ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ កុំ​ចល័ត​ឆ្លងដែន ពេលនេះ​!

3 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ នៅ​ព្រលប់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​សារ​ជា​សំឡេង ផ្ញើជូន​បងប្អូន​ជនរួមជាតិ អំពី…

​ភ្នំពេញ​៖ នៅ​ព្រលប់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​សារ​ជា​សំឡេង ផ្ញើជូន​បងប្អូន​ជនរួមជាតិ អំពី ស្ថានភាព និង​ការ​ផ្ទុះឡើង​នូវ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​ថៃ រួមទាំង​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ដើម្បី​ទប់ស្កាត់​បង្កា​ជំងឺ​កូ​វីដ​១៩​។​

​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា នៅ​ប្រទេស​ថៃ ពេលនេះ ឆ្លង ១​ថ្ងៃ ចំនួន ៥៧៦​នាក់​។ បើ​គិត​ជា​ចំនួន​ប្រជាជន​ថៃ​សរុប គឺ​ចំនួន​នេះ មិនជា​ធ្ងន់ធ្ងរ​ទេ ក្នុងប្រទេស​ថៃ​។ តែ​វា​បាន​បង្កើត ជា​បញ្ហា​ចិត្តសាស្ត្រ​ដល់​ពលករ​ខ្មែរ ដែល​កំពុងធ្វើការ នៅក្នុង​ប្រទេស​ថៃ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករ​កម្មការិនី ដែល​កំពុងធ្វើការ​ក្នុងប្រទេស​ថៃ សុំ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​ថៃ​។ ថៃ ដែលមាន​បទពិសោធន៍​ទប់ទល់​នឹង​ជំងឺ​កូ​វីដ​១៩ កន្លងមក​។ ក្នុងប្រទេស​ថៃ មកដល់​ថ្ងៃទី​២០ ខែធ្នូ​នេះ ទើបតែ​មាន​អ្នក​ឆ្លង ចំនួន ៤៩០៧​នាក់ និង​ស្លាប់ ៦០​នាក់ ដែល​អាច​ចាត់ទុកថា ជា​ប្រទេស ដែល​គ្រប់គ្រង​កូ​វីដ​បានល្អ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​អំពាវនាវ សូម​ឲ្យ​បងប្អូន​ពលករ​ខ្មែរ ជឿ​លើ​សមត្ថកិច្ច​របស់​ថៃ ហើយ​មិនគួរ​រត់​ចាក​ចេញពី​ប្រទេស​ថៃ ក្នុងពេល​ថៃ មានការ​លំបាក​។ ដូច​សម្តេច ដែល​ធ្លាប់​ប្រកាសថា ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ ក្នុង​គ្រា​លំបាក​។​

​ដូច្នេះ​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា យើង​គួរតែ​ស្ថិតនៅ​ទីនោះ ម្ខាង​ដើម្បី​រក្សា ការពារ​ខ្លួន នៅនឹងកន្លែង​។ មួយផ្នែក​ទៀត ជៀសវាង​ការនាំ​ចូលមក​ក្នុងប្រទេស​កម្ពុជា​យើង ប្រសិនបើ​មាន​កូ​វីដ​។ នេះ​ជាការ​អំពាវនាវ​ទៅកាន់​បងប្អូន​ពលករ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​ថៃ​។

​សម្តេច​តេ​ជោ ក៏បាន​យក​ឱកាស​នេះ អំពាវនាវ​ទៅកាន់​ក្រុមគ្រួសារ ឪពុកម្តាយ ដែលមាន​កូនចៅ ប្តី​ប្រពន្ធ​បងប្អូន ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​ថៃ លើកទឹកចិត្ត​ឲ្យ​បន្តធ្វើ​ការ​នៅ​ប្រទេស​ថៃ​ទៀត ដើម្បី​រក្សា​ឲ្យ​បានការ​ងារ​ធ្វើ​របស់​យើង​នៅ​ទីនោះ​។​

​សម្តេច​តេ​ជោ សង្ឃឹមថា បងប្អូន​ពលរដ្ឋ​ខ្មែរ​យើង នៅ​បន្តធ្វើ​ការងារ​នៅ​ទីនោះ ជាមួយនឹង​ប្រជាជន​ថៃ​។ បើសិនជា​យើង​ចល័ត ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ ពិតជា​មិនល្អ​ទេ​។ ក្នុង​រយៈពេល​នេះ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ក៏​សូម​ពន្យារ​ការចូល​ទៅកាន់​ប្រទេស​ថៃ​សិន​។ បើ​ចូល ដោយ​ខុសច្បាប់ ក៏​កាន់តែ​លំបាក ដោយ​ត្រូវ​ថៃ ចាប់បញ្ជូន​មកវិញ ហើយ​បើទោះបីជា​ចូល​ត្រូវ​ច្បាប់ ក៏ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ ដែរ​៕​