ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​គ្រោះ​រាំង​ស្ងួត​អ្នក​ភូមិ​អង្គរ​ប្រារព្ធ​ពិធី «​ហៅ​ទឹកភ្លៀង​»ខណៈ​ព្រះសង្ឃ​កំពុង​សូត្រធម៌ ភ្លៀង​បង្អុរ​មក​យ៉ាង​ស័ក្តិសិទ្ធិ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ភូមិ​នៅ​តំបន់​អង្គរ​នៃ​ខេត្តសៀមរាប​តាំងពី​បុរាណ​មក​ដល់​បច្ចុប្បន្ន​នៅ​តែ​មាន​ជំនឿ​ប្រារព្ធ​ពិធី «​ហៅ​ទឹកភ្លៀង​» ខណៈ​ជួប​ភាពរាំងស្ងួត​ដើម្បី​បាន​ទឹកភ្លៀង​ប្រកប​របរ​កសិកម្ម និង​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។

រាជធានី​ភ្នំពេញ ៖ អ្នក​ភូមិ​នៅ​តំបន់​អង្គរ​នៃ​ខេត្តសៀមរាប​តាំងពី​បុរាណ​មក​ដល់​បច្ចុប្បន្ន​នៅ​តែ​មាន​ជំនឿ​ប្រារព្ធ​ពិធី «​ហៅ​ទឹកភ្លៀង​» ខណៈ​ជួប​ភាពរាំងស្ងួត​ដើម្បី​បាន​ទឹកភ្លៀង​ប្រកប​របរ​កសិកម្ម និង​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។

ពិធី «​ហៅ​ទឹកភ្លៀង​»​ត្រូវ​អ្នក​ភូមិ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​រក្សា ត​ៗ​គ្នា​រហូត​មក ។ ជាក់ស្តែង​កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ អ្នក​ឃុំ​លាងដៃ ស្រុក​អង្គរធំ រួម​គ្នា​ប្រារព្ធ​ពិធី​ហៅ​ទឹកភ្លៀង​នៅ​ប្រាសាទនាគព័ន្ធ ។ ប្រារព្ធ​ពិធី​នៅ​ប្រាសាទនាគព័ន្ធ ព្រោះ​ជា​ប្រាសាទ​ដែល​អ្នកស្រុក​ជឿ​ថា ជា​ប្រាសាទ​ស័ក្តិសិទ្ធិ​អាច​ផ្តល់​ទឹកភ្លៀង​តាម​ការ​បួងសួង​សុំ​របស់​ពួក​គាត់ ។ ពិធី​នោះ​ធ្វើ​ឡើង​លាយ​ចម្រុះ​គ្នា​រវាង​បែប​សាសនា និង​ទំនៀម​អ្នកស្រុក​ដែល​ចេះ​ចាំ ត​ៗ​គ្នា​មក ។

ពិធី​ហៅ​ទឹកភ្លៀង​រៀបចំ​ឡើង​រយៈពេល​២​ថ្ងៃ ដោយ​ថ្ងៃ​ដំបូង​គេ​រៀបចំ​ពិធី​ក្រុង​ពលី ប្រកាស​បួងសួង និង​សែន​គ្រឿង​សំណែន ផ្សេង​ៗ ក្នុង​គោលបំណង​សុំ​ទឹកភ្លៀង ខណៈ​ជួប​គ្រោះ​រាំង​ស្ងួត ។ ពិធី​បន្ត និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត​។ ព្រះសង្ឃ​ជាង​២០​អង្គ​ស្វាធ្យាយ​ព្រះ​បរិត្ត ផ្សេង​ៗ តែ​មាន​ព្រះ​បរិត្ត​មួយ ដែល​អាចារ្យ​អ្នក​រៀបចំ​កម្មវិធី​តែង​អារាធនា ដើម្បី​ឲ្យ​ព្រះសង្ឃ​ស្វាធ្យាយ មិន​ដែល​ខាន​នោះ​គឺ​«​ធម៌​មហាមេឃ​» ។ អាចារ្យ​បញ្ជាក់​ថា កាលណា​ព្រះសង្ឃ​សូត្រធម៌​មហាមេឃ​នោះ មហាមេឃ​នឹង​បង្អុរ​ភ្លៀង​ចុះ​មក​មិន​ខាន ។

