ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រែក្លាយ​តំបន់​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​គិរី​រម្យ​ឱ្យ​កាន់តែ​មាន​សក្តានុពល

8 ឆ្នាំ មុន

ខេត្ត​កំពង់់​ស្ពឺ ៖ រាជរដ្ឋាភិបាល បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា នៅ​រមណីយដ្ឋាន​វី​គិរី​រម្យ ផា​ញ​រី​សត និង​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ក្នុង​តំបន់​អភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ​គិរី​រម្យ​ក្រោម​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន A 2 A Town Cambodia LTd

ខេត្ត​កំពង់់​ស្ពឺ ៖ រាជរដ្ឋាភិបាល បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា នៅ​រមណីយដ្ឋាន​វី​គិរី​រម្យ ផា​ញ​រី​សត និង​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ក្នុង​តំបន់​អភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ​គិរី​រម្យ​ក្រោម​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន A 2 A Town Cambodia LTd ។

លោក សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា និង​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ក្នុង​តំបន់​រមណីយដ្ឋាន​គិរី​រម្យ កាលពី​ថ្ងៃ​ទី​២៧ មិថុនា​ថា នៅ​ខេត្តកំពង់ស្ពឺ​មិន​អាច​ពឹងផ្អែក​តែ​ទៅ​លើ​ការ​ដាំ​ស្រូវ​សម្រាប់​ប្រកួតប្រជែង​ជាមួយ​តំបន់​បាន​ទេ ប៉ុន្តែ​ខេត្តកំពង់ស្ពឺ​ជា​កន្លែង​ដែល​សម្បូរ​តំបន់​ទេសចរណ៍ ដូច្នេះ​យើង​ត្រូវធ្វើ​វា​ឲ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្តានុពល​ដែល​ជា​ឱកាស​មាសប្រាក់​សម្រាប់​ប្រជាជន​ក្នុង​ខេត្ត​នេះ ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា «​ឧទាហរណ៍​គិរី​រម្យ​នេះ​ស្រាប់ គឺជា​កន្លែង​រក​លុយ​របស់​ខេត្តកំពង់ស្ពឺ ហើយ​គិរី​រម្យ​ជា​កន្លែង​ទេសចរណ៍​បែប​ថ្មី​មួយ​ដែល​កាលពីមុន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ចិត្ត​ទៅ​ទស្សនា​អង្គរវត្ត មើល​ប្រាង្គ​ប្រាសាទ​របស់​យើង ។ ឯ​នៅ​គិរី​រម្យ​នេះ​ជនបរទេស​មិន​ច្រើន​ទេ​ដែល​មក​ទស្សនា​គឺ​ខ្មែរ​យើង​ច្រើន​ជាង​បរទេស ហើយ​អ្នក​ដែល​មក​នោះ​ភាគច្រើន មក​ជា​លក្ខណៈ​គ្រួសារ គឺ​ចំណុច​នេះ​ហើយ​ដែល​យើង​ត្រូវការ​នោះ និង​ជា​ឱកាស​រក​ប្រាក់​សម្រាប់​អ្នក​ខេត្តកំពង់ស្ពឺ​»​។

ជាមួយ​គ្នា​នេះ​ដែរ លោក សាយ សំ​អាល់ ក៏​បាន​ថ្លែងអំណរគុណ​ម្ចាស់​ក្រុមហ៊ុន A 2 A Town Cambodia LTd ដែល​បាន​អភិវឌ្ឍ​នៅ​លើ​ភ្នំ​គិរី​រម្យ​នេះ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។ លោក​ទទួលយក​សំណូមពរ​របស់​ក្រុមហ៊ុន ដែល​បាន​ស្នើ​សុំ​ក្រសួង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាច​ដឹក​ភ្ញៀវ​តាម​ឧទ្ធម្ភាគចក្រ​ត្រង់​ពី​ភ្នំពេញ ដោយ​ក្រសួង​នឹង​ឲ្យ​គេ​ធ្វើ និង​ពង្រីក​ចំណត​យន្តហោះ​នៅ​លើ​ខ្នងភ្នំ​ដែល​មាន​ស្រាប់​ពី​ជំនាន់​ព្រះ​បរម​រតន​កោដ្ឋ ឲ្យ​កាន់តែ​ធំ​បន្ថែម​ទៀត ងាយស្រួល​អាច​ចុះ​ចត​និង​ផ្ទុក​ឧទ្ធម្ភាគចក្រ​បាន​ច្រើន​គ្រឿង ។

