរ ក្នុង​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វី​ដ​-១៩ ខណៈ​ជំងឺ​នេះ​កំពុង​ផ្ទុះ​នៅ​ខេត្ត​​សា​មុត​សា​ខន​របស់​ប្រទេស​ថៃ ។ ការ​បញ្ជាក់​របស់​មន្ត្រី​ខ្ពស់​រដ្ឋាភិបាល បន្ទាប់​ពី​សម្ដេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​បង្ហាញ​ព័ត៌មាន​ថៃ ពី​ការ​គ្រប់គ្រង​ពលករ​ខ្មែរ ក្នុង​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វី​ដ​-១៩ ខណៈ​ជំងឺ​នេះ​កំពុង​ផ្ទុះ​នៅ​ខេត្ត​​សា​មុត​សា​ខន​របស់​ប្រទេស​ថៃ ។

ការ​បញ្ជាក់​របស់​មន្ត្រី​ខ្ពស់​រដ្ឋាភិបាល បន្ទាប់​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែធ្នូ បាន​ផ្ញើ​សារ​ពិសេស និង​បន្ទាន់​ជូន​បងប្អូន​ជនរួមជាតិ​ខ្មែរ និង​បងប្អូន​ប្រជា​ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ អំពី​ស្ថានភាព និង​ការ​ផ្ទុះ​ឡើង នូវ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​នៅ​ក្នុង​ប្រទេស​ថៃ ។

លោក​បណ្ឌិត​សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ នៅ​ថ្ងៃ​ទី​២១ ធ្នូ ឆ្នាំ​២០២០ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថៃ​មួយ​ចំនួន អំពី​បញ្ហា​នេះ ។ លោក​បណ្ឌិត បាន​លើក​ឡើង​ថា សារ​ពិសេស​របស់​សម្តេច​តេ​ជោ អំពី​ស្ថានភាព និង​ការ​ផ្ទុះ​ឡើង​នូវ​ការ​ឆ្លង​ជម្ងឺ​កូ​វី​ដ​-១៩​នៅ​ក្នុង​ប្រទេស​ថៃ រួម​ទាំង​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​ពលករ​ចំណាកស្រុក​ទាំងអស់​ឱ្យ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​អាជ្ញាធរ​ថៃ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វី​ដ​-១៩ បាន​ទាន់​ពេលវេលា ។

លោក​បន្ត​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​តែ​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ សូម​ទុកចិត្ដ​ចំពោះ​រាជរដ្ឋាភិបាល​ថៃ​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​១៩ ហើយ​មិន​ត្រូវ​រត់​ចេញពី​ប្រទេស​ថៃ ក្នុង​ពេល​ដែល​ថៃ​កំពុង​ជួប​ការ​លំបាក​នា​ពេល​នេះ​ទេ ដែល​មួយ គឺជា​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ និង​មួយទៀត​ចៀសវាង​ការ​បាត់បង់​ការងារ និង​មួយទៀត​ចៀសវាង​នាំ​ចូល​ជំងឺ​មក​កម្ពុជា ក្នុង​ករណី​ដែល​អាច​មាន ។

ជាមួយ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ដល់​ឪពុក​ម្ដាយ និង​ក្រុម​គ្រួសារ ដែល​មាន​សាច់ញាតិ​ធ្វើការ​នៅ​ប្រទេស​ថៃ សូម​ជួយ​លើកទឹកចិត្ដ​ឲ្យ​ពួក​គាត់​បន្ដ​នៅ​ប្រទេស​ថៃ​មួយ​រយៈ​សិន ។ សម្តេច​តេ​ជោ ក៏​បាន​អំពាវនាវ​ចំពោះ​បងប្អូន​កម្មករ​កម្មការិនី​ដែល​កំពុងធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​សូម​ទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​ថៃ​ដែល​នឹង​គ្រប់គ្រង​នូវ​សភាពការណ៍​នេះ​,​ហើយ​រឿង​នេះ គឺ​ថៃ​ក៏​មានបទពិសោធន៍​ក្នុង​ការ​គ្រប់គ្រង​សភាពការណ៍​នេះ កាលពី​ពេល​មុន​ដែល​មក​ដល់​ពេល​នេះ​ប្រទេស​ថៃ​ទើបតែ​មាន​មនុស្ស​ឆ្លង​ចំនួន ៤៩០៧ នាក់ ហើយ​អ្នក​ស្លាប់មាន​ត្រឹម ៦០ នាក់​ប៉ុណ្ណោះ ដែល​អាច​ចាត់​ទុក​ថា ជា​ប្រទេស​ដែល​គ្រប់គ្រង​បាន​ល្អ ។

ដូច្នេះ​សូមកុំ​អាល​ចូល​មក​ក្នុង​ប្រទេស​សិន ហើយ​ក្នុង​រយៈពេល​នេះ បងប្អូន​មួយ​ចំនួន​ដែល​ត្រូវការ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ដោយ​ស្របច្បាប់​ក្តី​ដោយ​មិន​ស្របច្បាប់​ក្តី សូម​ផ្អាក​ការ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ បើ​ចូល​ទៅ​ដោយ​ខុសច្បាប់ គឺ​ថៃ និង​ចាប់​បញ្ជូន​ត្រឡប់​មក​វិញ​,​ហើយ​ចូល​ទៅ​ស្របច្បាប់​នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​ប្រទេស​ថៃ ។

អាជ្ញាធរ​ពាក់ព័ន្ធ និង​ខេត្ត​ផ្សេង​ៗ​បាន និង​ធ្វើការ​ជាមួយនឹង​ភាគី​ថៃ និង​ការ​ទទួលខុសត្រូវ​ចំពោះ​ពលករ​កម្ពុជា​ដែល​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ និង​ត្រូវ​ចំណាយ​ឲ្យ​ភាគី​ថៃ​ស្រប​ទៅ​តាម​កិច្ចការ​ផលប្រយោជន៍​ដែល​កម្មករ​កម្ម​ការ​នី​ទទួល​បាន​ក្នុង​ពេលវេលា​ដែល​គេ​ឈឺ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