ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​វគ្គ​បំ​ប៉​ន​គ្រូបង្វឹក​កីឡា​វាយ​សី​កម្រិត​1

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វគ្គ​បំប៉ន​គ្រូបង្វឹក​កីឡា​វាយ​សី​កម្រិត​១ ដែល​បាន​ចាប់ផ្តើម​ធ្វើ​តាំងពី​ថ្ងៃ ទី​២២ មិថុនា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​ពិធី​បិទ​ត្រូវ​បាន​រៀបចំ​ធ្វើ​កាលពី​ថ្ងៃ​ទី​៣០

រាជធានី​ភ្នំពេញ ៖ វគ្គ​បំប៉ន​គ្រូបង្វឹក​កីឡា​វាយ​សី​កម្រិត​១ ដែល​បាន​ចាប់ផ្តើម​ធ្វើ​តាំងពី​ថ្ងៃ ទី​២២ មិថុនា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​ពិធី​បិទ​ត្រូវ​បាន​រៀបចំ​ធ្វើ​កាលពី​ថ្ងៃ​ទី​៣០ មិថុនា ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ។

តាម​របាយការណ៍​របស់​គណៈ​គ្រប់គ្រង​វគ្គ​បានឱ្យ​ដឹង​ថា វគ្គ​បំប៉ន​នេះ​រៀបចំ​ឡើង​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​របស់​សហព័ន្ធ​កីឡា​វាយ​សី​អាស៊ី និង​មាន​សិក្ខាកាម​ចូលរួម​ចំនួន​៣២​នាក់ មក​ពី​តាម​បណ្តា​ក្លិប និង​សមាគម​នានា​ចំនួន​១៥ ទូ​ទាំង​ប្រ​ទស ។

វគ្គ​បំប៉ន​ដ៏​មាន​សារសំខាន់​មួយ​នេះ​ទទួល​បានការ​ចូលរួម​ពី​លោកគ្រូ Sambenthan Sivape Vumal ជនជាតិ​ម៉ា​ឡេ​ស៊ី ជា​មន្ត្រី​អភិវឌ្ឍន៍​របស់​សហព័ន្ធ​កីឡា​វាយ​សី​អាស៊ី និង​ជា​អ្នកសម្របសម្រួល​របស់​សហព័ន្ធ​កីឡា​វាយ​សី​ពិភពលោក ។

ក្រោយ​ពី​បាន​ចូលរួម​វគ្គ​បំប៉ន​រយៈពេល​៩​ថ្ងៃ ដែល​មានការ​សិក្សា​ទ្រឹស្តី និង​ការ​អនុវត្ត​ជាក់ស្តែង​នៅ​លើ​ទីលាន​រួច​មក តាម​ការ​វាយតម្លៃ​ជា​ទូទៅ​បង្ហាញ​ឱ្យ​ឃើញ​ថា សិក្ខាកាម​ទទួល​បាន​លទ្ធផល​ល្អ​មាន​ចំនួន​៦០% មធ្យម​៣០% និង​បឋម​១០% ។ ក្រោយ​ពី​បញ្ចប់​វគ្គ​បំប៉ន​នេះ​ទៅ សិក្ខាកាម​ទាំងអស់​បាន​ប្តេជ្ញា​ថា នឹង​យកចំណេះ​ដឹង​ទាំងនេះ​ទៅ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​កីឡា​វាយ​សី​នៅ​តាម​ក្លិប សាលារៀន និង​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​មាន​សក្តានុពល​ដូច​ជា​បណ្តា​ប្រទេស​ជិតខាង​នៅ​ក្នុង​តំបន់ ។

លោក​ឧត្តមសេនីយ៍ឯក លី កុសល បាន​មាន​ប្រសាសន៍​ថា វគ្គ​បំប៉ន​នេះ​ថ្វី​ដ្បិតតែ​មាន​រយៈពេល​ខ្លី​មែន បុ​៉​ន្តែ​លោក​សង្កេត​ឃើញ​ថា សិក្ខាកាម​ទាំងអស់​មានការ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ត្រងត្រាប់​ស្តាប់​យ៉ាង​ខ្លាំង​នូវ​ខ្លឹមសារ​មេរៀន មិន​តែ​បុ​៉​ណ្ណោះ​ថែម​ទាំង​បាន​លះបង់​ពេលវេលា​ដ៏​មាន​តម្លៃ​មក​ចូលរួម​ដោយ​ពុំ​គិត​ពី​ការ​នឿយហត់​ឡើយ ។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា វគ្គ​នេះ​ជា​ថ្នាល​បណ្តុះបណ្តាល​ថ្មី​មួយទៀត និង​ជា​លើក​ទី​៣​ហើយ​សម្រាប់​វគ្គ​គ្រូ​កម្រិត​១ ។ អ្វី​ដែល​ពិសេស​ជាង​វគ្គ​មុន​នោះ​គឺ​នៅ​ត្រង់​ថា វគ្គ​នេះ​បាន​ប្រារព្ធ​ចំ​ពេល​ដែល​សហព័ន្ធ​ទទួល​ជំនួយ​ជា​រ៉ាកែត​ពី​សមាគម​កីឡា​វាយ​សី​ហុងកុង ដើម្បី​ចែក​ជូន​ទៅ​តាម​សាលា ។ ទន្ទឹម​នឹង​នោះ ក្រុមការងារ​ផ្សព្វផ្សាយ​កីឡា​វាយ​សី​របស់​សហព័ន្ធ​វាយ​សី​ពិភពលោក​មានឈ្មោះ​ថា Badminton Unlimited បាន​ចុះ​មក​ថត​ជា​ខ្សែ​វី​ដេ​អូ​អំពី​សកម្មភាព​បំផុស​កីឡា​វាយ​សី​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក​ផង​ដែរ ៕