មាន​ពិធី​មួយទៀត​ដែល​ត្រូវ​ប្រារព្ធ​ឡើង​បន្ទាប់​ពី​ចម្រើន​ព្រះ​បរិត្ត​ហើយ​នោះ គឺ​ពិធី​បញ្ចូល​រូប​។ ពិធី​បញ្ចូល​រូប​គឺ​មាន​រូប​ជា​ច្រើន​ចូល​ក្នុង​រូប​មេមត់ ដូច​ជា លោកតា​រាជ នៅ​អង្គរវត្ត លោកតា​ខួច នៅ​ប្រាសាទប្រែរូប តា​សុខ តា​សៅ តា​ដំបង​ដែក តា​ដំបងគ្រញូង នាង​ផាត់​សមុទ្ទ នាង​ខ្មៅ ស្វា​អង្គទ​ជាដើម ។ អ្នក​ចូល​រូប​មាន​ច្រើន ហើយ​សុទ្ធ​សឹង​ជា​មនុស្ស​ស្រី​។ ពេល​ចូល​រូប ម្តង​ៗ ផ្តើម​លាបម្សៅ​សេព​គ្រឿង​ស្រវឹង​ផ្សេង​ៗ និង​រាំ​ពត់ពេន​ទៅ​តាម​ចង្វាក់ភ្លេង ។

ក្នុងឆ្នាំនេះ មាន​រូប​ចំនួន​៤​ចូល​សណ្ឋិត គឺ​តា​ដំបង​ដែក ជម្ពូទ្វីប សំពៅ​មាស និង​ភុជង្គនាគ ។ ក្នុង​ចំណោម​រូប​សណ្ឋិត​ទាំងនោះ ជម្ពូទ្វីប​ហាក់​ខឹង​ជាងគេ ។ ក្រោយ​ពី​រាំ​ពត់ពេន​តាម​ចង្វាក់ភ្លេង​ហើយ ជម្ពូទ្វីប​បង្ហាញ​ទឹកមុខ​មាំ​ក្រញូវ ស្តីបន្ទោស ខ្លាំង​ៗ​ដល់​អ្នក​អង្គុយ​ក្បែរ ដែល​ជា​កូនចាបកូនព្រាប​ចាំ​សាកសួរ​សំណួរ ផ្សេង​ៗ ។ ពាក្យ​បន្ទោស​ទាំងនោះ​សង្កត់ធ្ងន់​ទៅ​លើ​ការ​បំផ្លិចបំផ្លាញ​ធម្មជាតិ ជា​ហេតុ​ធ្វើ​ឲ្យ​មហាមេឃ​បង្អុរ​ភ្លៀង​មិន​បាន​ល្អ និង​មិន​ត្រូវ​រដូវ​កាល ។ ក្រោយ​ពី​កូនចាប កូន​ព្រាប​អង្វរករ​ជា​ច្រើន​រួច​មក ទើប​ជម្ពូទ្វីប​ស្រាក​ខឹង​បន្តិច ហើយ​និយាយ​សម្តី​ស្រទន់​ជាង​មុន ។

ភាព​ស័ក្តិសិទ្ធិ​បាន​បង្ហាញ​ឡើង គឺ​នៅ​ពេល​ព្រះសង្ឃ​កំពុង​តែ​សូត្រធម៌ មហាមេឃ​បង្អុរ​ភ្លៀង​ចុះ​មក បន្តិច​ម្តង​ៗ ស្ទើរតែ​បញ្ចប់​ពិធី​មិន​ទាន់ ។ ទោះជា​យ៉ាងណា​ក្តី​ព្រះសង្ឃ​គ្រប់​អង្គ នៅ​តែ​សូត្រធម៌​បណ្តើរ បាំង​ភ្លៀង​បណ្តើរ​រហូត​ដល់​សូត្រធម៌​ចប់ ។ លុះ​ពេល​ព្រឹក​ឡើង​រៀប​ចង្ហាន់​ប្រគេន​ព្រះសង្ឃ និង​រាប់បាត្រ​តាម​ទំនៀម​ព្រះពុទ្ធ​សាសនា ។

ចុង​ក្រោយ​នៃ​កម្មវិធី អាចារ្យ​នាំ​អ្នកស្រុក​ដើរ​ប្រទក្សិណ​ប្រាសាទនាគព័ន្ធ ៣​ជុំ ដោយ​ចាក់ទឹក​លើ​ក្បាល​ទ (​អ្នកស្រុក​ហៅ​ថា រន្ធ​រាហូ​) ដែល​នៅ​តាម​ទិស​ទាំង​បួន ។ មិនតែប៉ុណ្ណោះ អ្នកស្រុក​ក្មេង​ចាស់​លេង​ជះ​ទឹក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ខ្លះ​ច្រៀង ខ្លះ​រាំ សប្បាយ​ក្អាកក្អាយ ហាក់ដូចជា​ភ្លៀង​កំពុង​បង្អុរ​ចុះ​មក ៕