លោកស្រី កេ​ត រ៉ា​ឌី នាយិកា​ក្រុមហ៊ុន TOP Whisky (Cambodia) Co.,Ltd, បាន​មាន​ប្រសាសន៍​ថា កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១១​កន្លង​ទៅ ក្រុមហ៊ុន​វិនិយោគ​ធំ​មួយ​មក​ពី​ប្រទេស​ជប៉ុន ដែល​មាន​លោក​អុ​ី​ស៊ូ​កា តា​កា​ស៊ី ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន A 2 A Town Cambodia LTd បាន​បោះទុន​វិនិយោគ​សរុប​ចំនួន​ប្រហែល​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ជាមួយ​ដៃគូ​កម្ពុជា អភិវឌ្ឍ​តំបន់​ទេសចរណ៍ធម្មជាតិ​នេះ ដើម្បី​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​តាម​រយៈ​ការ​អភិវឌ្ឍ​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ ដ៏​ស្រស់​ល្អ​ត្រកាល​នេះ ។

លោកស្រី​បន្ត​ថា ប​ច្ចប្ប​ន្ន ក្រុមហ៊ុន​បាន​និង​កំពុង​ប្រែក្លាយ​តំបន់​នេះ​ឲ្យ​កាន់តែ​សំបូរ​បែប ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ និង​ចូលរួម​ចំណែក​លើកតម្កើង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឲ្យ​មាន​សន្ទុះ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ។

ចំណែក​លោក អុ​ី​ស៊ូ​កា តា​កា​ស៊ី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន A 2 A Town Cambodia LTd មាន​ប្រសាសន៍​ថា គិរី​រម្យ​ជា​កន្លែង​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​ដាក់​ឈ្មោះ​នៅ​តំបន់​ទេសចរណ៍​មួយ​នេះ​ថា «​វី​គិរី​រម្យ​» ដែល​មាន​ន័យ​ថា គិរី​រម្យ​សម្រាប់​សេចក្តីសុខ​សាន្ត​របស់​មនុស្ស​គ្រប់​ថ្នាក់ ។
លោក​បន្ត​ថា ដើម​ស្រល់​នៅ​គិរី​រម្យ​វាស្រ​ដៀង​ដើមកា​ហ្កា​វ៉ា នៅ​ប្រទេស​ជប៉ុន ដូច្នេះ​ហើយ​យើង​ទាំងអស់​គ្នា​ត្រូវ​ថែរក្សា​បរិស្ថាន​នៅ​ក្នុង​វី​គិរី​រម្យ​នេះ​ឲ្យ​បាន​ល្អ នេះ​ជា​គោលការណ៍​មូលដ្ឋាន​របស់​យើង ។

សូម​បញ្ជាក់​ថា រមណីយដ្ឋាន​គិរី​រម្យ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន A 2 A Town Cambodia LTd អភិវឌ្ឍ​ទៅ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ ដែល​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ មាន​ចំនួន ២.០០០​ហិ​កតា ។ ដើម្បី​អភិវឌ្ឍន៍​តំបន់​នេះ​ឲ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ​ពេញលេញ​នោះ ក្រុមហ៊ុន​បាន​រៀបចំ​អភិវឌ្ឍន៍​ចំនួន​២​ដំណាក់កាល ។

ដំណាក់កាល​ទី​១-​ចាប់ផ្តើម​រហូត​ដល់​បច្ចុប្បន្ន ក្រុមហ៊ុន​បាន​សាងសង់​បឹង​កា​ឡូ​ចំនួន​៤, ភោជនីយដ្ឋាន​១, អគារ​លោកគ្រូ អ្នកគ្រូ​ស្នាក់​នៅ​១, ផ្ទះ​វីឡា​គំរូ​១, អគារ​លក់​គ្រឿង​វត្ថុ​អនុ​ស្សារី​យ៍​១, អគារ​បោកគក់​ខោអាវ​១, ផ្ទះ​តង់​ទំនើប​៤, ខ្ទម​ខ្មែរ​១២, ភូមិ​កម្មករ​មួយ​កន្លែង​មាន​១២​ផ្ទះ​, ផ្ទះ​គំរូ​តូច​៦, ផ្ទះ​ទទួល ភ្ញៀវ​១, ទីតាំង​បោះជំរំ​ចំនួន​១៤០​កន្លែង​, ស្ថានីយ​ចម្រោះ​និង​ផ្គត់ផ្គង់​ទឹក​ស្អាត​១​កន្លែង​, ទីតាំង​កសិកម្ម​១​កន្លែង​, ទីលានកីឡា​៤​កន្លែង​, អង់​តែ​ន​វិទ្យុទាក់ទង​១ និង​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង​៩​គីឡូម៉ែត្រ ។

ដំណាក់កាល​ទី​២-​ក្នុង​រយៈពេល​២០​ឆ្នាំ ក្រុមហ៊ុន​នឹង​មានការ​សាងសង់​សំណង់​ចំនួន ២.២០៨​អគារ​ថែម​ទៀត ៕