ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​​វរសេនាតូច​ការពារព្រំដែន​លេខ​​៦១៩ ទទួល​បាន​វគ្គ​ហ្វឹក​ហ្វឺន​​រយៈ​ពេលខ្លី

15 ឆ្នាំ មុន

​ខេត្តក្រចេះ ៖ នៅ​ទីបញ្ជា​ការ​​វរសេនាតូច​​ការ​ពារព្រំដែន​​គោក​លេខ​​៦១៩ ​កាលពីព្រឹក​ថ្ងៃទី​​៣ មីនា មានរៀបចំ​ពិធីបើក​វគ្គ​បណ្តុះ​បណ្តាល​​ហ្វឹក​ហ្វឺន​​​នៅនឹង​កន្លែង​​​រយៈ​ពេល​ខ្លី​​ដល់នាយ​​ នាយ​រង និង​ពល​នគរបាល​ ​ក្រោមការ​អញ្ជើញ​​​ចូល​រួម​ជាអធិបតី​ភាព​ពីសំណាក់​​​លោក​វរ​សេនីយ៍​​ឯកយិន ចំណាន ​ស្នងការ​រង​​ទទួល​បន្ទុក​ព្រំដែន​​នៃ​ស្នងការ​ដ្ឋាននគរបាល​​ខេត្ត ។​

លោក​​វរសេនីយ៍​​​ទោ​ឃ្លាំង​ ណារឹទ្ធ ​នាយ​​​ការិ​យាល័យ​​បណ្តុះ​បណ្តាល​នៃស្នង​ការ​​ដ្ឋាននគរ​បាល​​ខេត្ត បាន​ឡើងអាន​របាយការណ៍​​ឱ្យ​​ដឹង​ថា ​ការបើក​វគ្គ​​បណ្តុះ​បណ្តាល​ហ្វឹកហ្វឺន​​​នា​ពេលនេះ​គឺ​មាន​រយៈ​ពេល​​​១៥​ថ្ងៃ ​ដែលមាន​​មុខជំនាញ​​សរុប​​​​៧វិញ្ញា​សា​ជំនាញ​​​ ក្នុង​នោះ​រួម​មាន ​​ជំនាញផ្នែក​​​​សេនាធិការ បទវិន័យ​​​របស់​កង​កម្លាំង​​នគរ​បាល​​​ជាតិ និ​ង​លំហាត់​​​របៀបផែនការ​​ការពារ​ព្រំ​ដែន​ ដើរ​ល្បាត​ព្រំដែន​​​ ការងារ​រដ្ឋ​បាល​​ និងសេនាធិ​ការ​​ជំនាញ​​ក្រម​ព្រហ្មទណ្ឌ​​ ជំនាញ​​អន្តោ​ប្រវេសន៍​​ជំនាញ​​ការងារ​ប្រឆាំ​​​ងការជួញដូរ​​​មនុស្ស និង​​ការ​​ពារ​​អនីតិជន ព្រមទាំង​​ជំនាញ​​ការងារ​ប្រឆាំង​​គ្រឿងញៀន ។​

​​មានប្រសាសន៍​​​ទៅកាន់​សិក្ខាកាម​នា​ព្រឹក​ថ្ងៃ​​បើក​វគ្គ​បណ្តុះ​បណ្តាល​នោះ​​​​ លោក​វរសេនីយ៍​​ឯក​យិន ចំណាន ស្នង​ការរង​​ទទួល​បន្ទុក​​ព្រំដែន​នៃ​ស្នង​ការ​​​ដ្ឋាន​​នគរបាល​​ខេត្ត​បានថ្លែង​ថា ​តបទៅ​តាម​គោល​​នយោបាយ​​​របស់​អគ្គ​​ស្នង​​ការ​នគរ​បាល​ជាតិ​ និង​ក្រោម​​ការ​យកចិត្ត​ទុកដាក់​​​ពី​សំណាក់​​លោក​ស្នង​ការ​​​​នគរបាល​​ខេត្ត មន្ត្រី​នគរបាល​ជា​សិក្ខាកាម​​ ​ទទួល​បាននូវវិជ្ជាជីវៈ លើ​​ជំនាញពិត​ប្រាកដ​​ប្រកប​​ដោយ​​​បច្ចេក​វិទ្យា​ទំនើប និង​មាន​​សមត្ថ​ភាពគ្រប់គ្រាន់​​​ ដើម្បី​បំពេញ​ភារកិច្ច​ក្នុង​ស្មារតី​​ទទួលខុសត្រូវខ្ពស់​ ​ការ​គោរព​ប្រតិបត្តិ​​ច្បាប់​​​ រក្សា​សន្តិសុខ​​ សណ្តាប់​ធ្នាប់​​សង្គម ​រក្សាការពារ​​​អាយុជីវិត​​ ទ្រព្យ​សម្បត្តិ​​​ និង​បម្រើ​​​សេវា​ជូនប្រជា​ពលរដ្ឋ​​ដោយ​មាន​​​ភាព​ស្មោះត្រង់​​​​ក្នុងទីតាំងឈរ​ជើង​​ ពិសេស​ទៅលើ​កិច្ច​​ប្រតិ​បត្តិ​ការ​​ការពារ​​សន្តិសុខ​ជាតិ ​និង​សន្តិសុខ​នយោ​បាយ ​ជាមួយនឹង​ការ​អនុវត្ត​​​តាម​​ទិសដៅ​​ផែនការ​ជា​យុទ្ធ​​​សាស្ត្រ​​​របស់​លោក​ឧត្តម​សេនីយ៍​​​ស្នងការ​​នគរ​បាល​ខេត្ត​​​សម្រាប់​​​​ឆ្នាំ​​​២០១១ ។​

លោក​វរសេនីយ៍​​ឯក​បាន​បន្ត​ថា ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​​ហ្វឹក​ហ្វឺន​​នៅនឹង​កន្លែង​​​រយៈ​ពេល​ខ្លី​នេះ​​ ដើម្បី​ឱ្យ​នាយ នាយ​រង ​និង​ពល​នគរបាល​​ការ​ពារ​ព្រំដែន​​ទាំងអស់​​​យល់ដឹង​​​កាន់តែ​ច្បាស់​​​អំពីភារកិច្ច និងតួនាទី​​របស់នគរ​បាលជាតិ ​ដូច្នេះ​សិក្ខាកាម​​ត្រូវយកចិត្តទុកដាក់​​រាល់​មុខ​​វិជ្ជា​វិញ្ញា​សា គោរព​គ្រូបង្គោល​​ឱ្យ​បាន​ម៉ឺង​​ម៉ាត់​​កុំ​ឱ្យ​​មាន​តែ​បរិមាណ​​គឺ​ឱ្យ​មានគុណ​​​ភាព​ត្រឹមត្រូវ​​ច្បាស់​លាស់ ៕​