ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កងទ័ព ៧០​គ្រឿង ចេញ​ទាំងយប់ ទៅ​ព្រំដែន​អូរ​ស្មាច់ ដូង និង​ប៉ោយប៉ែត

3 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា រថយន្ត​កងទ័ព ៧០​គ្រឿង នឹង​ចេញទៅ​ព្រំដែន​យប់​នេះ ចំនួន ៣​ច្រក…

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា រថយន្ត​កងទ័ព ៧០​គ្រឿង នឹង​ចេញទៅ​ព្រំដែន​យប់​នេះ ចំនួន ៣​ច្រក ដើម្បី​ត្រៀម​ដឹក​ពលករ​ខ្មែរ មកពី​ថៃ តាម​ច្រកព្រំដែន​អូរ​ស្មាច់ ដូង និង​ប៉ោយប៉ែត​។​

​ក្នុង​សារ​ជា​សំឡេង កាលពី​ព្រលប់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស ណែនាំ​ឲ្យ​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ថៃ ត្រូវ​រៀបចំ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ព្រំដែន ដើម្បី​ត្រៀម​ទទួល​ពលករ​ខ្មែរ ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា នៅថ្ងៃនេះ សម្តេច បាន​បញ្ចេញ​ថវិកា ៥០​លាន​រៀល ក្នុង ១​ខេត្តៗ នៅ​ខេត្ត​ជាប់​ព្រំដែន បន្ថែម​លើ​ថវិកា​កន្លងមក ដើម្បី​រៀបចំ​ធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​គ្រប់ ១៤​ថ្ងៃ នៅតាម​ខេត្ត​ជាប់​ព្រំដែន​ទាំងនោះ ដោយ​មិនអាច​បណ្តោយ​ឲ្យ​ចូលមក​ពេញ​ផ្ទៃ​ប្រទេស​បានទេ​។ ដូច្នេះ​នៅពេល​បងប្អូន​ពលករ​យើង វិលត្រឡប់​មកពី​ប្រទេស​ថៃ ចូល​មកដល់​ប្រទេស​កម្ពុជា ក៏ត្រូវ​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា ក្នុង​សភាពការណ៍​ចំនួន​មនុស្ស ចូលមក​ហួសការ​គ្រប់គ្រង​យើង​ត្រូវ​បញ្ចេញ​កងទ័ព ទៅ​ជួយ​អន្តរាគមន៍ ដើម្បី​ទៅ​ដឹកជញ្ជូន​មក​ខាង​ក្រោយ​។ ដោយ​ទទួល​ព័ត៌មាន​ពី​អគ្គបញ្ជាការ​កងទ័ព និង​មេបញ្ជាការ​កងទ័ពជើងគោក គឺ​រថយន្ត​កងទ័ព ចំនួន ៧០​គ្រឿង នឹង​ចេញទៅ​យប់​នេះ ចំនួន ៣​ច្រក ដែល​បាន​ត្រៀម​ទុក គឺ​នៅ​អូរ​ស្មាច់ ដូង និង​ប៉ោយប៉ែត​។

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា យើង​មិន​អនុញ្ញាត​ឲ្យ​បងប្អូន ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ ធ្វើដំណើរ​ដោយ​រថយន្ត​តាក់ស៊ី ឬ​បែកខ្ញែក ដែល​មិនអាច​គ្រប់គ្រង​បាន នាំទៅដល់​ហានិភ័យ​នៃ​ការឆ្លង​ចូល​សហគមន៍ ដោយ​យើង​មិន​បានដឹង​នោះទេ​។ ដូច្នេះ​កងទ័ព នឹងត្រូវ​ទទួលបន្ទុក​ក្នុងការ​ដឹកជញ្ជូន​បង​ប្អូន​ទាំងនេះ រាប់ទាំង​ការផ្គត់ផ្គង់ ដោយ​សហការ​ជាមួយ​អាជ្ញាធរខេត្ត​ព្រំដែន នគរបាល និង​អាវុធហត្ថ នៅតាម​ច្រកព្រំដែន​ទាំងបី​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស ដោយ​ជ្រើស​យក​បទពិសោធន៍​កាលពី​ខែមេសា ដែលមានពលករកម្ពុជា ចូលមកជាង ១២ម៉ឺននាក់​ ដោយ​ពេលនេះ យើង​ត្រូវ​បំ​ព្រួញ​ច្រកចេញចូល មក​នៅត្រឹម ៣​ច្រក​ គឺ​អូរ​ស្មាច់ ដូង និង​ប៉ោយប៉ែត ដើម្បី​ងាយស្រួល​គ្រប់គ្រង និង​ដឹកជញ្ជូន​។ ចំណែក​អ្នកចូលមកតាមច្រក​របៀង ត្រូវធ្វើចត្តាឡីស័ក នៅតាមច្រកព្រំដែននោះ ហើយបើច្រើន ត្រូវទាក់ទងកងទ័ព ដើម្បីដឹកជញ្ជូន​អ្នកទាំងនោះ។

សម្តេចតេជោ ក៏បានបញ្ជាឲ្យក្រសួងសុខាភិបាល បញ្ចេញម៉ាសក្រណាត់ និងម៉ាសធម្មតា ទៅតាមបណ្តាខេត្តជាប់ព្រំដែន ពិសេស​នៅច្រកព្រំដែនទាំង ៣ អូរស្មាច់ ដូង និងនៅប៉ោយប៉ែត៕